ផលិតផល​ចម្បង 5 ដែល​ក្រសួងពាណិជ្ជកម្ម​អនុវត្ត​គម្រោង​ជំរុញ​ទីផ្សារ

ក្រសួងពាណិជ្ជកម្ម​កំពុង​អនុវត្ត​គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាតតូច​ដើម្បី​ផ្សារភ្ជាប់​ផលិតផល​របស់​ប្រជាកសិករ​ជាមួយនឹង​ទីផ្សារ ដោយ​ផ្ដោត​សំខាន់​លើ​ផលិតផល​ចំនួន 5 រួមមាន ស្រូវ មាន់​ស្រែ បន្លែ ដំឡូង​មី និង​សូត្រ​ប្រណីត។ នេះ​បើតាម​ការ​ឱ្យដឹងពី​ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ដែល​បានលើកឡើង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ជ័យលាភី​កម្មវិធី​អាហារូបករណ៍​អភិវឌ្ឍន៍​ជប៉ុន ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​នៅ​ប្រទេស​ជប៉ុន ឆ្នាំ2018-2020 កាលពី​ថ្ងៃទី7 ខែសីហា ឆ្នាំ2018 នៅ​ទីស្ដីការ​ក្រសួងពាណិជ្ជកម្ម។

ឯកឧត្តម​បានឱ្យដឹងថា ក្រសួង​បាននិងកំពុង​ខិតខំ​ជំរុញ​លិខិតបទដ្ឋាន​គតិយុត្ត​នៅក្រោម​វិស័យ​ពាណិជ្ជកម្ម​ដូចជា ច្បាប់​ស្តីពី​ការធ្វើ​ពាណិជ្ជកម្ម​តាម​អេឡិចត្រូនិក(E-Commerce)ច្បាប់​ស្តីពី​កិច្ចសន្យា​ពាណិជ្ជកម្ម ច្បាប់​ស្តីពី​ការប្រកួតប្រជែង និង​ច្បាប់​ស្តីពី​សុវត្ថិភាព​ម្ហូបអាហារ​ជាដើម ដើម្បី​ការពារ​អត្ថប្រយោជន៍​របស់​វិស័យ​ឯកជន និង​អ្នកប្រើប្រាស់។ ច្បាប់​ទាំងអស់នេះ និង​លើកស្ទួយ​សមត្ថភាព​ប្រកួតប្រជែង​របស់​កម្ពុជា​នៅក្នុង​ប្រព័ន្ធ​ពាណិជ្ជកម្ម​សកល​នាពេល​អនាគត។

ឯកឧត្តម ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ដ្រីក្រសួង​ពាណិជ្ជកម្ម​បាន​មានប្រសាសន៍ថា ក្នុង​រយៈពេល 6ខែ ដើមឆ្នាំ2018 នេះ ទំហំ​ពាណិជ្ជកម្ម​របស់​កម្ពុជា​សម្រេចបាន 13,985លាន​ដុល្លារ ក្នុងនោះ​ការនាំចេញ មាន​ចំនួន​ប្រមាណ 5,794លាន​ដុល្លារ គឺ​កើនឡើង11% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំមុន។ ចំណែក​ការនាំ​ចូល​មាន​ចំនួន 8,191លាន​ដុល្លារ គឺ​បាន​កើន 10.6%។

សូម​រំឭកថា កាលពី​ឆ្នាំ2017 កន្លងទៅ ការនាំចេញ​របស់​កម្ពុ​ជាមាន​តម្លៃ​ប្រមាណ 11.2ពាន់​លាន​ដុល្លារ គឺ​បាន​កើនឡើង 9.2% ធៀប​នឹង​ឆ្នាំ2016 ដែលមាន​ទឹកប្រាក់ 10.2ពាន់​លាន​ដុល្លារ។ រីឯ​ការនាំ​ចូល​មាន​ទំហំ15.5ពាន់​លាន​ដុល្លារ គឺ​បាន​កើន9.8% ធៀប​នឹង14.1ពាន់​លាន​ដុល្លារ។

ផលិតផល​នាំចេញសំខាន់ៗ របស់​កម្ពុជា រួមមាន វាយ​ន​ភណ្ឌ សម្លៀកបំពាក់ ស្បែកជើង កាបូប គ្រឿង​ផ្គុំ​អេឡិចត្រូនិក ទោចក្រយានយន្ត ផលិតផល​នេសាទ ជ័រកៅស៊ូ ឈើ​កែច្នៃ អង្ករ ដំឡូង​មី គ្រាប់ស្វាយចន្ទី ពោតក្រហម សណ្តែកសៀង ម្រេច ផ្លែស្វាយ​ស្រស់ ដូងប្រេង និង​ទំនិញ​កសិកម្ម​ដទៃទៀត។ ដោយឡែក សម្រាប់​ទីផ្សារធំៗរបស់​កម្ពុជា​រួមមាន សហគមន៍​អឺរ៉ុប អាមេរិក កាណាដា ជប៉ុន ចិន និង​អាស៊ាន ជាដើម៕

Advertisement