កូរ៉េ គ្រោងបង្កើតទីតាំងដាំដុះ និងវេចខ្ចប់បន្លែ នៅខេត្តមណ្ឌលគីរី

រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឱ្យប្រតិភូកូរ៉េ ដែលមកពី The Korea Rural Community Coroperation (KRC) ចូលជួបសម្តែងការគួរសម និងពិភាក្សាអំពីគម្រោងស្តីពីការបង្កើតទីតាំងដាំដុះ និងវេចខ្ចប់បន្លែខ្នាតធំ នៅក្នុងប្រទេសកម្ពុជា «Esta​bli​shment of Demonstrative Vegetable Production Complex in Cambodia» គម្រោងនេះ ​គ្រោងនឹងបង្កើតនៅខេត្តមណ្ឌលគីរី នាឆ្នាំ2020។


ឯកឧត្តម វេង សាខុន ក្នុងកិច្ចជំនួបដែលរៀបចំធ្វើឡើងនៅទីស្ដីការក្រសួងកសិកម្ម កាលពី​រសៀលថ្ងៃទី20 ខែមករា ឆ្នាំ2020 ជាមួយគណៈប្រតិភូកូរ៉េដែលមកពីស្ថាប័ន KRC ដឹកនាំដោយ Mr. Park Kiwook នាយកគ្រប់គ្រងការិយាល័យអភិវឌ្ឍន៍កសិកម្មនៅបរទេសនៃក្រសួងកសិកម្មកូរ៉េ។ 

ឯកឧត្តម វេង សាខុន បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះគណៈប្រតិភូ​ដែលបាន​អញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា នាពេលនេះ និងជាពិសេសបានអញ្ជើញទៅធ្វើទស្សនកិច្ច នៅខេត្តមណ្ឌលគីរី ហើយទស្សនកិច្ចនេះ ពិតជាមានសារៈសំខាន់ ក្នុងការលើកកម្ពស់​កិច្ចសហ​ប្រតិ​បត្តិការរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា និងក្រសួងកសិកម្មកូរ៉េ ឱ្យកាន់​តែ​រឹងមាំ។

មិនត្រឹមតែប៉ុណ្ណោះ វាជាការបើកផ្លូវឱ្យ KRC ចូលមកសិក្សាស្វែងយល់បន្ថែមអំពីសក្តានុ​ពល​ដំណាំ​ដំឡូងបារាំងនៅខេត្តមណ្ឌលគីរី និងបន្លែសំខាន់ផ្សេងៗទៀត ដើម្បីរៀបចំគម្រោងអភិវឌ្ឍន៍​ដំណាំនេះ និងបន្លែនៅខេត្តនេះក្នុងឆ្នាំ2020  ដោយបច្ចុប្បន្ន KRC បាននិងកំពុងសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម ធ្វើការសិក្សាលម្អិតទៅលើស្ថានភាពទូទៅទាក់ទងគុណភាពដី ទឹក អាកាសធាតុ ផលិតកម្ម ពូជ ទីផ្សារ និងបច្ចេកទេស។


លោក PARK Kiwook បានថ្លែងអំណរគុណលោករដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យលោក និងសហការីចូលជួបដើម្បីសម្តែងការគួរសម និងពិភាក្សាការងារទាក់ទងនឹងកម្មវត្ថុខាងលើ។ លោក បានជម្រាបជូន លោករដ្ឋមន្ត្រីថា  KRC មានចំណាប់អារម្មណ៍លើផលិតកម្មដំឡូងបារាំង និងប្រភេទបន្លែសំខាន់ៗ ដែលកសិករកំពុងផលិតនាពេលបច្ចុប្បន្ន។

