LG សម្ពោធលក់ស្មាតហ្វូនស៊េរី K ឆ្នាំ 2017 ពីរម៉ូឌែលនៅកម្ពុជា

ក្រោយទទួលបានការគាំទ្រច្រើនសន្ធឹកលើស្មាតហ្វូនត្រកូល K កាលពីឆ្នាំទៅ ក្រុមហ៊ុន G Gear ដែលជាក្រុមហ៊ុនចែកចាយផ្តាច់មុខទូរសព្ទម៉ាក LG បានធ្វើការសម្ពោធលក់ជាផ្លូវការនូវស្មាតហ្វូន LG K10 និង LG K8 ស៊េរីឆ្នាំ 2017 ជាមួយនឹងរូបរាងប្លែក សមត្ថភាពដំណើរការរលូនល្អ តម្លៃសមរម្យ។

កម្មវិធីសម្ពោធនោះត្រូវបានធ្វើឡើងដោយមានការសហការជាមួយនឹងក្រុមហ៊ុន Cellcard ក្នុងការដាក់ចេញស្មាតហ្វូនតម្លៃធូរថ្លៃ សមត្ថភាពអាចដំណើរការកម្មវិធីបានល្អ ព្រមជាមួយនឹងការថែមជូនស្រោមទូរសព្ទ ផ្លាសិ្ទកការពារអេក្រង់ ស៊ីមលេខពិសេស អ៊ីនធើណិត 48 GB ដោយឥតគិតថ្លៃសម្រាប់រយៈពេល 6 ខែ។

អ្នកតំណាងក្រុមហ៊ុន G Gear លោក Meach Sambath បានឱ្យដឹងថា ការនាំយកស្មាតហ្វូនត្រកូល K ឆ្នាំ 2017 នេះ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អតិថិជន ដែលមានកើនឡើងជារៀងរាល់ថ្ងៃ ខណៈវាទាំង 2 ជាទូរសព្ទស្មាតហ្វូនជំនាន់ថ្មី 2017 ដែលត្រូវបានក្រុមហ៊ុន LG រចនាឡើងជាពិសសេ និងមានតម្លៃសមរម្យ។

លោកបន្តថា LG K10 2017 គឺជាស្មាតហ្វូនដែលមានរាងស្ដើង និងមានភាពទាក់ទាញត្រូវបានបំពាក់មកជាមួយអង្គគណនា 8 ប្រភេទ Octa-Core Processor ល្បឿន 1.5GHz ហើយមាន RAM 2 GB រួមនឹងទំហំផ្ទុក 16 GB ហើយអាចដាក់បន្ថែម MicroSD ដល់ 256 GB។ LG K10 មានអេក្រង់ប្រភេទ IPS ទំហំ 5.3 អ៊ីញ ផ្ទៃអេក្រង់មានលក្ខណៈកោង 2.5D អាចបង្ហាញចេញនូវកម្រិតរូបភាពបានកម្រិត HD និងមានកាមេរ៉ាទំហំ 13 MP មានបច្ចេកវិទ្យា Autofocus ហើយមានកាមេរ៉ា Selfie ទំហំ 5 MP ដែលអាចថតរូបភាពបានរហូតដល់120 ឌឺក្រេ ជាមួយបច្ចេកវិជ្ជា Wide Angle Selfie Camera ។ ក្នុងនោះវាមានទំហំថ្ម 2,800mAh និងអាចប្រើជាមួយស៊ីម 4G ដែលមានល្បឿនលឿនគួរជាទីពេញចិត្ត។

ដោយឡែកសម្រាប់ស្មាតហ្វូន LG K8 មានរូបរាងមិនចាញ់ K10 ប៉ុន្មានទេ ជាមួយនឹងទំហំ 5.0 អ៊ីញ ភ្ជាប់មកជាមួយអង្គគណនា 4 គ្រាប់ប្រភេទ Quad-Core Processor ល្បឿន 1.25 GHz, RAM 1.5 GB និងមានទំហំផ្ទុកទំហំ 16 GB ហើយអាចដាក់បន្ថែម MicroSD ដល់ 256 GB ដូចគ្នា។

ចំណុចពិសេសមួយទៀតនោះគឺ LG K8 មានកាមេរ៉ាទំហំ 13 MP ប្រើបច្ចេកវិទ្យា Autofocus, កាមេរ៉ាខាងមុខទំហំ 5 MP ដែលអាចថតរូបភាពបានយ៉ាងច្បាស់ ហើយមានថាមពលថ្ម 2500mAh។ ចំពោះតម្លៃទូរ័ព្ទ LG K10 មានតម្លៃប្រមាណ 249 ដុល្លារ ខណៈទូរសព្ទ LG K8 មានតម្លៃ 189 ដុល្លារ៕

Advertisement