ផលប្រយោជន៍​នៅ​ពីក្រោយ​ការ​វាយកម្ទេច​អគារ «ប៊ុល​ឌិ​ង​ស»

August 15, 2017​ ម៉ោង 2:58 pm

ភ្នំពេញ ត្រឹម​រយៈពេល​តែ​ជិត​មួយខែ​ប៉ុណ្ណោះ​អគារ «ប៊ុល​ឌិ​ង​ស» ត្រូវបាន​វាយកម្ទេច​អស់​ស្ទើរតែ​ជិត70% ទៅហើយ ប៉ុន្ដែ​មនុស្ស​ជាច្រើន​ដែល​ធ្វើដំណើរ​ឆ្លងកាត់​ទៅមក​តាមផ្លូវ​សុធារស​នៅតែ​មាន​ចម្ងល់​ថា តើ​ហេតុអ្វី​បាន​ចាំបាច់​អភិវឌ្ឍ​នៅ​ប្លុក​នេះ ឬ​ត្រូវ​វាយកម្ទេច​អគារ​ដ៏​ចំណាស់​មួយ​នេះ?

ឯកឧត្ដម បេង​ហុង សុជាតិ​ខេ​ម​រ៉ូ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​លំនៅឋាន នៃ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ បាន​លើកឡើងថា ការអភិវឌ្ឍ​នៅ​ប្លុក​អគារ​ប៊ុល​ឌិ​ង​ស​នេះ​បាន​ហុច​ផ្លែផ្កា​ដល់​សង្គមជាតិ​ជាច្រើន ពិសេស​ហុច​ផល​ដោយផ្ទាល់​ដល់​រាជធានី​ភ្នំពេញ​តែម្ដង។ ឯកឧត្ដម​បន្ដថា ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​ត្រូវបាន​បែង​ចែកជា​ផលប្រយោជន៍​ផ្ទាល់​មធ្យម និង​ផលប្រយោជន៍​រយៈពេល​វែង​ដែល​គេ​មើលឃើញថា អាច​ផ្ដល់​ការងារ​ដល់​កម្មករសំណង់​ចាប់តាំងពី​ពេល​ចូល​វាយកម្ទេច​អគារ​ម្ល៉េះ។

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​លំនៅឋាន បន្ថែមថា បន្ទាប់ពី​អគារ​នោះ​សាងសង់ ឬ​អភិវឌ្ឍ​រួចហើយ​នឹងមាន​ការលក់​ដូរ ឬ​បង្កើតជា​មណ្ឌល​ពាណិជ្ជកម្ម​នៅ​ទីនោះ​ដែលជា​មុខមាត់ និង​ភាពស្រស់ស្អាត​របស់​រាជ​ធានី​ភ្នំពេញ។ ដោយឡែក​សម្រាប់​ផ្នែក​រូបវ័ន្ដ គឺ​យើង​នឹង​បាន​អគារ​មួយ​ជំនួស​ឱ្យ​អគារ​ដែល​បង្ក​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ  ពោលគឺ​យើង​បានធ្វើ​ការវិវឌ្ឍ​ពី​អគារ​ដែលមាន​សភាព​ចាស់​ទ្រុឌទ្រោម​ជំនួស​ដោយ​អគារ​ថ្មី​មាន​លក្ខណៈ​ទំនើប​ពិសេស​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​ជប៉ុន ដូច្នេះ​វា​បានផ្ដល់​ផលប្រយោជន៍​ឱ្យ​រាជធានី​ភ្នំពេញ និង​ព្រះរាជាណាចក្រ​កម្ពុជា​ទាំងមូល។

បណ្ឌិត បេង​ហុង សុជាតិ​ខេ​ម​រ៉ូ ប្រាប់ទៀតថា៖ «ផលប្រយោជន៍​រយៈពេល​វែង គឺជា​ការបង្ហាញ​ពី​ទំនុក​ចិ​ត្ដរបស់​អ្នកវិនិយោគ​ជប៉ុន​ដែល​យើង​មើលឃើញថា មានការ​កើតឡើង​ដោយសារតែ​ព្រះរាជាណាចក្រ​កម្ពុជា​ធានាបាន​នូវ​សុខសន្ដិភាព»។

អគារ​ប៊ុល​ឌិ​ង​ស ត្រូវបាន​វាយកម្ទេច​ស្ទើរតែ​បាន4ផ្នែក​ក្នុង6ផ្នែក​នៃ​អគារ​ទាំងមូល​ដែលមាន​ផ្នែក A B C D E F នេះហើយ បច្ចុប្បន្ន​នៅសល់តែ​ផ្នែក A និង​B ប៉ុណ្ណោះ​ដែល​មិនទាន់​ត្រូវបាន​វាយកម្ទេច​ដល់។ រហូតមកទល់​ពេលនេះ​ក្រុមហ៊ុន​ជប៉ុន ARAKAWA នៅ​មិនទាន់​បានដាក់​បង្ហាញ​ប្លង់​ស្ថាបត្យកម្ម​របស់ខ្លួន​នៅឡើយ​ទេ ដូច្នេះ​គេ​នៅ​មិនទាន់​ដឹងថា អគារ​ដែល​នឹងត្រូវ​សាងសង់ឡើង​នោះ​មាន​លក្ខណៈ​បែបណា និង​មាន​កម្ពស់​ប៉ុន្មាន​ឡើយ?។

ជាមួយ​ការ​វាយកម្ទេច​ដើម្បី​ធ្វើការ​អភិវឌ្ឍ​អគារ​ថ្មី​នេះ ឯកឧត្ដម បេង​ហុង សុជាតិ​ខេ​ម​រ៉ូ បញ្ជាក់ថា មន្ដ្រី​របស់​ក្រសួង​ក៏​កំពុងតែ​ចុះ​ធ្វើ​ការងារ​ជាមួយ​ក្រុមហ៊ុន​ដែល​ទទួលបន្ទុក​វាយកម្ទេច​អគារ​ជាប់​ជាប្រចាំ ដើម្បី​ធានា​ឱ្យ​ការរក្សា​សុវត្ថិភាព មិន​រំខាន​ដល់​សតិអារម្មណ៍​អ្នករស់នៅ​ជិតខាង និង​អ្នកធ្វើដំណើរ​ឆ្លងកាត់។ ពិសេស​រក្សា​ឱ្យបាន​នូវ​បរិស្ថាន​ល្អ មិន​ធ្វើឱ្យមាន​ធូលី​ហុយ ជាដើម៕