គម្រោង​សាងសង់​ស្ពាន​ទៅ​អរិយ​ក្សត្រ​អាច​ប្រែប្រួល

ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​លើកឡើងថា គម្រោង​សាងសង់​ស្ពាន​របស់​រដ្ឋា​ភិ​បាល​ទៅកាន់​តំបន់​អរិយ​ក្សត្រ និង​តំបន់​ស្វាយជ្រុំ​អាចមាន​ការប្រែប្រួល។

លោក វ៉ា ស៊ីម​សូរិយា អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃទី11 ខែសីហា​ម្សិលមិញ​នេះ​ថា ការសាងសង់​ស្ពាន​ភ្ជាប់​រវាងផ្លូវ​ជាតិ​លេខ1ពី​តំបន់​ក្តី​តា​កុយ​ទៅកាន់​តំបន់​អរិយ​ក្សត្រ និង​ពី​តំបន់​ជ្រោយចង្វារ​ទៅ​តំបន់​ស្វាយជ្រុំ​នឹងមាន​ការប្រែប្រួល ប៉ុន្តែ​លោក​មិនបាន​បញ្ជាក់​ពី​ព័ត៌មាន​លម្អិត​នោះទេ។

លោក​បន្តថា “ខ្ញុំ​មិនទាន់​បានទទួល​ព័ត៌មាន​លម្អិត​ទាក់ទង​នឹង​គម្រោង​នេះ​ទេ ព្រោះ​រហូតមកទល់​ពេលនេះ​មិនទាន់មាន​ព័ត៌មាន​វិវឌ្ឍន៍​ថ្មី​នៅឡើយ។

លោក នូ វឌ្ឍនៈ អគ្គនាយក​បច្ចេកទេស​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ថ្លែងថា ក្រុមហ៊ុន​ចិន​កំពុង​សិក្សា​ពី​ទីតាំង​សម្រាប់​សាងសង់​ស្ពាន​នេះ ប៉ុន្តែ​ការកំណត់​សាងសង់​ជា​ផ្លូវការ​នៅពេលណា​នោះ​នៅ​មិនទាន់​កំណត់​ជាក់លាក់​នៅឡើយ​ទេ ប៉ុន្តែ​វា​ជា​គម្រោង​នាពេល​អនាគត ដែល​ត្រូវតែ​សាងសង់។ លោក​បន្តថា គម្រោង​នេះ​មិនទាន់​ស្ថិតនៅក្នុង​ផែនការ​ជាក់លាក់ ឬ​ដាក់ចូល​ផែនការមេ​របស់​ក្រសួង​ថា នឹង​សាងសង់​នៅពេលណា​នោះទេ ព្រោះ​យើង​រង់ចាំ​ជំនួយ​របស់​ប្រទេស​ចិន។

ក្នុងឱកាស​អញ្ជើញ​សម្ពោធ​បើក​ឲ្យ​ប្រើប្រាស់​មហាវិថី​សម្តេច​តេ​ជោ​ហ៊ុន សែន ដែល​គេ​ហៅ​រត់មាត់​ថា ផ្លូវ60ម៉ែត្រ​នោះ សម្តេច​តេ​ជោ​ហ៊ុន សែន​បាន​ថ្លែងថា ដើម្បី​ឲ្យ​ការសាងសង់​នឹង​ភ្ជាប់​ផ្លូវ​ខ្សែក្រវាត់​ក្រុង​ពេញលេញ កម្ពុជា​ចាំបាច់​ត្រូវ​សាងសង់​ស្ពាន​ភ្ជាប់​រវាង​តំបន់​ក្តី​តា​កុយ​ទៅកាន់​តំបន់​អរិយ​ក្សត្រ និង​ពី​ផ្លូវ​កែវ ចិន្តា នា​តំបន់​ជ្រោយចង្វារ ភ្ជាប់​ទៅកាន់​តំបន់​ស្វាយជ្រុំ ស្ថិតក្នុង​ឃុំ​ស្វាយជ្រុំ ស្រុក​ល្វាឯម ខេត្តកណ្តាល។

ការប្រកាស​ពី​ការសាងសង់​ស្ពាន​នេះ​បានធ្វើ​ឲ្យ​តម្លៃ​ដី​នៅ​តំបន់​ទាំងនោះ​កញ្ជ្រោល​ឡើង​យ៉ាងខ្លាំង ហើយ​ក៏មាន​អ្នកវិនិយោគ​ក្នុងស្រុក​មួយចំនួន​បាន​សាងសង់​បុរីខ្លះៗរួចហើយ​ដែរ​នៅ​តំបន់​នោះ៕

Advertisement