ឆ្នាំ2019 កម្ពុជា​នឹង​ជំរុញ​កំណើន​ផលិតកម្ម​បន្លែ​មាន​សុវត្ថិភាព និង​គុណភាព​ខ្ពស់

នៅ​ឆ្នាំ2019 ប្រទេស​កម្ពុជា​នឹង​ផលិត​បន្លែ​មាន​សុវត្ថិភាព និង​គុណភាព​ខ្ពស់​ចំនួន 60,000 តោន និង​អង្ករ​ក្រអូប​ចំនួន 15ម៉ឺន​តោន​ក្នុង​មួយឆ្នាំ​ដូច​មានចែង​ក្នុង​ផែនការ​លើកកម្ពស់​ម្ហូបអាហារ​របស់​រដ្ឋាភិបាល​ឆ្នាំ2017-2019។ នេះ​បើតាម​ការ​ឱ្យដឹងពី​ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​នេសាទ។

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​បាន​និយាយថា កម្មវិធី​របស់​រដ្ឋាភិបាល​ក្នុងការ​ជំរុញ​ទិន្នផល​កសិកម្ម​កំពុងមាន​ដំណើរ​ការល្អ​ក្នុងការ​សម្រេចបាន​គោលដៅ​របស់ខ្លួន ប៉ុន្តែ​ក៏បាន​អំពាវនាវ​ដល់​កសិករ និង​ក្រុមហ៊ុន​ឱ្យ​ជំរុញ​ទំនើបកម្ម និង​គោរព​តាម​ស្តង់ដារ​អន្តរជាតិ​នៃ​ការអនុវត្ត​កសិកម្ម និង​ផលិតកម្ម​ដើម្បី​ធានា​នូវ​ជោគជ័យ​របស់​កម្មវិធី។

យោងតាម​ក្រសួងកសិកម្ម​បានឱ្យដឹងថា កម្មវិធី “ជំរុញ​ការ​ព្យាករ​ស្បៀងអាហារ2017-2019”ដែល​បានចាប់ផ្តើម​កាលពី​ឆ្នាំមុន​ដើម្បី​បង្កើន​ផលិតកម្ម​កសិកម្ម​នៅតាម​ខេត្តសំខាន់ៗចំនួន8 ត្រូវបាន​គេ​រំពឹងថា នឹង​ផលិត​បន្លែ​គ្មាន​ជាតិគីមី​ច្រើនជាង 5,000តោន​ក្នុង​ឆ្នាំ2018។ ពោលគឺ​កើនឡើង 2ដង​ធៀប​នឹង​ទិន្នផល​កាលពី​ឆ្នាំមុន។ កម្មវិធី​នេះ​បានផ្តល់​បន្លែ​គ្មានជាតិគីមី2,500តោន​កាលពី​ឆ្នាំមុន​ដោយបាន​ចុះបញ្ជី​គ្រួសារ​ចំនួន 820នៃ​គ្រួសារ​កសិករ​ក្នុងស្រុក។

ដោយមាន​ថវិកា​ចំនួន 20លាន​ដុល្លារ​នោះ គំនិត​ផ្តួចផ្តើម​នៃ​កម្មវិធី​នេះ គឺ​ដើម្បី​បង្កើន​ផលិតកម្ម​បន្លែ និង​ស្រូវ​នៅតាម​ខេត្តសំខាន់ៗ ចំនួន8 រួមមាន​ខេត្តកណ្តាល បាត់ដំបង ពោធិ៍សាត់ ព្រៃវែង កំពង់ចាមត្បូងឃ្មុំ កំពង់ធំ និង​សៀមរាប។ ការចាប់ផ្តើម​គម្រោង​នេះ​ដើម្បី​ជំរុញ​ការផលិត​អង្ករ​ក្រអូប និង​បន្លែ​សរីរាង្គ​កាត់បន្ថយ​ការ​នាំចូល​បន្លែ​ពី​ក្រៅ​ស្រុក និង​បង្កើន​ប្រាក់ចំណូល​សម្រាប់​កសិក​រ​ខ្នាតតូច។

