អឺរ៉ុប​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ជា​ទឹកប្រាក់​ចំនួន​ ​26លាន​អឺ​រ៉ូ​ ​សម្រាប់​អនុវត្តន៍​គម្រោង​ចំនួន3​

​សហភាព​អឺរ៉ុប​នឹង​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ ​តាមកម្ម​វិធី​កែទម្រង់​ចំនួន3​ ​មាន​ថវិកា​ចំនួន26,8លាន​អឺ​រ៉ូ​ដល់​កម្ពុជា​ ​ក្រោម​កិច្ច​សហប្រតិបត្តិ​ការ​កម្ពុជា​-​សហភាព​អឺរ៉ុប​ ​ដែល​ការអនុវត្ត​កម្មវិធី​នឹង​ត្រូវ​ធ្វើឡើង​ក្នុង​ខែសីហា​ ​ឆ្នាំ2019​ ​នេះ​ ​ដោយ​រដ្ឋាភិបាល​នឹង​ជំរុញ​សម្របសម្រួល​ជាមួយ​ក្រសួង​ជំនាញ​ពាក់ព័ន្ធ​ ​ដើម្បី​រៀបចំ​ឯកសារ​គាំទ្រ​សម្រាប់​ការ​បន្ត​ផ្តល់​ថវិកា​។​

​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ក្រ​សួង​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​បានឱ្យ​ដឹង​ថា​ ​តាម​ការ​ ​កំណត់​ក្នុង​កិច្ច​ព្រមព្រៀង​ហិរញ្ញប្បទាន​ ​ឥត​សំណង​តាមកម្ម​វិធី​កែទម្រង់​នី​មួយ​ៗ​នៃ​កិច្ច​សហប្រតិបត្តិ​ការ​កម្ពុជា​-​សហភាព​អឺរ៉ុប​ ​ការវាយតម្លៃ​នៃ​ការអនុវត្ត​ក្របខ័ណ្ឌ​ឆ្នាំ2018​ ​មាន​ជា​លទ្ធផល​៖​

​ ​ទី1​-​ ​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ ​ដំណាក់កាល​ទី3​ ​ត្រូវ​បើក​ផ្តល់​ថវិកា​សម្រាប់​ឆ្នាំ2019​ ​ចំនួន​ ​4,3លាន​អឺ​រ៉ូ​។​
​ទី2​-​ ​ភាពជា​ដៃគូ​កំណែទម្រង់​វិស័យ​អប់រំ​ឆ្នាំ2018​-​2021​ ​ត្រូវ​បើក​ផ្តល់​ថវិកា​សម្រាប់​ឆ្នាំ2019​ ​ចំនួន​ ​17,5លាន​អឺ​រ៉ូ​ ​
​ទី3​-​ ​កម្មវិធី​ជំរុញ​កំណើន​វិស័យ​ជលផល​ប្រកបដោយ​ចីរភាព​ ​និង​បរិ​យា​ប័ន្​ន​(​ផ្នែក​នេសាទ​)​ ​ត្រូវ​បើក​ផ្តល់​ថវិកា​សម្រាប់​ឆ្នាំ2019​ ​ចំនួន​ ​5,0លាន​អឺ​រ៉ូ​ ​។​

សូម​បញ្ជាក់​ថា​ ​ការ​បន្ត​ផ្តល់​ថវិកា​នៃ​ការអនុវត្ត​កម្មវិធី​កែទម្រង់​ចំនួន3​ ​ដែល​ថវិកា​ទ្រទ្រង់​កម្មវិធី​មាន​ទឹកប្រាក់​សរុប​ចំនួន​ ​26,8លាន​អឺ​រ៉ូ​ ​បាន​ធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ ​រវាង​ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ​ ​អូន​ ​ព័ន្ធ​មុនី​រ័ត្ន​ ​ឧបនាយក​រដ្ឋមន្រ្តី​ ​រដ្ឋមន្រ្តី​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​កាលពី​ថ្ងៃទី15​ ​ខែកក្កដា​កន្លងមក​ ​ជាមួយ​លោក​ ​George​ ​Edgar​)​ ​ឯកអគ្គ​រដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ ​ដោយ​បាន​បង្ហាញ​ជំហរ​បន្ត​គាំទ្រ​សម្រាប់​កិច្ច​សហប្រតិបត្តិ​ការ​កម្ពុជា​-​សហភាព​អឺរ៉ុប​ជាមួយនឹង​ការ​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​។​ ​

​ឯកឧត្តម​ ​អូន​ ​ព័ន្ធ​មុនី​រ័ត្ន​ ​បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ឯកឧត្តម​ ​ចច​ ​អេដហ្គារ​ ​និង​សហការី​ ​និង​បាន​ថ្លែងអំណរគុណ​ដល់​សហភាព​អឺរ៉ុប​ ​ចំពោះ​ជំហរ​បន្ត​គាំទ្រ​ ​និង​ការ​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​ជាមួយ​រាជរដ្ឋាភិបាល​បន្ថែម​ទៀត​ ​ដែល​ឆ្លុះបញ្ចាំង​អំពី​សុភ​វិនិច្ឆ័យ​ចំពោះ​សមិទ្ធផល​នានា​ ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ខិតខំ​សម្រេច​បាន​ ​និង​កិច្ច​សហប្រតិបត្តិ​ការ​ដ៏​ល្អ​ប្រសើរ​កន្លងមក​៕​

Advertisement