ការនាំចេញ​ជ័រកៅស៊ូឆ្នាំ2018 កម្ពុជាទទួលចំណូលជិត 300លានដុល្លារ

ប្រទេសកម្ពុជាបាននាំចេញជ័រកៅស៊ូជាង 21ម៉ឺនតោននៅក្នុងឆ្នាំ2018 កន្លងទៅនេះ ដោយទទួលបានចំណូលជិត 300លានដុល្លារអាមេរិក។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ កាលពីថ្ងៃទី28 ខែមករា ឆ្នាំ2019។

យោយតាមរបាយការណ៍បានបញ្ជាក់ថា ពេញមួយឆ្នាំ2018 បរិមាណជ័រកៅស៊ូដែលត្រូវបានបញ្ចេញលក់មានចំនួនសរុបប្រមាណ 217,500តោន ដែលចំនួននេះមានការកើនឡើងចំនួន 28,667តោន ស្មើនឹង15% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ2017។

សម្រាប់តម្លៃជ័រកៅស៊ូជាមធ្យម ក្នុងរយៈពេលពេញមួយឆ្នាំ2018 កន្លងទៅនេះ មានតម្លៃ 1,319ដុល្លារក្នុង1តោន តម្លៃនេះបានធ្លាក់ចុះ 262ដុល្លារក្នុង1តោន ស្មើនឹង17%។

ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ការងារ លោក សេង សក្កា បាន​មាន​ប្រសាសន៍​ថា ដោយ​មាន​កិច្ច​សហការ​វិនិយោគ​រវាង​ប្រទេស​ទាំង2 ​កម្ពុជា-វៀតណាម ក្នុង​នោះ​សម្ព័ន្ធ​ឧស្សាហកម្ម​កៅស៊ូ​វៀតណាម​ប្រចាំ​កម្ពុជា មាន​ប្រមាណ​ជា​ 19​ក្រុមហ៊ុន ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​វិនិយោគ​លើ​ការ​ដាំដុះ​ដំណាំ​ កសិ-ឧស្សាហកម្ម កៅស៊ូ​នៅ​លើ​ផ្ទៃដី​ប្រមាណ​ជា 10ម៉ឺន​ហិកតា នៅ​កម្ពុជា។

លោក សេង សក្កា បាន​ឱ្យ​ដឹង​ដែរ​ថា ​ក្រុមហ៊ុន​វៀតណាម ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​វិនិយោគ​លើ​ការ​ដាំដុះ​ដំណាំ​កសិ-ឧស្សាហកម្ម កៅស៊ូ​នៅ​លើ​ផ្ទៃដី​ប្រមាណ​ជា 10ម៉ឺន​ហិកតានេះ មាន​ទីតាំង​ស្ថិត​ក្នុង​ខេត្ត​7 រួមមាន​៖ ខេត្តកំពង់ធំ ព្រះវិហារ សៀមរាប ឧត្តរមានជ័យ ក្រចេះ ​មណ្ឌលគិរី និង​ខេត្ត​រតនគីរី ដែល​បាន​ចំណាយ​ដើម​ទុន​ប្រមាណ​ជា ​800លាន​ដុល្លារ​អាមេរិក​។

សូម​បញ្ជាក់​ថា បច្ចុប្បន្នបណ្តា​ក្រុមហ៊ុន​ឧស្សាហកម្ម​កៅស៊ូ​ទាំង​ 19ក្រុមហ៊ុន​​នោះ បាន​ប្រើប្រាស់​កម្លាំង​ពលកម្ម​ក្នុង​ស្រុក​ប្រមាណ​ជា 1ម៉ឺន 5​ពាន់​នាក់ និង​បន្ត​ត្រូវការ​កម្មករ​រហូត​ជាង 4ម៉ឺន​នាក់​ទៀត​ក្នុង​ឆ្នាំ​2020​។​

សូមជម្រាបថា កម្ពុជាមានផ្ទៃដីដាំកៅស៊ូសរុបចំនួន 436,682ហិកតា ដែលក្នុងនោះផ្ទៃដីចៀរជ័រមានចំនួនជាង 20ម៉ឺនហិកតា ដែលបានកើនឡើងចំនួន 4,812ហិកតា។

នៅក្នុងឆ្នាំ2017 កម្ពុជាបាននាំចេញជ័រកៅស៊ូជិត 20ម៉ឺនតោន ដោយទទួលបានចំណូលប្រមាណជិត 300លានដុល្លារអាមេរិកដែលជ័រកៅស៊ូកម្ពុជាត្រូវបាន​នាំ​ចេញ​ទាំងស្រុងទៅកាន់​ប្រទេស​ចិន វៀតណាម ​ម៉ាឡេស៊ី និងសិង្ហ​បុរី​៕

Advertisement