ទំហំការិយាល័យកើនឡើងជិត1លានម៉ែត្រការ៉េ

ភ្នំពេញៈ ទំហំអគារការិយាល័យ និងតម្រូវការប្រើប្រាស់អគារការិ​យាល័យបាន និងកំពុងកើនឡើងព្រមគ្នាស្របពេលការផ្គត់ផ្គង់អគារការិ​យាល័យបានកើនឡើងរហូតដល់ជិត1លានម៉ែត្រការ៉េនៅក្នុងរាជធានីភ្នំពេញ។

យោងតាមការសិក្សារបស់ក្រុមហ៊ុនប៊ុណ្ណារៀលធីគ្រុបដែលបានបញ្ចប់កាលពីពេលថ្មីៗនេះបានឲ្យដឹងថា គិតរហូតមកដល់ដំណាច់ឆមាសទី1ឆ្នាំនេះ ទំហំអគារការិយាល័យកម្រិតAកើនឡើងជាង34ម៉ឺនម៉ែត្រការ៉េ ការិយាល័យប្រភេទBកើនឡើងជាង30ម៉ឺនម៉ែត្រការ៉េ និងទំហំការិ​យាល័យកម្រិតC មានទំហំកើនឡើងដល់ជាង20ម៉ឺនម៉ែត្រការ៉េ។ តម្លៃ​ការិយាល័យកម្រិតA មានតម្លៃចន្លោះពី30ទៅ40ដុល្លារការិយា​ល័យកម្រិតBមានតម្លៃចាប់ពី12ទៅ30ដុល្លារ និងការិយាល័​យកម្រិតCមានតម្លៃចាប់ពី8ទៅ12ដុល្លារក្នុងមួយម៉ែត្រការ៉េ។

ការសិក្សាដដែលបានរកឃើញថា តម្រូវការការិយាល័យធ្វើការបន្តកើនឡើងដោយសារការមកដល់នូវក្រុមហ៊ុនថ្មីៗកាន់តែច្រើន ដែលបានធ្វើឲ្យតម្លៃជួលមានកំណើនចន្លោះពី5ទៅ10ភាគរយផងដែរ។

លោក ប៉ែន សុខគានាយកផ្នែកវាយតម្លៃនៃក្រុមហ៊ុនប៊ុណ្ណារៀលធីគ្រុបបានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី8 សីហានេះថា ទីផ្សារការិយាល័យនៅតែមានភាពល្អប្រសើរដោយសារការផ្គត់ផ្គង់មិនទាន់​លើសតម្រូវការនោះទេហើយការចូលមកដល់នៃក្រុមហ៊ុនថ្មីៗបានធ្វើឲ្យតម្រូវការជួលការិយាល័យមានការកើនឡើង។ លោកបន្តថាវិស័យនេះ​នៅតែបង្ហាញសញ្ញារឹងមាំ និងជាពេលវេលាល្អសម្រាប់ការវិនិយោគ។

ការវិនិយោគអគារការិយាល័យជាការវិនិយោគល្អមួយព្រោះអគារការិយាល័យមានតម្រូវការច្រើន ហើយការវិនិយោគលើអគារបែបនេះមិនសូវចំណាយប្រាក់ច្រើនលើការរចនាផ្នែកខាងក្នុងអគារនោះទេ៕

Advertisement