ក្រូចពោធិ៍សាត់​ខ្មែរ មាន​រសជាតិ​ឆ្ងាញ់ លក់ដាច់​ខ្លាំង​នៅលើ​ទីផ្សារ

ក្រូចពោធិ៍សាត់​ខ្មែរ ជា​ប្រភេទ​ផ្លែឈើ​ដែល​ផ្តល់​រសជាតិ​ជូរអែម​ឆ្ងាញ់ មិន​ចាញ់​ក្រូច​នាំចូល​ពី​បរទេស​នោះទេ ហើយ​ថែមទាំង​សម្បូរ​ដោយ​វីតាមីនល្អៗបំប៉ន​សុខភាព​មនុស្ស​ទៀតផង ដោយសារតែ​ការដាំដុះ​ដំណាំ​ហូប​ផ្លែ​របស់​កសិករ​ខ្មែរ​យើង​មិន​ប្រើ​ថ្នាំ​គីមី​ដូច​ផ្លែឈើ​នាំចូល​ពី​ប្រទេសជិតខាង​ហ្នឹងឯង។

អ្នកនាង សេង ឆាយ​ដា​ឡែ​ន ម្ចាស់​ចម្ការ​ក្រូចពោធិ៍សាត់ ដែលមាន​ទីតាំង​ស្ថិតនៅ​ក្នុងស្រុក​វាលវែង ខេត្តពោធិ៍សាត់​មានប្រសាសន៍ថា ដោយ​មើលឃើញ​ពី​តម្រូវការ​ផ្លែឈើ​ធម្មជាតិ របស់​ប្រជាពលរដ្ឋ​ខ្មែរ គ្រួសារ​របស់​អ្នកនាង​បានចាប់ផ្តើម​មុខរបរ​ដាំ​ក្រូចពោធិ៍សាត់​តាំងពី​ឆ្នាំ2013 មក នៅលើ​ផ្ទៃដី​ជិត 1ហិកតា ដើម្បី​សាកល្បង​ប្រមូល​ផល​លក់​នៅលើ​ទីផ្សារជាមុនសិន មុននឹង​សម្រេច​ពង្រីក​ការដាំដុះ​បន្ថែម។ ដោយមាន​ការគាំទ្រ​ច្រើន​ពី​អតិថិជន បាន​ជំរុញ​ឱ្យ​គ្រួសារ​របស់​អ្នកនាង​សម្រេច​បន្ថែម​ថវិកា​ពង្រីក​ការដាំដុះ​ដំណាំ​ក្រូចពោធិ៍សាត់​នេះ​ឱ្យបាន​កាន់តែច្រើនឡើងៗ ដែល​មកទល់​បច្ចុប្បន្ន​នេះ​មាន​ទំហំ​សរុប​ប្រមាណ​ជា 2ហិកតា​ហើយ និង​ទើបតែ​ឱ្យ​ផល​ពេញលេញ​ក្នុង​រយៈពេល1-2ឆ្នាំ​ចុងក្រោយ​នេះឯង។

