ផ្លែមៀន​ខ្មែរ​សាច់​ក្រាស់ រសជាតិ​ផ្អែមឈ្ងុយ លក់បានថ្លៃ

កសិករ​ដាំ​មៀន​បានបង្ហាញ​ពី​ក្តី​រីករាយ ខណៈដែល​រដូវ​ប្រមូល​ផល​មៀន​មកដល់ ដើម​មៀន​បានផ្តល់​ផ្លែ​ច្រើន​ដែលមាន​សាច់​ក្រាស់​ល្អ មាន​រសជាតិ​ឈ្ងុ​ញ​ឆ្ងាញ់ និង​មានការ​គាំទ្រ​ខ្លាំង​ពី​អ្នក​បរិភោគ​នៅលើ​ទីផ្សារ និង​លក់បាន​ថ្លៃ​ខ្ពស់​ទ្វេដង បើ​ធៀប​នឹងមៀន​នាំចូល​ពី​ប្រទេសជិតខាង។

អ៊ំស្រី សួស សំអាត រស់នៅ​ក្នុងភូមិ​ចំពុះក្អែក សង្កាត់​ព្រែក​ថ្មី ដែល​ទើប​កាត់​ចេញពី​ខេត្តកណ្តាល​ចូលមក​ទឹកដី​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​កាលពី​ប៉ុន្មាន​ឆ្នាំ​កន្លងទៅនេះ មានប្រសាសន៍ថា ដើមឡើយ​អ៊ំស្រី​រស់នៅ​សហរដ្ឋអាមេរិក​ជាមួយកូនៗឯណោះ​ទេ ប៉ុន្តែ​ដោយសារ​ចង់​រស់នៅ​ស្រុក​ខ្មែរ​ជាង ទើប​អ៊ំស្រី​បានមក​ទិញ​ដី​របស់​អ្នកភូមិ​ខាងលើ​ដែលមាន​ទទឹង 10ម៉ែត្រ និង​បណ្តោយ 160ម៉ែត្រ ដែលមាន​ដើម​មៀន​ផ្លែ​ស្រាប់ និង​ដំណាំ​គួបផ្សំផ្សេងៗមួយចំនួនទៀត។

អ៊ំស្រី សួស សំអាត

ក្រោយពី​ទិញ​ដី និង​មក​រស់នៅ​ទីនេះ​មិនបាន​មួយឆ្នាំ​ផង ដើម​មៀន​ក៏​ចាប់ផ្តើម​ហុច​ផល ហើយ​អាច​បេះ​លក់បានបណ្តើរៗតាំងពី​ពេលនោះ​មក ដោយមាន​ការគាំទ្រ​ច្រើន​ពី​អ្នកធ្វើដំណើរ​ឆ្លងកាត់​ភូមិ តែង​ឈប់​រថយន្ត-ម៉ូតូ​ទិញ​ជា​ហូរហែ​ឥត​ដាច់ និង​លក់​មិនដែល​សល់​ទេ ហើយ​ថែមទាំង​លក់បាន​ថ្លៃ​ជាង​មៀន​ធម្មតា​នៅលើ​ទីផ្សារ​ទៀតផង។ ពោលគឺ ពេល​ដើមរដូវ 1គីឡូ​ថ្លៃ 15,000 ទៅ20,000រៀល និង​កណ្តាល​រដូវ​នេះ​អាចមាន​តម្លៃ​ចន្លោះ​ពី10,000 ទៅ15,000រៀល។ “មៀន​របស់​អ្នកភូមិ​ចំពុះក្អែក ក៏ដូចជា​អ្នកភូមិ​កោះក្របី​ដែរ គឺជា​មៀន​ធម្មជាតិពិតៗ មិន​ប្រើ​ថ្នាំ​គីមី​បញ្ជា​ឱ្យចេញ​ផ្លែ​នោះទេ វា​មាន​សាច់​ក្រាស់ និង​មាន​រសជាតិ​ផ្អែម​ឈ្ងុយ ហើយ​មាន​បងប្អូន​ខ្មែរ​យើង​មក​ទិញ​ដល់ផ្ទះ មិនបាច់​យកទៅលក់​នៅ​ផ្សារ​នាំ​លំបាក​ទេ គឺ​បេះ​លក់​តែ​មុខផ្ទះ​ខ្លួនឯង​ក៏មាន​អ្នកធ្វើដំណើរ​មក​ឈប់​ទិញ​ជា​ហូរហែ​ជាប់​មិន​ដាច់​រៀងរាល់ថ្ងៃ” អ៊ំស្រី សំអាត បន្ថែម។