ទោះយ៉ាងណា​ក៏ដោយ ដើម្បី​សម្រេចបាន​នូវ​គោលដៅ​ដ៏​មាន​មហិច្ឆតា​របស់​កម្មវិធី​នេះ លោក​រដ្ឋមន្ត្រី​បាន​និយាយថា កសិករ និង​អ្នក​ផលិត​ត្រូវតែ​ធ្វើតាម​គោលការណ៍​ណែនាំ​ដែល​ចេញ​ដោយ​រដ្ឋាភិបាល។ កសិករ​ត្រូវខិតខំ​គោរព​តាម​គោលការណ៍​អនុវត្តន៍​កសិកម្ម​ល្អ និង​ជំរុញ​ឱ្យ​ក្រុមហ៊ុន​អនុវត្ត​គម្រោង​ធ្វើ​កសិកម្ម​តាម​កិច្ចសន្យា។

ឯកឧត្តម​បាន​បញ្ជាក់ថា៖ “ខ្សែសង្វាក់​ផលិតកម្ម​ទី2 ចាំបាច់​ត្រូវ​ធ្វើឱ្យ​ប្រសើរឡើង ហើយ​អ្នក​ផលិត​ត្រូវ​ពិចារណា​កែលម្អ​ស្តង់ដារ​វេច​ខ្ចប់ ដើម្បី​បង្កើន​តម្លៃ​ផលិតផល​របស់​យើង និង​ធ្វើឱ្យ​កាន់​តែមាន​ភាពល្អប្រសើរ​នៅ​បរទេស និង​ដើម្បី​កាត់បន្ថយ​ការពឹងផ្អែក​របស់​កម្ពុ​ជា​លើ​បន្លែ​ដែល​នាំចូល ជាមួយនឹង​គោលដៅ​នៃ​ផែនការ​នេះ នឹង​ផ្លាស់ប្តូរ​វិស័យ​កសិកម្ម​កម្ពុជា​ទៅជា​ឧស្សាហកម្ម​ប្រកួតប្រជែង​ទំនើប និង​ធន់​នឹង​អាកាសធាតុ”។

ឯកឧត្តម ហ៊ាន វណ្ណ​ហន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​បាន​មានប្រសាសន៍ប្រាប់​ឡា​រ៉ែ​ន​ថា កម្មវិធី​ពិព័រណ៍​បង្កើន​គុណភាព​ផលិតផល​កសិកម្ម​ដែល​បាន និង​កំពុង​ធ្វើតាម​បណ្តា​ខេត្ត​មួយចំនួន​នោះ គឺជា​ផ្នែក​មួយ​នៃ​កម្មវិធី “គម្រោង​ជំរុញ​ផលិតកម្ម​ស្បៀងអាហារ​ឆ្នាំ2017-2019”។ កម្មវិធី​នេះ​បាន​បង្ហាញថា អ្នក​ផលិត​ក្នុងស្រុក​កំពុង​ទទួលបាន​ផលប្រយោជន៍​ពី​កម្មវិធី។ “ដោយ​ផ្អែកលើ​បទពិសោធ​របស់ខ្ញុំ​នៅឯ​ពិព័រណ៍​នេះ ខ្ញុំ​អាច​មើលឃើញថា កម្មវិធី​នេះ​កំពុង​ជួយ​បង្កើន​គុណភាព​ផលិតផល​កសិកម្ម​ដែល​អនុញ្ញាតឱ្យ​កសិករ​ទទួលបាន​ទីផ្សា​រ​ថ្មី”។