ដើមក្រូចពោធិ៍សាត់​ខ្មែរដែលកំពុងឱផល

អ្នកនាង ដា​ឡែ​ន បានឱ្យដឹងថា ក្រូចពោធិ៍សាត់​ចាប់ផ្តើម​ឱ្យ​ផល​ក្នុងអំឡុង​ខែ​មិនា ហើយ​អាច​បេះ​បាន​ច្រើន​ពេញលេញ​នៅ​ខែកក្កដា ឬ​សីហា ដោយ​ក្នុង​មួយ​ដើម​គេ​អាច​បេះ​បាន​ប្រមាណ​ពី 300 ទៅ400ផ្លែ​ឯណោះ ហើយ​អាច​បេះ​បាន​រហូតដល់​ខែតុលា​ទើប​អស់​ផ្លែ​ទៅវិញ ដែល​សរុបទៅ​ចំនួន 2ហិកតា នេះ កសិករ​អាច​ប្រមូល​ផល​បានជា​មធ្យម​ប្រមាណ​ជា 100 ទៅ150ស្លឹក​ឯណោះ(1សឹ្ល​ក​ស្មើនឹង10ផ្លូន 1ផ្លូន​ស្មើនឹង4ឡូ 1ឡូ​ស្មើ12ផ្លែ)។ ម្ចាស់​ចម្ការ​ក្រូចពោធិ៍សាត់​ខាងលើ​បញ្ជាក់ថា ដោយសារ​ក្រូច​មាន​រសជាតិ​ជូរអែម​ឆ្ងាញ់ និង​មិនមាន​សារធាតុ​គីមី​ផង​នោះ បានធ្វើឱ្យ​ក្រូចពោធិ៍សាត់​ខ្មែរ​មានការ​គាំទ្រ​ច្រើន​ពី​អតិថិជន​នៅតាម​បណ្តា​ខេត្តផ្សេងៗ ដូចជា​ខេត្តពោធិ៍សាត់​ខ្លួនឯង កំពង់ឆ្នាំង កំពង់ស្ពឺ កំពង់សោម និង​ពិសេស​អតិថិជន​នៅ​ទីក្រុង​ភ្នំពេញ ដែលមាន​ទាំង​អតិថិជន​ទិញ​រាយ និង​អតិថិជន​ទិញ​យកទៅលក់​បន្ត​នៅតាម​ផ្សារ និង​នៅតាម​ហាង​បន្លែ​ធម្មជាតិ ឬ​ផ្សារ​ទំនើបល្បីៗមួយចំនួន និង​លក់​តាម​អន​ឡាញ​ទៀតផង។ សម្រាប់​តម្លៃ​បោះ​ដុំ​វិញ ក្រូចពោធិ៍សាត់​គេ​អាច​លក់បាន​ក្នុងតម្លៃ 9,500រៀលទៅ11,000រៀល​ក្នុង​មួយ​ឡូ នេះ​សម្រាប់​តម្លៃ​បោះ​ដុំ ហើយ​បើសិន​យកទៅ​លក់រាយ​បន្ត គេ​អាច​លក់បាន​ក្នុងតម្លៃ 17,000រៀល ទៅ18,000រៀល​ក្នុង​មួយ​ឡូ។ ទោះជា​វា​មានតម្លៃ​ថ្លៃ​ជាង​ក្រូច​នាំចូល​ពី​ប្រទេសជិតខាង​បន្តិច​ក៏ពិតមែន ប៉ុន្តែ​ក្រូចពោធិ៍សាត់​ខ្មែរ​មានការ​គាំទ្រ​ខ្លាំង​ពី​ប្រជាពលរដ្ឋ​ខ្មែរ ព្រោះ​ប្រមូល​ផល​បាន​សឹងតែ​ផ្គត់ផ្គង់​មិន​គ្រប់​តម្រូវការ​របស់​ម៉ូយ​នៅលើ​ទីផ្សារ​ផង ហើយ​បើ​នៅតែមាន​ការគាំទ្រ​ច្រើន​ដូច្នេះ នារី​ម្ចាស់​ចម្ការ​ខាងលើ​នឹង​ពង្រីក​ផ្ទៃដី​ដាំ​ដុះ​ឱ្យបាន​ចំនួន​កាន់តែច្រើន​ថែមទៀត​ដែរ។

ចំពោះ​លក្ខណៈ​សម្គាល់​វិញ ក្រូចពោធិ៍សាត់​ខ្មែរ​មាន​លក្ខណៈ​ខុសពី​ក្រូច​នាំចូល​ពី​បរទេស នៅត្រង់ថា ក្រូច​ខ្មែរ​មាន​សម្បក​ក្រាស់ មាន​ផ្លែ​ធំ-តូច​នៅ​លាយឡំ​គ្នា មាន​ពណ៌​ខៀវ​លាយ​លឿងតិចៗនៅលើ​សម្បក តែ​សម្រាប់​ក្រូច​វៀតណាម​វិញ​បើ​តូច គឺ​តូច​ស្មើ និង​បើ​ធំ គឺ​ធំ​ស្មើគ្នា ព្រោះ​គេ​មាន​បច្ចេកទេស​ដាំ​ដុះ​បានល្អ ប៉ុន្តែ​ភាគច្រើន​មានប្រើ​សារធាតុ​គីមី ហើយ​មាន​សម្បុរ​សម្បក​ពណ៌​ខៀវ​រលោង​ល្អ និង​មាន​សម្បក​ស្តើង។

ក្រូចពោធិ៍សាត់​ខ្មែរ កំពុងឱ្យផល

អ្នកនាង ដា​ឡែ​ន អ្នកជំនាញ​ខាង​ដំណាំ​ក្រូច​បាន​បញ្ជាក់ថា ក្រូចពោធិ៍សាត់​មិន​ពិបាក​ដាំ​និង​ថែទាំដូច​ដំណាំ​មួយចំនួនទៀត​នោះទេ ប៉ុន្តែ​ក្រូច​ត្រូវការ​ដី​ដែលមាន​ជីវជាតិ​ល្អ​គួរសម​ដែរ ទើប​ដាំ​ទៅ​ដើម​វា​លូតលាស់​បានល្អ និង​ឱ្យ​ផ្លែ​ច្រើន។

