ករណីជំងឺប៉េស្តជ្រូកអាហ្រ្វិក ASF ត្រូវបានរកឃើញក្នុងទីតាំងថ្មី

រដ្ឋមន្រ្តីក្រសួងកសិកម្មបានថ្លែងឱ្យដឹងថា ក្រសួងរបស់លោកបានសម្រេចកំណត់តំបន់ផ្ទុះ​ជំងឺ​ប៉េស្ត​​ជ្រូក​អាហ្រ្វិក ASF នៅក្នុងភូមិចំនួន2 ក្នុងខេត្តត្បូងឃ្មុំនៅជិតព្រំដែនប្រទេសវៀតណាម ដើម្បីបង្ការ និងទប់ស្កាត់កុំឱ្យមានការរីករាលដាលទៅដល់តំបន់ដទៃទៀតនៅកម្ពុជា។ នេះបើយោងតាម​ប្រកាស​របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ចុះថ្ងៃទី2 ខែកក្កដា ឆ្នាំ2019។

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មបានថ្លែងថា ការរកឃើញករណីនេះបាន​ជំរុញ​ឱ្យអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មស្បៀងត្រូវធ្វើ«សកម្មភាពជាបន្ទាន់» នៅក្នុងភូមិ​កំពង់​សេ​រី​ និង​ភូមិសោយ ​ក្នុងឃុំមៀន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

ក្នុងសេចក្តីប្រកាស ឯកឧត្តម វេង សាខុន បានបញ្ជាឱ្យអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ត្រូវចាត់វិធានការបសុព្យាបាលជាបន្ទាន់នៅតំបន់ផ្ទុះជំងឺប៉េស្តជ្រូកអាហ្រ្វិកនេះនៅ តំបន់ខាងលើ ក្នុងនោះត្រូវបំផ្លាញចោលចំពោះសត្វជ្រូកគ្រប់ប្រភេទក្នុងតំបន់ផ្ទុះជំងឺទៅតាមវិធានការបសុព្យាបាល។

ជាមួយគ្នានេះ ត្រូវផ្អាកលើការទិញ ការលក់ និងការដឹកជញ្ជូនសត្វជ្រូក សាច់ជ្រូក និង ផលិតផលមានដើមកំណើតពីសត្វជ្រូកគ្រប់ប្រភេទ ចូល-ចេញ ឬឆ្លងកាត់ និងដាក់តំបន់នេះជា តំបន់ត្រួតពិនិត្យ និងតាមដាន។ ឯកឧត្តមរដ្ឋមន្រ្តីក៏បានឱ្យផ្អាកជាបណ្តោះអាសន្នចំពោះការចិញ្ចឹម ទិញ លក់ និងដឹកជញ្ជូនសត្វជ្រូក សាច់ជ្រូក និងផលិតផលមានដើមកំណើតពីសត្វជ្រូកគ្រប់ប្រភេទ នៅក្នុងតំបន់ផ្ទុះជំងឺប៉េស្តជ្រូកអាហ្រ្វិកនេះផងដែរ។

ឯកឧត្តមបានមានប្រសាសន៍ថា៖«ខ្ញុំបានប្រាប់មន្រ្តីក្រសួងដើម្បីកំណត់អត្តសញ្ញាណ​សត្វ ជ្រូកឆ្លង​មេរោគ ត្រូវផ្អាកការជួញដូរសាច់ជ្រូកនៅជុំវិញ​តំបន់​ដែលរងផលប៉ះពាល់ ហើយតំបន់ទាំង​នេះត្រូវតែបង្កើនការត្រួតពិនិត្យ និងត្រូវចាត់វិធានការ​ថែម​ទៀត​ ដើម្បីតាមដាន និងរារាំង​ការដឹក​ជញ្ជូន​ជ្រូកនៅចម្ងាយ 10គីឡូម៉ែត្រពីភូមិទាំង2» ។

ឯកឧត្តម តាន់ ផាន់ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាព និងផលិតកម្មសត្វ​បាន​លើក​ឡើងថា ដោយសារតែការរីករាលដាលនៃជំងឺនេះក្រុមការងារមួយកំពុងតាមដានព្រំដែនកម្ពុជា -វៀតណាមដើម្បី​ពិនិត្យ​​មើលថា តើសត្វជ្រូកឆ្លងចូលមកក្នុងប្រទេសកម្ពុជាយ៉ាងដូចម្តេច?