ឯកឧត្តម​មានប្រសាសន៍​ពន្យល់ថា កម្មវិធី​នេះ​នឹង​ជួយ​កាត់បន្ថយ​ការពឹងផ្អែក​របស់​ប្រទេស​កម្ពុជា​ទៅលើ​ការ​នាំចូល​បន្លែ ដោយ​តម្រូវ​ការមិន​ត្រឹមតែ​សម្រាប់​ផលិតផល​សរីរាង្គ​ប៉ុណ្ណោះ​ទេ គឺ​នៅមាន​បន្លែ​សុវត្ថិភាព​នៅក្នុង​ប្រទេស​យើង​ដែល​ឥឡូវនេះ​ក៏មាន​តម្លៃ​ខ្ពស់​ផងដែរ។ ឯកឧត្ដម​បន្តថា កសិករ​កាន់តែច្រើន​កំពុង​អនុវត្ត​ការងារ​កសិកម្ម​បានល្អ​ដើម្បី​ការរីកលូតលាស់​ផលិតផល​សរីរាង្គ​មានគុណ-​ភាព ​និង​បន្លែ​មាន​សុវត្ថិភាព។

ឯកឧត្តម​ក៏បាន​បញ្ជាក់ប្រាប់​កាសែត​ឡា​រ៉ែ​ន​ទៀតថា ទីផ្សារ​សរីរាង្គ​កំពុង​ជួយ​បង្កើន​ការយល់ដឹង​ និង​តម្រូវការ​បន្លែ​គ្មាន​ជាតិគីមី។ ឯកឧត្ដម​បាន​មានប្រសាសន៍ថា៖ “ទីផ្សារ​សរីរាង្គ គឺជា​ភ័ស្តុតាង​បញ្ជាក់ថាបណ្តា​ខេត្ត​របស់​យើង​អាច​ផលិត​បន្លែ​ដែលមាន​សុវត្ថិភាព​បាន​ហើយ ដែល​ទោះជា​យ៉ាងណា វា​ក៏​នឹង​ជួយ​យើង​កាត់បន្ថយ​ការ​នាំចូល​បន្លែ​ពី​បរទេស​ដែរ”។

ឯកឧត្តម​បន្ថែមថា បច្ចុប្បន្ន​កសិករ​កម្ពុ​ជា​តាមរយៈ​ពិព័រណ៍​ទីផ្សារ​សរីរាង្គ​នៃ​បណ្តា​ខេត្ត​មួយចំនួន រួមមាន​ខេត្តកំពង់ចាម កណ្តាល និង​ព្រៃវែង ត្រូវបាន​គេ​រំពឹងថា នឹង​ផលិត​បន្លែ​គ្មាន​ជាតិគីមី​បានច្រើនជាង5,000តោន​ក្នុង​ឆ្នាំ2018 ដូច្នេះ​ក្នុង​ឆ្នាំ2019 ខាងមុខ តាមរយៈ“គម្រោង​ជំរុញ​ផលិតកម្ម​ស្បៀងអាហារ​ឆ្នាំ2017-2019” ក្រសួង​នឹង​ជំរុញ​ការបង្កើន​ផលិតកម្ម​បន្លែ​ដែលមាន​សុវត្ថិភាព និង​គុណភាព​ខ្ពស់​ឱ្យដល់​ចំនួន 60,000 តោន​ក្នុង​ឆ្នាំ2019។

ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម​បាន​មានប្រសាសន៍ថា៖កម្មវិធី​ព្យាករ​ស្បៀងអាហារ​ឆ្នាំ2017-2019 នឹង​ផ្តល់នូវ​ការបញ្ចូល​ដ៏​សំខាន់​ដែល​នឹងត្រូវ​ប្រើ​សម្រាប់ធ្វើ​សេចក្តីព្រាង​គោលនយោបាយ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​របស់​ប្រទេស​កម្ពុជា​ឆ្នាំ2019-2030។ លោក​បាន​បញ្ជាក់ថា យុទ្ធសាស្ត្រ​នាពេលខាងមុខ​នេះ​នឹង​ស្វែងរក​ការធ្វើ​ទំនើបកម្ម​ឧស្សាហកម្ម និង​បង្កើន​ការប្រកួតប្រជែង ចីរភាព និង​ភាព​ធន់​ទ្រាំ​នឹង​អាកាសធាតុ៕

Advertisement