លោក PARK បានមានប្រសាសន៍ថា៖«ដោយយល់ឃើញថា ខេត្តមណ្ឌលគីរីមានសក្តា​នុ​ពល​ល្អសម្រាប់ផលិតកម្មដំឡូងបារាំង និងបន្លែ ដោយយោងលើស្ថានភាពភូមិសាស្រ្ត និង​អាកាស​ធាតុ​ល្អ សម្រាប់ផលិតកម្មដំឡូងបារាំង កម្ពុជាមានសក្តានុពល ប៉ុន្តែផលិតកម្មនេះ នៅមិន​ទាន់បានអនុវត្តឱ្យបានពេញលេញ និងត្រឹមត្រូវលើខ្សែចង្វាក់ផលិតកម្ម និងទីផ្សារដែលជា​ដើម​ហេតុ​ចម្ប​ង ធ្វើឱ្យផលិតកម្មនេះ មិនអាចធ្វើការផ្គត់ផ្គង់ឱ្យទីផ្សារក្នុងស្រុកបានគ្រប់គ្រាន់ ទើប​តម្រូវ​ឱ្យកម្ពុជា ធ្វើការនាំចូលបន្លែផ្សេងៗ។ 

ហេតុនេះ នាពេលអនាគតគម្រោងនេះ គ្រោងនឹងបង្កើនផលិតភាពផលិតកម្មដំឡូងបារាំង និងបន្លែផ្សេងៗទៀត ដើម្បីផ្គត់ផ្គង់ឱ្យទីផ្សារក្នុងស្រុក និងឈានទៅធ្វើការកាត់បន្ថយ​បរិមា​ណ​នាំ​ចូល និងជាពិសេសចូលរួមបង្កើតការងារ ជូនប្រជាពលរដ្ឋដែលភាគច្រើន ជាជនជាតិដើមភាគតិច និង​បង្កើនប្រាក់ចំណូល។ នេះជាការបញ្ជាក់បន្ថែម របស់លោក PARK Kiwook។

ឯកឧត្តម រដ្ឋមន្ត្រី វេង សាខុន បានសម្តែងនូវសុទិដ្ឋិនិយម និងគាំទ្រលើគម្រោងនេះ ដោយហេតុ​ថា កន្លងមកផលិតកម្មដំឡូងបារាំងនៅកម្ពុជា ជាទូទៅកសិករមិនសូវនិយមដាំដុះប៉ុន្មានទេ ទើបតែប៉ុន្មាន​ឆ្នាំ​ចុង​​ក្រោយ ដែលមានគម្រោងដែលឧបត្ថម្ភដោយអង្គការ KOPIA KOREA សហការជាមួយសាកល​វិទ្យាល័យភូមិន្ទកសិកម្ម ធ្វើការសិក្សាស្រាវជ្រាវដាំសាកល្បងនៅខេត្តមណ្ឌលគីរីហើយ​លទ្ធផលនៃ​ការ​សិក្សា និងសាកល្បងនេះ បាន​បង្ហាញ​ឱ្យឃើញ​ថា ដំណាំមានការលូតលាស់ល្អ និងផ្តល់ទិន្នផល​គួរជាទីពេញ​ចិត្ត។

ឯកឧត្តម វេង សាខុន បានសម្តែងនូវការគាំទ្រ និងលើកទឹកចិត្ត ហើយ​សន្យា​​​​ថា នឹងផ្តល់កិច្ច​សហ​ការឱ្យបានពេញលេញ និងជាពិសេសឯកឧត្តមបានណែ​នាំឱ្យ​អគ្គនា​យក​ដ្ឋានកសិកម្ម និង​មន្ទីរ​​កសិ​កម្ម​ រុក្ខាប្រមាញ់ និងនេសាទខេត្ត ត្រូវបន្តផ្តល់កិច្ចសហការឱ្យបានល្អជាមួយ KRC ដើម្បី​ឱ្យ​គម្រោងនេះ ដំណើរការទៅដោយរលូន និងទទួលបានជោគជ័យ តាមការរំពឹងទុក គឺខេត្តមណ្ឌលគីរី អាច​ផលិត​ដំឡូងបារាំងបាន នាពេលអនាគត៕

Advertisement