ការខ្វះខាត​ភ្លើងក្នុង​រដូវក្តៅនេះ កម្ពុជាគ្រោង​ប្រើប្រាស់​អគ្គិសនី​ចេញពីនាវាផ្ទុក​ម៉ាស៊ីនភ្លើង​របស់​តួកគី

ក្នុងពេលដែល​ភ្លើងអគ្គិសនីនា​រដូវក្តៅមានការដាច់ជាញឹកញាប់​ ខណៈដែលតម្រូវការមានរហូតដល់ 400មេហ្គាវ៉ាត់ រាជ​រដ្ឋាភិបាល​កម្ពុជាកំពុង​រង់ចាំ​ការ​ឆ្លើយតប​ពី​សាធារណរដ្ឋ​តួកគី ដើម្បី​បញ្ជូន​នាវា​ដែល​ផ្ទុក​ម៉ាស៊ីន​ភ្លើង​ដ៏ធំ ​សម្រាប់​ផ្តល់​ចរន្តអគ្គិសនី​ប្រើប្រាស់​ក្នុងរយៈពេល​ប៉ុន្មាន​ខែ​នេះ។ នេះបើយោងតាម​ការ​ថ្លែង​បញ្ជាក់​របស់​សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុង​ពិធី​បើក​បុណ្យ​ទន្លេ​ នៅខេត្ត​កំពង់ឆ្នាំង កាលពីរាត្រីថ្ងៃទី16 ខែមីនា ឆ្នាំ​2019។

សម្តេច​បាន​លើកឡើង​ថា កត្តា​ប្រែប្រួល​អាកាសធាតុ​ បាន​ធ្វើឱ្យ​កម្ពុជា​ជួបប្រឈម​នឹង​បញ្ហា​គ្រោះ​រាំងស្ងួត​ ដែលមាន​រយៈពេល​វែងរហូត​ដល់ខែ​មិថុនា ឆ្នាំ​2019។ ទន្ទឹមនឹង​នេះដែរ កម្ពុជា​ក៏​កំពុង​ជួប​បញ្ហា​ខ្វះខាត​ភ្លើងអគ្គិសនី​ប្រើប្រាស់​រហូត​ដល់ 400មេហ្គាវ៉ាត់ ដែល​ទំហំ​នេះ​អាចនឹង​កើនឡើង​ថែមទៀតផង។

សម្តេចនាយករដ្ឋមន្រ្តីបានបន្តថា នៅពេលនេះរាជ​រដ្ឋាភិបាល​កម្ពុជា​បាននិង​កំពុង​ខិតខំ​ដោះស្រាយ​បញ្ហា​ដោយ​បន្ថែម​ម៉ាស៊ីន​ភ្លើង​ជាច្រើន​គ្រឿងទៀត​ដើម្បីផលិត និង​ចែកចាយ​ភ្លើងអគ្គិសនី។ វិធានការ​ជាបន្ទាន់​នៅពេល​នេះ គឺដើម្បី​ជំរុញ​ឱ្យ​ចង្វាក់​ផលិតកម្ម​ទាំងអស់ ពិសេស​ផលិតកម្ម​ម៉ាស៊ីន​កិនស្រូវឱ្យអាច​បន្ត​ដំណើរការ​កែច្នៃ​ផលិតផល​ស្រូវអង្ករ​ទៅបាន ចៀសវាង​ទទួល​រងនូវ​ផល​ប៉ះពាល់​នានា។

សូមបញ្ជាក់​ថា វារី​អគ្គិសនី​ដែល​កម្ពុជា​មាន​សព្វថ្ងៃ​នេះ គឺ​ដំណើរការ​បានដោយ​មានទឹក​ប្រើប្រាស់​គ្រប់គ្រាន់ ដូច្នេះ​ប្រសិន​បើមិន​មាន​ទឹក​គ្រប់គ្រាន់​ទេ គឺវារី​អគ្គិសនីទាំងនោះ​នឹង​ប្រឈម​បញ្ហា​ផលិត​ថាមពល​អគ្គិសនី​ជាមិនខាន។ យើងបានដឹងហើយថា ក្នុងពេលនេះ គឺជាការចាប់ផ្តើមរដូវក្តៅហើយ បើតាមការប្រកាសរបស់ក្រសួងឧតុនិយម ដូច្នេះទឹកបឹង ស្ទឹង ព្រែក ទន្លេនឹងរីងស្ងួត ចរន្តទឹកទាបមិនមានល្បឿនសម្រាប់ផ្តល់ការដល់ផលិតចរន្តអគ្គិសនីបានខ្លាំងទេ នេះជាហេតុផល។

ជាមួយ​គ្នានេះ សម្តេចនាយករដ្ឋមន្រ្តី​ក៏បាន​អំពាវនាវផងដែរថា៖ «សូមបងប្អូន​ជួយ​បញ្ចេញ​ម៉ាស៊ីន​ភ្លើង និង​ទិញ​ម៉ាស៊ីន​ភ្លើង​ដាក់​ប្រើប្រាស់​បន្ត​សិន ដើម្បី​ឱ្យ​ការងារ​ដំណើរការ​ទៅមុខ​ទាន់​ពេលវេលា»។ សូមឱ្យ​ប្រជាពលរដ្ឋទូទាំង​ប្រទេស និង​អាជីវករ​ទាំងអស់យោគយល់ អធ្យាស្រ័យ​ក្នុង​ករណី​ដែលនៅ​ទីកន្លែងខ្លះ​មានដាច់​ភ្លើង និងការ​ខ្វះភ្លើងអគ្គិសនី​ប្រើ ព្រមទាំងស្នើឱ្យពលរដ្ឋ​ប្រើប្រាស់​ភ្លើង​ដោយលក្ខណៈ​សន្សំសំចៃ៕

Advertisement