ចំពោះ​វិធីសាស្ត្រ​ដាំ​ដុះ​វិញ ដំបូង​គេ​ភ្ជួរ​ដី​ជាមុន​ដើម្បី​សម្លាប់​ស្មៅ និង​ជួយ​ឱ្យ​ដី​ធូរ​នៅ​ស្រទាប់លើៗធ្វើឱ្យ​សន្សើម​ធ្លាក់ចុះ​ល្អ​ទៅដល់​ស្រទាប់ដី​ខាងក្រោម។ បន្ទាប់ពី​ភ្ជួរ​ដី​រួច គេ​កាប់​រណ្តៅ​ទំហំ​មួយ​ម៉ែត្រ4ជ្រុង មាន​ជម្រៅ​កន្លះ​ម៉ែត្រ ឬមួយ​ម៉ែត្រ​ក៏បាន ដោយ​រណ្តៅនីមួយៗត្រូវ​ឃ្លាតឆ្ងាយ​ពីគ្នា​ចម្ងាយ 5ម៉ែត្រ។​ បន្ទាប់ពី​កាប់​រណ្តៅ រួច​គេ​អាចដាក់​ជីធម្មជាតិ ដូចជា​កូនឈើតូចៗលាយ​ជាមួយ​ជី​លាមក​សត្វ​ជាការ​ទ្រាប់​បាត​រណ្តៅ ទើប​យក​កូនដើម​ក្រូចពោធិ៍សាត់​ដែល​គេ​ផ្សាំ​រួច​ទៅ​ដាំ​នៅតាម​រណ្តៅនីមួយៗ ហើយ​ថែទាំ​ដោយ​ការ​ស្រោច​ទឹក តែ​មិនបាច់​ស្រោច​ជាប្រចាំ​ទេ ដោយសារ​ដើម​ក្រូច​មិនសូវ​ជា​ត្រូវការ​ទឹក​ប៉ុន្មាន​ឡើយ​គឺ​ស្រោច​ទៅតាម​លក្ខខណ្ឌ​អាកាសធាតុ។

កសិករកំពុងបេះក្រូចពោធិ៍សាត់​ខ្មែរ

ក្រៅពី​ស្រោច​ទឹក​ហើយ គឺ​ត្រូវ​ជម្រះ ឬ​បាញ់ថ្នាំ​សម្លាប់​ស្មៅ​ចោល ហើយ​ដាក់​ជីធម្មជាតិ​បន្ថែមខ្លះៗទៀត​ធ្វើឱ្យ​កូន​ក្រូច​លូតលាស់​បានល្អ។ ត្រឹមតែ​រយៈពេល 2ឆ្នាំ វា​នឹង​ចាប់ផ្តើម​ឱ្យ​ផល តែ​ផ្លែ​ដំបូង​បាន​ចំនួន​ត្រឹមតែ 3 – 4ផ្លែ​ប៉ុណ្ណោះ​ក្នុង​មួយដើមៗ រហូតដល់​ដើម​ក្រូច​អាយុ​បាន 4ឆ្នាំ​ទើប​វា​ឱ្យ​ផល​បាន​ពេញលេញ ដោយ​ក្នុង​មួយដើមៗគេ​អាច​បេះ​បាន​ចន្លោះ​ពី300 ទៅ400ផ្លែ។

នៅពេលដែល​វា​ធំ កសិករ​ត្រូវ​ចេះ​ថែទាំ ដោយ​ត្រូវ​កាត់​ស្លឹក ឬ​មែ​កណា​មិនល្អ​ចោល ដើម្បី​ទុកឱ្យ​ដើម​មាន​កម្លាំង​ស្រូបយក​ជីវជាតិ​ពីដី​ទៅ​ចិញ្ចឹម​មែក​ណា​ដែលល្អៗ ដើម្បីឱ្យ​វា​ហុច​ផល​បាន​កាន់តែ​ច្រើនឡើង។

ក្រូចពោធិ៍សាត់​ខ្មែរ ដែលទើបប្រមូលផលបាន

អ្នកជំនាញ​ខាង​ភោជនាហារ​បាន​និយាយថាក្រូចពោធិ៍សាត់​ជា​ផ្លែឈើ​ប្រភេទ​ល្អ​មួយ ដែល​សម្បូរទៅដោយ​វីតាមីន​C និង​ជាតិ​កាក​សរសៃ​ខ្ពស់ និង​សម្បូរ​ជាតិ​ស្ករ​ពី​ធម្មជាតិ ដែល​ជួយផ្តល់​កម្លាំង​ថាមពលភ្លាមៗដល់​អ្នក​ទទួលទាន។ ម្យ៉ាងទៀត​ក្រូចពោធិ៍សាត់​មាន​ផ្ទុក​នូវ​សារធាតុ Limonin ឬ Limonin Glucoside និង Hesperidin សម្រាប់​ទប់ស្កាត់​ជំងឺមហារីក ហើយ​អាច​ទប់ស្កាត់​ជំងឺ​បេះដូង​ទៀតផង ក្រៅពី​នោះគេ​អាច​យក​សម្បក​ផ្លែក្រូច​ពោធិ៍សាត់​ទៅ​ហាល​ឱ្យ​ស្ងួត ហើយ​ហាន់​ជា​ចំណិតតូចៗឆុង​ជំនួស​ស្លឹក​តែ​ទទួលទាន​រាល់ថ្ងៃ ព្រោះ​វា​អាចជួយ​កាត់បន្ថយ​សារជាតិ​ខ្លាញ់​ដែលមាន​ក្នុង​សារពាង្គកាយ​របស់​មនុស្ស​យើង​បាន​យ៉ាង​ល្អ​ទៀតផង៕

Advertisement