ក្រុមហ៊ុនអចលនទ្រព្យចិន បោះទុន$ 700លាននៅភាគខាងត្បូងរាជធានីភ្នំពេញ

គម្រោងអចលនទ្រព្យដ៏ធំមួយនឹងលេចចេញជារូបរាងឡើងនៅភាគខាងត្បូងរាជធានីភ្នំពេញបន្ទាប់ពីក្រុមហ៊ុនមកពីប្រទេសចិនមួយបានសម្រេចបោះទុនវិនិយោគលើគម្រោងអគារស្នាក់នៅខ្ពស់ជាងគេបំផុត ជាអគារស្នាក់នៅរបស់អភិជនជាន់ខ្ពស់នៅកម្ពុជា

ក្រុមហ៊ុនអចលនទ្រព្យដ៏ធំរបស់ប្រទេសចិន អ & អេហ្វ ប្រផឹធី (R & F PROPERTIES) បានបោះទុនវិនិយោគ 700លានដុល្លារលើគម្រោងអគារស្នាក់នៅ អ&អេហ្វ ក្លូរីនេះ (R & F Glory) នៅភាគខាងត្បូងទីក្រុងភ្នំពេញដែលបាននិងកំពុងសាងសង់លើផ្ទៃដីសរុបជិត 8ហិកតា មានកម្ពស់ 57ជាន់ ស្មើនឹង 174ម៉ែត្រដែលក្នុងនាមជាអគារស្នាក់នៅលំដាប់ខ្ពស់ជាងគេទីមួយនៅជាយទីក្រុងភ្នំពេញដើម្បីឆ្លើយតបចំពោះជីវភាពស្នាក់នៅរបស់ប្រជាជនភ្នំពេញនាពេលអនាគត។

លោក ស៊ូ វិនសូវ (XU WENSHUI) អគ្គនាយកគ្រប់គ្រងក្រុមហ៊ុន អ & អេហ្វ ប្រផឹធី ប្រចាំប្រទេសកម្ពុជាបានឱ្យដឹងថា៖ គម្រោងអគារស្នាក់នៅខ្ពស់ជាងគេបំផុតនៅរាជធានីភ្នំពេញនេះ មានកម្ពស់  57ជាន់ ស្មើនឹង 174ម៉ែត្រ ដែលជាអគារស្នាក់នៅរបស់អភិជនជាន់ខ្ពស់នៅកម្ពុជា។

លោក ស៊ូ វិនសូវ បានបញ្ជាក់ថា គម្រោងអគារស្នាក់នៅដ៏ទំនើបនេះ គឺដោយសារមើលឃើញពីសក្តានុពលដ៏ធំធេងនៃកំណើនប្រជាជនដែលជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចរីកចម្រើននៃប្រទេសកម្ពុជាទាំងមូល ពិសេសការកើនឡើងនៃតម្រូវការលំនៅឋានក្នុងរាជធានីភ្នំពេញ និងតំបន់ជុំវិញ។

កញ្ញា ឱក សុគន្ធកញ្ញា ដែលត្រូវបានតែងតាំងជាអ្នកនាំពាក្យសម្រាប់គម្រោងសាងសង់អគារស្នាក់នៅ អ&អេហ្វ ក្លូរី (R & F Glory)នៅ បានបញ្ជាក់ថា គម្រោងសាងសង់អគារស្នាក់នៅនេះនឹងត្រូវបានសាងសង់ឡើងប្រកបដោយគុណភាព និងមានភាពខុសប្លែកពីគេបំផុតនៅទីក្រុងភ្នំពេញ ហើយនៅក្នុងចំណោមលក្ខណៈសម្បត្តិដ៏លេចធ្លោនេះ ក៏នឹងមានការបំពាក់បរិក្ខារដ៏ប្រណីតៗ និងសម្បូរបែបសម្រាប់ទាក់ទាញអតិថិជនផងដែរ។

លោក WANG ZHI HAO ប្រធានក្រុមប្រឹក្សាភិបាលនៃ(R & F PROPERTIES(CAMBODIA)  CO.,LTD បានបង្ហាញថា ក្រុមហ៊ុន (R & F PROPERTIES) ត្រូវបានបង្កើតឡើងនៅឆ្នាំ1994 ជាក្រុមហ៊ុនល្អបំផុតទាំង10 នៅក្នុងប្រទេសចិន។ ក្រុមហ៊ុនបានយកចិត្តទុកដាក់លើការស្ថាបនាអគារស្នាក់នៅលំដាប់កំពូល ចាប់ពីក្រុងក្វាងចូវ រហូតដល់ទូទាំងប្រទេសចិន និងនៅលើពិភពលោកអស់រយៈពេល24ឆ្នាំមកហើយ។

លោកបន្តថា បច្ចុប្បន្នក្រុមហ៊ុន (R & F PROPERTIES) បានស្ថាបនាគម្រោងក្នុងប្រទេសម៉ាឡេស៊ី អូស្ត្រាលី អង់គ្លេស និងនៅប្រទេសកម្ពុជា ហើយបានសាងសង់អគារចំនួន 220ទីតាំងនៅក្នុងទីក្រុងប្រមាណជា70 នៅទួទាំងពិភពលោក។ R & F PROPERTIES បានឈានចូលក្នុងប្រទេសកម្ពុជាជាផ្លូវការនៅខែឧសភា ឆ្នាំ2017 ដោយបាននាំមកគម្រោងទី1 ដែលកែប្រែជីវភាពស្នាក់នៅក្នុងភ្នំពេញ គឺR & F CITY ជាបុរីសួនអន្តរជាតិមួយ ដែលមានទំហំ 560ពាន់ម៉ែត្រការ៉េ នាំមុខបុរីស្នាក់នៅកំពូលៗក្នុងភ្នំពេញ និងគម្រោងទី2 គឺគម្រោងអគារស្នាក់នៅ អ&អេហ្វ ក្លូរីនេះ (R & F Glory) បាន និងកំពុងសាងសង់ក្នុងនាមជាអគារស្នាក់នៅលំដាប់ខ្ពស់ជាងគេទីមួយនៅតំបន់ជាយទីក្រុងភ្នំពេញ ដើម្បីឆ្លើយតបចំពោះជីវភាពស្នាក់នៅរបស់ប្រជាជនដែលកាន់តែច្រើនឡើងក្នុងភ្នំពេញនាពេលអនាគត៕

Advertisement