ដំណាំ​ ស្លឹកខ្ទឹម

ស្លឹកខ្ទឹម ឬឈ្មោះខាងវិទ្យាសាស្រ្តហៅថា Alli-umcepa var. aggregatum ជាដំណាំដែលមានគល់នៅក្នុងដី មានស្លឹករាងមូលទ្រវែងប្រហោងក្នុង ចុងរាវស្រួច ដុះត្រង់ឡើងលើ​ និងនៅពេលចាស់ទៅ គល់(មើម)នឹងមានពណ៌ក្រហម។ គេនិយមទទួលទានទាំងស្រស់(ពិសេសគល់) និងធ្វើជាគ្រឿងផ្សំក្នុងម្ហូបអាហារ។ អាចទទួលទានបានគ្រប់ផ្នែក(គល់ ដើម ស្លឹក)ហើយថែមទាំងមានគុណសម្បត្តិជាឱសថបុរាណជួយក្នុងការបណ្ដេញញើស និងបំប៉នបេះដូង បើញ៉ាំទាំងស្រស់(ឆៅ)យ៉ាងជាប់លាប់ អាចបញ្ចុះជាតិខ្លាញ់នៅក្នុងឈាមបាន ហើយថែមទាំងជាដំណាំបន្លែដែលអាចដាំបានគ្រប់សភាពដីទៀតផង។

**ការដាំដុះ
• ការត្រៀមដី : ចាប់ផ្ដើមពីការភ្ជួរដីចុះទៅក្រោមជម្រៅប្រមាណ20 – 30សង់ទីម៉ែត្រ រួចហាលដីនោះទុកចោលប្រមាណជា10 – 15ថ្ងៃដើម្បីកម្ចាត់សត្រូវដំណាំ(ស្មៅ និងមេរោគផ្សេងៗ)បន្ទាប់មកត្រូវសម្រួលសភាពដីដោយដាក់កំបោរសបន្តិចបន្តួច រោយស្ដើងៗឱ្យសព្វនៅលើដីមុននឹងបន្ថែមសារធាតុអាហាររុក្ខជាតិទៅក្នុងដីដោយជីកំប៉ុសសរីរាង្គប្រមាណជា 1 – 2តោន និងដាក់កម្ទេចរុក្ខជាតិ ដូចជា កម្ទេចស្លឹកឈើស្ងួតប្រមាណជា3 – 4តោន ព្រមជាមួយគ្រាប់ស្ដៅកិនម៉ដ្ឋប្រមាណ 200 – 300គីឡូក្រាម។ ទាំង3ប្រភេទនេះត្រូវរាស់ច្របល់ឱ្យចូលទៅក្នុងដីសព្វដំណាលគ្នាលើផ្ទៃដីប្រមាណជា 1ហិកតា។ បន្ទាប់ពីនោះមក ទើបត្រូវលើកជារងដែលមានទទឹងទំហំ 1ម៉ែត្រ និងបណ្ដោយតាមប្រវែងដី។ សម្រួលដីមុខលើរងឱ្យរាបស្មើ ស្រោចទឹកឱ្យសើមជោក និងផ្អាប់ទុកចោល 5 – 7ថ្ងៃ មុននឹងនាំកូនដើមខ្ទឹមតូចៗមកដាក់ដាំ ដោយទុកចន្លោះចម្ងាយពីគ្នាមួយគុម្ពៗប្រវែង 10 – 15សង់ទីម៉ែត្រ និងឆ្ងាយពីជួរមួយទៅជួរមួយ 10 – 15សង់ទីម៉ែត្រដូចគ្នា និងបន្ទាប់ពីដាក់ដាំហើយ ត្រូវស្រោចទឹកលើរងឱ្យជោក។