ឯកឧត្តមបានកត់សម្គាល់ថា លទ្ធផលបឋមនៃដំណើរការតាមដានបានបង្ហាញថា ការបង្ក​រោគ​​អាចមក​ពីផលិតផលសាច់ជ្រូកដែលត្រូវបានលក់នៅលើម៉ូតូតាមបណ្តោយ​ព្រំដែនជា​មួយវៀត​ណាម។

សូមជម្រាបជូនថា ជំងឺប៉េស្តជ្រូកអាហ្រ្វិកនេះមិនឆ្លងទៅមនុស្សទេ យោងតាមក្រសួងបានឱ្យដឹងថា ទោះ​បី​ជាមានវត្តមានរបស់ ASF នៅខេត្តត្បូងឃ្មុំក៏ដោយ​ ក៏ជំងឺ​នេះ​​មិនអាចចម្លង និងប៉ះពាល់ដល់មនុស្សទេ ប៉ុន្តែជំងឺនេះបណ្តាលឱ្យសត្វជ្រូកឈឺ និងងាប់មានអត្រាខ្ពស់រហូតដល់100% ដែលបង្កការ​ខាតបង់​យ៉ាង​ធ្ងន់​ធ្ងរដល់អ្នក​ចិញ្ចឹមជ្រូកតែប៉ុណ្ណោះ។ គេបានកត់សម្គាល់ថា ក្រសួងមាន​ការព្រួយបារម្ភខ្លាំង​អំពី​ផល​ប៉ះពាល់ខាងសេដ្ឋកិច្ច។

បច្ចុប្បន្ន មិនមានវិធីព្យាបាលជំងឺនេះ​ឱ្យជាសះ​ស្បើយ និងមិនទាន់មានថ្នាំបង្ការ ឬការព្យាបាលណាមួយដែលមានប្រសិទ្ធភាពនៅឡើយទេ ដូច្នេះនៅពេលដែលសត្វជ្រូកឆ្លងជំងឺនេះ វិធាន ការ​តែ​មួយគត់ គឺកម្ទេចហ្វូង​ជ្រូកដែលមានមេរោគទាំងនោះចោលតែម្ដង។

កាលពីខែមេសា ក្រសួងកសិកម្មបានឱ្យដឹងថា ជំងឺប៉េស្តជ្រូកអាហ្វ្រិកបានផ្ទុះឡើងជាលើក ដំបូងនៅក្នុងភូមិសោមកានិញ ឃុំ​សោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ បន្ទាប់ពីមានសត្វជ្រូកប្រហែល 400ក្បាលបានងាប់​កាលពីថ្ងៃទី22 ខែមីនា ឆ្នាំ2019 ខណៈជ្រូក ​193ក្បាល​ផ្សេង​ទៀតត្រូវបានកម្ទេចក្រោយ​រកឃើញ​ជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ។​

ហេតុការណ៍នេះបាន​ជំរុញឱ្យ​មន្ត្រី​កសិ​កម្ម​​នៅតាមខេត្តជាប់​ព្រំ​ដែន​ជាមួយវៀតណាម​បង្កើនការការពារការនាំចូលផលិតផលសាច់ជ្រូក និងបានបាញ់ថ្នាំសម្លាប់មេរោគនៅក្នុង​កសិ​ដ្ឋានចិញ្ចឹម​ជ្រូកផងដែរដោយភ័យខ្លាចការរីករាលដាលនៃមេរោគ ASF៕

Advertisement