​រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រៀមរថយន្តក្រុង ​215​គ្រឿងដឹកពលរដ្ឋ​ទៅ​ស្រុកក្នុង​ឱកាស​​ភ្ជុំបិណ្ឌ​

សម្តេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ កម្ពុជា បាន​សម្រេច​ផ្តល់​ការគិតគូរមួយ​ថ្មី​ទៀតជូន​ដល់​ប្រជាពលរដ្ឋ ដោយបាន​បញ្ជា​ឱ្យ​សាលា​រាជធានី​ភ្នំពេញ បញ្ចេញ​រថយន្តក្រុងសាធារណៈចំនួន 215​គ្រឿងដើម្បី​ដឹក​ជញ្ជូន​ប្រជាពលរដ្ឋ​ទៅ-​មកស្រុកកំណើតដោយ​ឥត​គិតប្រាក់ រយៈពេល ​6ថ្ងៃក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណីជាតិ។​

​លោក ម៉េត មាស​ភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញបានឱ្យដឹងថា​ ដើម្បី​សម្រួល​ដល់​ការធ្វើដំណើររបស់​ប្រជាពលរដ្ឋ​ពី​រាជធានី​ភ្នំពេញទៅ​ខេត្ត​នានា ក៏ដូចជា​ត្រឡប់​ពី​ខេត្ត​នានា​ចូលមករាជ​​ធានី​ភ្នំពេញ​វិញ​ឱ្យ​មាន​លក្ខណៈល្អ​ប្រសើរ ​សាលា​រាជធានី​ភ្នំពេញនឹងរៀបចំកិច្ចការនេះឱ្យមានភាពរលូន ដើម្បីឆ្លើយតបទៅនឹងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងឱកាសពិធី​បុណ្យ​ភ្ជុំ​បិណ្ឌនេះ​។​

ក្នុង​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញបានបញ្ជាក់​ថា​ ការដឹក​ប្រជាពលរដ្ឋ​ទៅ និងមក​ដោយ​ឥតគិតថ្លៃរវាង​រាជធានី​ភ្នំពេញ និង​ស្រុកកំណើតរបស់ពួកគាត់​នេះ នឹង​ចាប់ផ្តើម​ធ្វើឡើងនៅ​រៀងរាល់​ម៉ោង5 និង30​នាទី​ព្រឹក ចាប់ពី​ថ្ងៃ​ទី​6 ដល់​ថ្ងៃ​ទី​11 ខែតុលា ឆ្នាំ​2018 ដោយ​អនុវត្ត​នៅលើ​ផ្លូវជាតិ​លេខ​1 ផ្លូវជាតិ​លេខ​2 ផ្លូវជាតិ​លេខ​3 ផ្លូវជាតិ​លេខ​4 ផ្លូវជាតិ​លេខ​5 ផ្លូវជាតិ​លេខ​6 ផ្លូវជាតិ​លេខ​7និង​ផ្លូវជាតិ​លេខ​8​។

ការបែងចែក​រថយន្តត្រូវបានកំណត់ដូចខាងក្រោមនេះ៖

ផ្លូវជាតិ​លេខ1- ខេត្តស្វាយរៀង 5គ្រឿង ខេត្តព្រៃវែង 5គ្រឿង (ចំណត ផ្លូវ60ម៉ែត្រមុខក្រុមហ៊ុនមែរសឺដែស បិនហ្ស៍)

ផ្លូវជាតិ​លេខ2- ខេត្តតាកែវ​ 5គ្រឿង ខេត្តកែប5គ្រឿង (ចំណត ផ្លូវ60ម៉ែត្រមុខក្រុមហ៊ុនមែរសឺដែស បិនហ្ស៍)

ផ្លូវជាតិ​លេខ3- ខេត្តកំពត​ 10គ្រឿង (ចំណត ផ្សារសិនជូរី ផ្លាហ្សា)

ផ្លូវជាតិ​លេខ4- ខេត្តកំពង់ស្ពឺ 3គ្រឿង ខេត្តព្រះសីហនុ 7គ្រឿង(ចំណត ផ្សារសិនជូរី ផ្លាហ្សា)

ផ្លូវជាតិ​លេខ5- ខេត្តកំពង់ឆ្នាំង 5គ្រឿង ខេត្តពោធិ៍សាត់ 5គ្រឿង ​ខេត្តបាត់ដំបង 15គ្រឿង ខេត្តបន្ទាយមានជ័យ 15គ្រឿង(ចំណត សួនច្បារឬស្សីកែវ)

ផ្លូវជាតិ​លេខ6- ខេត្តកំពង់ធំ​ 5គ្រឿង ខេត្តសៀមរាប 10គ្រឿង (ចំណត ផ្លូវបេតុងតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ ខាងជើងរង្វង់មូលព្រហ្មមុខបួន)

ផ្លូវជាតិ​លេខ6-7- ខេត្តកំពង់ចាម 10គ្រឿង(ចំណត ផ្លូវបេតុងតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ ខាងជើងរង្វង់មូលព្រហ្មមុខបួន)

ផ្លូវជាតិ​លេខ6-8- ខេត្តត្បូងឃ្មុំ 5គ្រឿង ខេត្តក្រចេះ5គ្រឿង ខេត្តស្ទឹងត្រែង 5គ្រឿង(ចំណត គីឡូម៉ែត្រលេខ9)

សេចក្ដីជូនដំណឹងក៏បាន​បញ្ជាក់ដែរថា​ សម្រាប់ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ រដ្ឋបាល​រាជធានី​ភ្នំពេញនឹង​ប្រើប្រាស់​រថយន្តក្រុងចំនួន ​95​គ្រឿងដើម្បី​ដឹក​ជញ្ជូន​ដោយ​មិនបង់ប្រាក់ ​រយៈពេល 3​ថ្ងៃចាប់ពី​ថ្ងៃ​ទី​8 ដល់​ថ្ងៃ​ទី​10 ខែតុលា ឆ្នាំ​2018។

សម្រាប់ប្រជាពលរដ្ឋនៅតាមបណ្តាខេត្ត រដ្ឋបាល​រាជធានី​ភ្នំពេញនឹង​ប្រើប្រាស់​រថយន្តក្រុងចំនួន​​​120គ្រឿងសម្រាប់​ដឹក​ជញ្ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ កម្មករ កម្មការិនី ពីរាជធានីទៅតាមបណ្តាខេត្ត និងពីបណ្តាខេត្តមករាជធានីភ្នំពេញវិញដោយ​មិនបង់ប្រាក់​ រយៈពេល 6​​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​6 ដល់​ថ្ងៃ​ទី​11 ខែតុលា ឆ្នាំ​2018៕ ​

Advertisement