• វិធីដាំ : ដើមស្លឹកខ្ទឹមគេនិយមដាំពង្រីកពូជដោយយកមើមពូជណាដែលរឹងមាំល្អមកកាត់ឫសចេញខ្លះ កាត់ចុងត្រួយរបស់មើមចេញដើម្បីឱ្យកើតការបែកខ្នែងកាន់តែឆាប់ឡើងទុកចោលប្រមាណជា 2 – 3ថ្ងៃ នៅពេលបែកខ្នែងត្រួយចេញមកហើយ សឹមនាំយកទៅដាក់ដាំនៅលើរងជាបន្ត។

**ការមើលថែទាំ
• ការស្រោចទឹក : ស្រោចទឹកទាំងព្រឹក និងល្ងាចរហូតដល់ស្លឹកងើបឡើងឈរត្រង់ សឹមបន្ថយមកស្រោចទឹកតែម្ដងក្នុងមួយថ្ងៃវិញ។

• ការដាក់ជី : នៅពេលដើមស្លឹកខ្ទឹមមានអាយុ20 -25ថ្ងៃហើយ ចូរដាក់ជីកំប៉ុស ឬជីផ្អាប់សរីរាង្គប្រមាណជា1គីឡូក្រាមក្នុងទំហំដី1ម៉ែត្រការ៉េ ព្រមជាមួយជីទឹកសរីរាង្គដែលលាយផ្សំដោយជីធម្មជាតិ10គីឡូក្រាម ជីលាមកគោស្ងួត 3គីឡូក្រាម និងស្លឹករបស់រុក្ខជាតិដំណាំត្រកូលសណ្ដែក 5គីឡូក្រាម ផ្សំច្របល់ចូលគ្នានៅក្នុងពាង ឬធុងដែលមានទឹកប្រមាណ100 – 200លិត្រ ឬដាក់ទឹកចូលរហូតទាល់តែលិចជីប្រមាណ 10សង់ទីម៉ែត្រ។ ត្រាំផ្អាប់ទុកចោល 1យប់ រួចសឹមនាំយកទៅបាញ់លើដំណាំរៀងរាល់ 7ថ្ងៃម្ដង។

**ការការពារ និងកម្ចាត់សត្រូវដំណាំ
បើសិនដើមស្លឹកខ្ទឹមកើតជំងឺ ចូរកាត់ចោល ហើយនាំយកទៅកម្ទេចចោលភ្លាម ឬក៏ការពារ និងព្យាបាល ដូចជា ជំងឺខ្លោចស្លឹក ចូរនាំយកទឹកកំបោរថ្លាមកស្រោចក្នុងអំឡុងពេលដែលកើតរោគ រួមទាំងដាំដើមជីវ៉ាន់ស៊ុយនៅតាមចន្លោះគុម្ពក៏អាចការពារសត្វដង្កូវស៊ីស្លឹកបានដែរ ឬបើចង់បាញ់ទឹកថ្នាំជីសរីរាង្គដើម្បីបង្កើនភាពរឹងមាំរបស់ដើមខ្ទឹមក៏អាចធ្វើបានដែរ ព្រោះវាថែមទាំងជួយកាត់បន្ថយការរាតត្បាតរបស់ជំងឺបានមួយផ្លូវទៀតដែរ។

**ការប្រមូលផល
នៅពេលដើមស្លឹកខ្ទឹមមានអាយុបានប្រមាណ45 – 60 ថ្ងៃ គេអាចប្រមូលផលដើម្បីយកទៅបរិភោគបានហើយ ដោយមុននឹងប្រមូលផល គេត្រូវស្រោចទឹកឱ្យជោគដីជាមុនសិន បន្ទាប់ពីនោះគេយកដៃចាប់នៅត្រង់គល់នៃដើមខ្ទឹម ហើយទាញឡើងថ្នមៗ ឱ្យមានជាប់ឫសមកជាមួយផងរួចនាំយកទៅលាងដីចេញឱ្យស្អាត ហើយសឹមយកទៅដាក់សំដិលឱ្យស្ងួតជាការស្រេច៕

Advertisement