​កម្ពុជា ជំរុញ​ឱ្យ​អាមេរិក វិនិយោគ​លើការ​កែច្នៃ​កសិផល

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បាន​បង្ហាញ​សក្តានុពល​វិនិយោគរបស់​កម្ពុជា និង​ជំរុញ​ប្រតិភូ​ធុរជនមកពីតំ​បន់​កំពង់ផែ​ឡូសអែនជឺលេស សហរដ្ឋ​អាមេរិកឱ្យធ្វើការ​វិនិយោគ​លើការកែច្នៃ និង​អភិវឌ្ឍ​ខ្សែ​ចង្វាក់​តម្លៃកសិ​ផល​ខ្មែរទៅជា​ផលិតផល​ម្ហូប​អាហារ និង​ទំនិញ​ប្រើប្រាស់​ផ្សេងៗ ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក និង​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ។

កិច្ចជំរុញការវិនិយោគ​លើការ​កែច្នៃ​កសិផល​នេះ ធ្វើឡើងកាលពីថ្ងៃទី​24 ខែ​មករា ឆ្នាំ​2019 នៅទីស្តីការក្រសួងពាណិជ្ជកម្ម ​ក្នុងជំនួបរវាង​ ឯកឧត្តម ប៉ាន សូរស័ក្តិ  និង​ប្រតិភូ​ធុរជន​អាមេរិក ដឹកនាំ​ដោយលោក ណ័រមេន អារីកាវ៉ា (Norman Arikawa) ជំនួយការ​នាយក​ផ្នែក​អភិវឌ្ឍន៍​ពាណិជ្ជកម្ម ប្រចាំ​តំបន់​កំពង់ផែ​ឡូសអែនជឺលេស។

ឯកឧត្តម ប៉ាន សូរស័ក្តិ  បាន​ពន្យល់​​ប្រតិភូ​ធុរជន​អាមេរិកថា ​សក្តានុពល​នៃ​វិស័យ​កសិកម្ម និង​កម្មន្តសាលរបស់ប្រទេសកម្ពុជាមានច្រើនមុខដែល​វិនិយោគិន​បរទេសអាចធ្វើការវិនិយោគទាញយក​ប្រាក់​ចំណេញ​ខ្ពស់តាមរយៈការ​កែច្នៃ​វត្ថុធាតុ​ដើមទៅជា​ទំនិញ​ប្រើប្រាស់ និង​នាំចេញ​ទៅកាន់​ប្រទេស​ទី3។

ឯកឧត្តម បានបញ្ជាក់ថា៖«កម្ពុជាសម្បូរ​ទៅ​ដោយ​ភោគផល​ជាច្រើន​ដូចជា ស្រូវ និង​ដំឡូងមី ប៉ុន្តែ​យើង​ត្រូវការ​វិនិយោគិនជួយ​កែច្នៃ​កសិផល​ទាំងនេះឱ្យទៅជា​ទំនិញ​ប្រើប្រាស់ និង​ផលិតផល​សម្រេច ហើយ​លោក​អ្នក​ក៏​អាច​ដាក់​ទុន​ផលិត​សម្លៀក​បំពាក់ និង​កាបូប​ដាក់​សម្ភារ​ធ្វើ​ដំណើរ ដើម្បី​នាំចេញ​ទៅកាន់​ទីផ្សារ​សហរដ្ឋអាមេរិក​ផងដែរ»។ នេះ​បើតាម​ការគូស​បញ្ជាក់​របស់​រដ្ឋមន្រ្តី​ពាណិជ្ជកម្ម​កម្ពុជា។

ក្នុង​ឱកាសនោះ​ដែរ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្មក៏បាន​លើកឡើង​ពីកិច្ចខិតខំប្រឹងប្រែងរ​បស់​រាជរដ្ឋាភិបាលក្នុងការ​ទាក់ទាញ​វិនិយោគិនតាមរយៈ​ការ​អនុវត្ត​កម្មវិធី​កំណែ​ទម្រង់​ស៊ីជម្រៅ ការដាក់​ចេញ​នូវ​គោលនយោបាយ​វិនិយោគ និង​បើក​ចំហរល្អជាងគេ​នៅក្នុង​តំបន់ រួម​ជាមួយ​ការ​បន្ត​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មីៗ ដូចជាតំបន់​សេដ្ឋកិច្ច​ពិសេស ផ្លូវ​ល្បឿនលឿន ​ព្រលាន​យន្តហោះ កំពង់ផែ​អន្តរជាតិ និង​ផ្លូវដែក ដើម្បី​ជំរុញ​កិច្ចសម្រួល​ពាណិជ្ជកម្ម និង​លើក​កម្ពស់​វិស័យ​ទេសចរណ៍ ជាដើម។

លោក ណ័រមេន អារីកាវ៉ា បាន​សម្តែង​ក្តី​រំភើប​ចំពោះ​វឌ្ឍនភាព និង​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា និងបាន​ថ្លែង​អំណរគុណ​ដល់ឯកឧត្តម ប៉ាន សូរស័ក្តិ ដែលបាន​ពន្យល់​ពីគោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល និង​ចែករំលែក​នូវ​ព័ត៌មាន​ល្អៗទាក់ទិន​នឹង​ឱកាស​វិនិយោគលើវិស័យ​សំខាន់ៗ​នៅក្នុង​ប្រទេស​កម្ពុជា។

លោក​ប្រធាន​គណៈប្រតិភូ​ក៏បាន​សន្យា​ជួយ​ផ្សព្វផ្សាយ​អំពី​សក្តានុពល​របស់​កម្ពុជាទៅកាន់​តំបន់​កំពង់ផែ​ឡូសអែនជឺលេស ដើម្បី​កៀរគរ​ធុរជន​អាមេរិកឱ្យចូល​មក​បណ្តាក់ទុន​កាន់តែ​ច្រើន​នៅ​កម្ពុជា សំដៅ​ចូលរួម​អភិវឌ្ឍកំណើន​សេដ្ឋកិច្ច និងកាត់​បន្ថយភាព​ក្រីក្រជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា៕

Advertisement