ក្រោយពី​ឃើញ​មៀន​ខ្មែរ​ផ្លែ​ល្អ និង​មានការ​គាំទ្រ​ច្រើន​ដូច្នេះ អ៊ំស្រី​បាន​ទិញ​ដី​អ្នកភូមិ​នៅ​ទល់មុខ​នោះ​ទៀត ហើយ​ដាំ​មៀន​ឱ្យបាន​កាន់តែ​ច្រើនឡើង ដែល​រហូតមកទល់​ស​ព្វ​ថ្ងៃ អ៊ំស្រី​ដាំ​បាន​ប្រមាណ​ជិត 20ដើម​ទៀតហើយ ដែល​ដើមតូចៗអាច​ប្រមូល​ផល​បាន​ប្រហែល100 ទៅ200គីឡូ និង​ដើម​ធំ​អាច​បាន​ចន្លោះ​ពី 200គីឡូ ទៅ400គីឡូ​ក្នុងមួយឆ្នាំៗ ដោយមួយឆ្នាំៗ វា​នឹង​ផ្តល់​ផល 2ដង។ លើក​ទី1 ចាប់ផ្តើម​ផ្លែ ចន្លោះ​ពី​ខែមករា ដល់​ខែមេសា និង​លើក​ទី2 ផ្តល់​ផល​ចន្លោះ​ពី​ខែមិថុនា ដល់​ខែកញ្ញា​រៀងរាល់ឆ្នាំនីមួយៗ ដូច្នេះ​គ្រាន់តែ​ប្រមូល​ផល​មៀន​ក្នុងមួយឆ្នាំៗ ក៏​អាចធ្វើឱ្យ​ជីវភាព​គ្រួ​សារបាន​ធូរធារ​ដែរ មិនចាំបាច់​ចំណាយលុយ​ទិញ​ថ្នាំ​គីមី​បាញ់​នោះទេ គ្រាន់តែ​ជួល​គេ​ឱ្យ​ឡើង​កាច់​មែក​ចាស់​ចេញ មែក​ថ្មី​ក៏​នឹង​លាស់​ស្លឹក​ខ្ចី​ឡើង ហើយ​ផ្តល់​ផ្លែផ្កា​ច្រើន​មិន​ខាន។

សកម្មភាពអ៊ំប្រុស កំពុងបះផ្លែមៀន

ជាមួយគ្នានេះដែរ អ្នកស្រី សុខ វ​ណ្ណី អាជីវករ​ទិញ​ផ្លែ​មៀន​លក់​បន្ត ក៏បាន​ឱ្យដឹង​ដែរ​ថា មៀន​ហុច​ផល​តិច​នៅ​រដូវប្រាំង ចន្លោះ​ពី​ខែមករា ដល់​ខែមេសា និង​ហុច​ផល​ច្រើន​ពេលចេញ​ផ្លែ​លើក​ទី2 ចន្លោះ​ពី​ខែមិថុនា ដល់​ខែកញ្ញា។ អ្នកស្រី​បន្តថា នៅពេលដែល​មៀន​មិនសូវ​ឱ្យ​ផល ផ្លែ​មៀន​ខ្មែរ​លក់បាន​តម្លៃ​ខ្ពស់ជាពិសេស​ក្នុង​រដូវ​បុណ្យទាន ដូចជា​ចូលឆ្នាំ​ចិនយើង​អាច​លក់បាន​ចន្លោះ​ពី 20,000រៀល ទៅ30,000រៀល​ក្នុង​មួយ​គីឡូក្រាម ឬ​បើ​មាន​តម្រូវការ​ខ្លាំង​អាច​លក់រាយ​បាន​ដល់ 40,000រៀល​ក្នុង​មួយ​គីឡូក្រាម​ក៏មានដែរ។ ប៉ុន្តែ​សម្រាប់​រដូវ​ដែល​កំពុង​ប្រមូល​ផល​នេះ អាច​លក់បាន​ចន្លោះ​ពី 13,000រៀល ទៅដល់16,000រៀល ដែល​លក់រាយ​ខ្លះ និង​មួយចំនួនទៀត​បោះ​ឱ្យ​ម៉ូយ​យកទៅលក់​បន្ត​នៅក្នុង​រាជធានី​ភ្នំពេញ។

