ផ្សារចាស់ៗក្នុងស្រុកកាន់តែប្រឈមនឹងការលំបាកខ្លាំង

ភ្នំពេញៈ ការប្រកួតប្រជែងក្នុងបរិបទទីផ្សារសេរី និងចរន្តនៃការមកដល់នូវផ្សារទំនើបធំៗកាន់តែច្រើនបានធ្វើឲ្យផ្សារបែបប្រពៃណី និងផ្សារចាស់ៗក្នុងស្រុកកាន់តែស្ងប់ស្ងាត់។

តាមរយៈការសិក្សារបស់ក្រុមហ៊ុនប៊ុណ្ណារៀលធីគ្រុបដែលបានបញ្ចប់កាលពីពេលថ្មី​ៗនេះបានរកឃើញថា ផ្សារបែបប្រពៃណីលក់រាយ ដូចជាផ្សារអូឡាំពិក ផ្សារអូរឫស្សី ផ្សារទួលទំពូង​ និងផ្សារធំថ្មីជាដើមបាន និងកំពុងប្រឈមនឹងការប្រកួតប្រជែងកាន់តែខ្លាំង និងធ្វើឲ្យផ្សារទាំងនោះកាន់តែស្ងប់ស្ងាត់ទៅៗ។ ការសិក្សាដដែលបានរកឃើញថាការថយចុះនូវចំនួនភ្ញៀវ គឺមួយផ្នែកដោយសារបញ្ហាហេដ្ឋារចនាសម្ព័ន្ធ ចំណតយានយន្ត​ និងការរចនាម៉ូដរបស់ផ្សារមិនមានភាពទាក់ទាញ និងមួយផ្នែកទៀតដោយ​​សារការកើនឡើងនូវវត្តមានផ្សារទំនើបនានាកាន់តែច្រើន។

ការសិក្សាដដែលបានរកឃើញទៀតថា ការថមថយនូវការលក់នេះមួយផ្នែកក៏ដោយសារតែក្រុមហ៊ុនរបស់ថៃធំៗ និងក្រុមហ៊ុនដទៃទៀតបានពង្រីកការលក់ផលិត​ផលរបស់ពួកគេទៅដល់តាមបណ្តាស្រុកនៅតាមខេត្តនានាដែលធ្វើឲ្យចំនួនអ្នក​មកទិញទំនិញនៅក្រុងភ្នំពេញធ្លាក់ចុះផងដែរ។

លោក ប៉ែន សុខគា ប្រធានផ្នែកវាយតម្លៃនៃក្រុមហ៊ុនប៊ុណ្ណារៀលធីគ្រុបបានថ្លែងឲ្យដឹងថាមិនត្រឹមតែផ្សារបែបប្រពៃណីទេ សូម្បីតែផ្សារទំនើបតូចៗដូចជា City Mall, Sovanna Mall, Sorya shopping Mall និងផ្សារទំនើបដទៃទៀតក៏មាន​សភាពស្ងប់ស្ងាត់ផងដែរ។ លោកបន្តថាការផ្គត់ផ្គង់ផ្សារលំដាប់អន្តរជាតិធំៗនៅឆ្នាំ2018ខាងមុខក៏នឹងក្លាយជាផ្នែកមួយដែលធ្វើឲ្យមានការព្រួយបារម្ភផងដែរ ដោយសារកម្លាំងនៃការទិញមិនសូវមានការប្រែប្រួលជាដុំកំភួនប៉ុន្មាននោះទេ៕

Advertisement