ខណ្ឌចំនួន​ 9​ មានអាផាតមិនកំពុងដាក់ឲ្យដំណើរការ7,020យូនីត

August 9, 2017​ ម៉ោង 4:31 pm

ភ្នំពេញៈ ការសិក្សាស្រាវជ្រាវថ្មីមួយបានរកឃើញថាខណ្ឌចំនួន9​ក្នុងចំណោមខណ្ឌទាំង12នៅរាជធានីភ្នំពេញ មានអាផាតមិនចំនួន​7,020យូនីត​បាន និងកំពុងដាក់ដំណើរការនៅក្នុងទីផ្សារ។

តាមរយៈការសិក្សារបស់ក្រុមហ៊ុនប៊ុណ្ណារៀលធីគ្រុបដែលបានបញ្ចប់​របាយការណ៍​បឋមកាលពីពេលថ្មីៗនេះបានឲ្យដឹងថាគិតត្រឹម​ដំណាច់ឆមាស​ទី1ឆ្នាំនេះមានអាផាតមិនចំនួន7,020យូនីតកំពុងដំណើរការ និងអាផាតមិន​មួយចំនួនទៀតបាន និងកំពុងសាងសង់។ ខណ្ឌដែលមានអាផាតមិន​ច្រើន​ជាង​គេមានដូចជាខណ្ឌចំការមនមានអាផាតមិនសរុបចំនួន3,800យូនីត ដូនពេញ​ចំនួន880យូនីតទួលគោកចំនួន870យូនីត 7មករាចំនួន620យូនីត និងខណ្ឌសែនសុខមានចំនួន230យូនីតជាដើម។

ការសិក្សាដដែលបានរកឃើញថា តម្លៃជួលអាផាតមិនមិនបានថយ​ចុះ​នោះ​ទេទោះជាមានការផ្គត់ផ្គង់កើនឡើងក្តី ព្រោះតម្រូវការពីអ្នក​ប្រើប្រាស់​នៅ​បន្ត​កើនឡើងដែលធ្វើឲ្យបន្ទប់​ជួលនៅតាមអាផាតមិនមានតម្លៃ​នៅតែខ្ពស់​ដូចជា​​អាផាតមិន​កម្រិតAមួយបន្ទប់គេងមានតម្លៃ​ចន្លោះ​ពី800​ទៅ2,000ដុល្លារ និងអាផាតមិនបែបស្ទូឌីយោមានតម្លៃចន្លោះ៦៥០ ទៅ១៨០០ដុល្លារអាមេរិកក្នុង​មួយខែ។

លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុនKFAដែលបានវិនិយោគ​អាផាតមិនចំនួនមួយអគារនៅតំបន់បឹងត្របែកបានថ្លែងថាទីផ្សារអាផាតមិន​នៅតែមានភាពល្អប្រសើរនៅឡើយ ទោះបីជាការប្រកួតប្រជែងកើនឡើងក្តីប៉ុន្តែតម្រូវការ​អាផាតមិននៅតែមានកម្រិតខ្ពស់ ទោះជាការផ្គត់ផ្គង់កំពុង​បន្តកើន​ឡើងក៏ដោយ៕