អ្នកស្រី​បញ្ជាក់ថា នៅ​រៀង​រាល់ពេល​ដែលមៀន​ផ្តល់​ទិន្នផល គ្រួសារ​គាត់​តែង​ដើរ​ប្រមូល​ទិញ​ផ្លែ​មៀន​ពី​អ្នកភូមិ ដែលជា​មៀន​ធម្មជាតិ​គ្មាន​ជាតិគីមី100% យកមក​លក់រាយ​បន្ត​មួយចំនួន និង​មួយចំនួនធំ​បោះ​ឱ្យ​ម៉ូ​យមក​ទិញ​ដល់​កន្លែង ដោយ​មិនចាំបាច់​ដឹក​ទៅ​លក់​នាំ​ខាត​ពេល​នោះទេ ហើយ​អាច​រកប្រាក់​ចំណូល​បាន​គួរសម​សម្រាប់​ដោះស្រាយ​ជីវភាព​នៅក្នុង​គ្រួសារ​ផងដែរ។

គួរ​បញ្ជាក់ថា អ្នកភូមិ​ចំពុះក្អែក និង​អ្នកភូមិ​កោះក្របី និយម​ដាំ​ដើម​មៀន​តាមរបៀប​ធម្ម​ជាតិ​នៅមុខ​ផ្ទះ ឬ​ក្រោយ​ផ្ទះ​ក្នុង​ដីឡូត៍នីមួយៗ ដើម្បី​ឱ្យមាន​ម្លប់​ត្រជាក់​ដល់​ការរស់នៅ​ផង និង​ផ្តល់​ផ្លែផ្កា​ដើម្បី​លក់បាន​ប្រាក់ចំណូល​ច្រើន​គួរសម​សម្រាប់​លើកកម្ពស់​ជីវភាព​គ្រួសារ​ទៀតផង ដោយ​ក្នុង​មួយដើមៗ បើសិនជា​ម៉ៅ​ដាច់​ឱ្យ​ម៉ូយ​ក៏​អាច​បាន​ប្រាក់ 100ដុល្លារ​ជាង​ដែរ​ក្នុង​មួយរដូវ។

ដើម​មៀន​ត្រូវបាន​គេ​ដាំ​ឆ្ងាយ​ពីគ្នា​ពីមួយ​ដើម ទៅមួយដើមៗប្រវែង 5ម៉ែត្រ ដែល​ការ​ទុកចន្លោះ​ដី​ឱ្យនៅ​សល់​ធំ​បែបនេះ គឺ​ដោយសារតែ​ដើម​មៀន​ជា​រុក្ខជាតិ​ដែលមាន​មែក​បែក​សាខា​នៅពេល​វា​ធំ​ឡើង។

ចាប់តាំងពី​ពេល​ដាំ ប្រសិនបើ​គេ​ឧស្សាហ៍​ជ្រុំដី​ដាក់​ជី​នៅតាម​គល់​របស់​វា នោះ​ដើម​មៀន​នឹង​ឆាប់​ធំ ហើយ​ត្រឹម​តែមួយ​ឆ្នាំកន្លះ​ប៉ុណ្ណោះ វា​នឹង​ផ្តល់​ផល​ជាបណ្តើរៗ ហើយ​ដើម​មៀន​ជា​រុក្ខជាតិ​ដែលមាន​អាយុ​វែង និង​ហុច​ផល​ឱ្យ​យើង​ប្រមូលបាន​ដល់ 30ឆ្នាំ​ក៏​មិនទាន់​ងាប់​ដើម​ទៅវិញ​ផង៕

Advertisement