តុលាការអន្តរជាតិ បង្គាប់​ឲ្យ BlackBerry បង់ប្រាក់ 137លាន​ដុល្លារ ទៅ​ក្រុមហ៊ុន Nokia ដើម្បី​បញ្ចប់​ជម្លោះ

អាមេរិក៖ ក្រុមហ៊ុន​ផលិត​ទូរស័ព្ទដៃ​កាណាដា BlackBerry នៅថ្ងៃនេះ ត្រូវបាន​តុលាការអន្តរជាតិ បង្គាប់​ឲ្យ​បង់ប្រាក់ 137លាន​ដុល្លារ​អាមេរិក ទៅ​ក្រុមហ៊ុន Nokia ដើម្បី​បញ្ចប់​ជម្លោះ​កិច្ចសន្យា​រវាង​ក្រុមហ៊ុន​ទាំងពីរ។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន Phone Arena ចេញផ្សាយ​នៅ​ថ្ងៃទី 02 ខែធ្នូ ឆ្នាំ 2017។

ក្រុមហ៊ុន Nokia បានដាក់​ពាក្យបណ្ដឹង​ទៅកាន់​តុលាការ​អាជ្ញាកណ្ដាល​ពាណិជ្ជកម្ម​អន្តរជាតិ ឲ្យ​ជួយ​ដោះស្រាយ​ពាក់ព័ន្ធ​នឹង​ករណី​ដែល​ក្រុមហ៊ុន BlackBerry បាន​ល្មើស​ទៅនឹង​កិច្ចសន្យា ប៉ុន្តែ​នៅក្នុង​ពាក្យបណ្ដឹង​នោះ ក្រុមហ៊ុន Nokia មិនបាន​ស្នើ​ឲ្យ​តុលា​ការជួយ​ដោះស្រាយ​រឿង​ករណី BlackBerry រំលោភ​លើ​កម្មសិទ្ធិបញ្ញា​ឡើយ ខណៈដែល​គេ​ដឹងថា ក្រុមហ៊ុន BlackBerry បាន​ប្រើប្រាស់​នូវ​ប៉ាតង់​ជាច្រើន​របស់ Nokia ដោយ​មិនបាន​សុំ​សិទ្ធិ​ប្រើប្រាស់។

ពាក់ព័ន្ធ​នឹង​ករណីនេះ ក្រុមហ៊ុន BlackBerry នៅ​មិនទាន់មាន​ប្រតិកម្ម ឬ​សេចក្ដីថ្លែងការណ៍​ណាមួយ​ឡើយ ខណៈដែល​សារព័ត៌មាន​ជាច្រើន​កំពុងតែ​ផ្ដោត​សំខាន់​ទៅលើ​រឿងនេះ៕

Advertisement