កាន់តែ​អស្ចារ្យ​ហើយ! Samsung ចង់​ស្គែ​ន​បាតដៃ​ដើម្បី​ចាក់ និង​ដោះ​សោ​ទូរស័ព្ទដៃ

អាមេរិក៖ ក្រុមហ៊ុន​អេឡិចត្រូនិក​យក្ស​កូរ៉េខាងត្បូង Samsung ត្រូវបាន​គេ​ដឹងថា គ្រោង​នឹង​បង្កើត​បច្ចេកវិទ្យា​ស្គែ​ន​បាតដៃ​សម្រាប់​ធ្វើជា​លេខ​សម្ងាត់​ក្នុងការ​ចាក់សោ និង​ដោះ​សោ​ទូរស័ព្ទ ដែល​កាលពីមុន​មាន​ត្រឹមតែ​ការប្រើ​ម្រាមដៃ និង​ប្រ​ស្រី​ភ្នែក​តែប៉ុណ្ណោះ។

ក្រុមហ៊ុន Samsung បាន​ប្រើ​បច្ចេកវិទ្យា​ចុងក្រោយ​សម្រាប់​ចាក់សោ និង​ដោះ​សោ​ទូរស័ព្ទដៃ​ដោយ​ការ​ស្គែ​ន​ប្រ​ស្រី​ភ្នែក​ជាមួយនឹង​ទូរស័ព្ទដៃ​ស៊េរី Galaxy S8 និង Note 8 ប៉ុន្តែ​នៅពេលនេះ សារព័ត៌មាន​បច្ចេកវិទ្យាធំៗជាច្រើន​បាន​ចុះផ្សាយ​ដោយ​បង្ហាញ​នូវ​គំរូ​ប៉ាតង់​ថ្មី​របស់ Samsung ក្នុង​ការប្រើ​បច្ចេកវិទ្យា​ស្គែ​ន​បាតដៃ​ដើម្បី​ចាក់សោ និង​ដោះ​សោ​ទូរស័ព្ទ។

យោងតាម​ក្រុម​អ្នកជំនាញ​បាន​បញ្ជាក់ថា ក្រុមហ៊ុន Samsung ប្រហែលជា​មិន​ប្រើ​បច្ចេកវិទ្យា​ស្គែ​ន​បាតដៃ​សម្រាប់តែ​ចាក់សោ និង​ដោះ​សោ​ប៉ុណ្ណោះ​ទេ គឺអាច​ប្រើ​ដើម្បី​ទូទាត់​សាច់ប្រាក់ ឬ​ប្រើ​ដើម្បី​ធ្វើ​អ្វីផ្សេងៗជាច្រើន​ទៀត គ្រាន់តែ​ថា​នៅពេលនេះ ក្រុមហ៊ុន Samsung នៅ​មិនទាន់​ប្រកាស​ជា​ផ្លូវការ​ប៉ុណ្ណោះ៕

Advertisement