វិធីសាស្រ្តសម្រាប់អាណាព្យាបាល និងគ្រូបង្រៀនក្នុងការយកចិត្តក្មេងៗ

ក្មេងជាវ័យដែលត្រូវការក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ខ្ពស់ពីអាណាព្យាបាល ព្រោះមានក្មេងខ្លះកាន់តែរីកលូតលាស់ធំឡើង កាន់តែពូកែប្រឆាំងជំទាស់ ឬកាន់តែឃ្លាតឆ្ងាយពីអាណាព្យាបាល។ មានអាណាព្យាបាល និងអ្នកអប់រំជាច្រើនបានបង្ហាញក្តីកង្វល់របស់ខ្លួនពីបញ្ហាពិបាកក្នុងការធ្វើឱ្យក្មេងចូលចិត្ត ហើយស្តាប់តាម ឬនិយាយឱ្យងាយស្រួលគឺឱ្យក្មេងស្រឡាញ់ចូលចិត្ត។

ខាងក្រោមនេះជាវិធីមួយចំនួនដើម្បីធ្វើឱ្យក្មេងៗចូលចិត្ត និងទទួលយកបំណងល្អដែលយើងផ្តល់ជូនទៅកាន់គាត់៖

1.និយាយពីអ្វីដែលក្មេងចូលចិត្ត កុំនិយាយពីអ្វីដែលយើងចង់បានខ្លួនឯងនៅពេលដែលអាណាព្យាបាល ឬអ្នកបង្រៀនចង់ឱ្យក្មេងធ្វើអ្វីមួយតាមដែលខ្លួនចង់បាន ពួកគេមួយចំនួនបានធ្វើការបង្ខំ ឬពន្យល់តែអ្វីដែលពួកគាត់ចង់ធ្វើតែប៉ុណ្ណោះដែលធ្វើឱ្យក្មេងកាន់តែប្រឆាំង ព្រោះគំនិតនេះអាចមិនស្របជាមួយនឹងកម្រិតយល់ដឹងរបស់ក្មេង។

ចំណុចល្អដែលអាណាព្យាបាលគួរធ្វើគឺ បំផុសសំណួរមួយចំនួនដើម្បីឱ្យក្មេងជាអ្នកឆ្លើយហើយយើងគ្រាន់តែសម្រួល លើចម្លើយដែលគេឆ្លើយនោះដោយប្រើហេតុផលមួយចំនួនទៅកាន់ក្មេងៗនោះគេនឹងគិតថាអាណាព្យាបាលកំពុងឱ្យតម្លៃលើរូបគេ។ ការបញ្ចូលនូវគំនិតមួយចំនួនដែលយើងចង់ឱ្យក្មេងយល់នេះ ចាំបាច់ត្រូវប្រុងប្រយ័ត្នហើយធ្វើយ៉ាងណាឱ្យក្មេងយល់ថា យើងកំពុងតែស្របតាមអ្វីដែលគេឆ្លើយ ហើយយើងលើកទឹកចិត្តឱ្យមានការអនុវត្តនូវគំនិតនោះដោយគ្រាន់តែបញ្ចូលលក្ខណៈកាន់តែល្អៗមួយចំនួនប៉ុណ្ណោះ។ នៅពេលដែលក្មេងគិតថាមនុស្សចាស់អនុវត្តតាមការសម្រេចចិត្តរបស់គេ គេក៏នឹងផ្តល់ក្តីគោរពមកវិញ ហើយរីករាយនឹងធ្វើតាមអ្វីដែលអាណាព្យាបាលចង់ឱ្យគេធ្វើដោយក្តីពេញចិត្ត និងយល់ហេតុផល។

2.ត្រូវធ្វើជាអ្នកស្តាប់ដ៏ពូកែក្មេងជាវ័យដែលចូលចិត្តបង្ហាញពីអ្វីរឿងល្អៗដែលគេធ្វើបាន ឬរឿងអស្ចារ្យដែលគេគិតថាមិនធ្លាប់បានធ្វើពីមុនមក។ អារម្មណ៍ចង់បង្អួតស្នាដៃរបស់ក្មេង អាចធ្វើឱ្យមនុស្សធំចំណេញបានផលយ៉ាងច្រើន ព្រោះប្រសិនបើយើងអាចដាក់ចិត្ត ដាក់កាយស្តាប់គេតែបន្តិច យើងនឹងក្លាយជាអ្នកដែលគេចូលចិត្តរួចបាត់ទៅហើយ ព្រោះក្មេងនៅត្រូវការយើងដើម្បីស្តាប់រឿងអស្ចារ្យរបស់គេជាច្រើនទៀត។

ប្រសិនបើអាណាព្យាបាលឆ្លាត យើងគួរចំណាយពេលសួរនាំ និងចេះសរសើរនៅពេលដែលក្មេងបង្ហាញពីសកម្មភាពវិជ្ជមាន ឬអួតពីសមត្ថភាពរបស់គេ។ ទន្ទឹមនឹងនេះ អាណាព្យាបាលក៏អាចបង្ហាញពីផ្លូវដែលកាន់តែអស្ចារ្យ និងរីករាយដើម្បីឱ្យកូនកាន់តែខិតខំប្រឹងប្រែងដើម្បីយកវាឱ្យបាន ដូចជាលើកទឹកចិត្តឱ្យខំប្រឹងប្រែងយកពានរង្វាន់ បង្ហាញផ្លូវបង្កើតផលិតផលងាយៗ ក៏ដូចជាវិធីសាស្រ្តនិយាយឱ្យកាន់តែមានភាពចាស់ទុំជាដើមដល់កូនៗ។

3.ត្រូវធ្វើជាអ្នកពូកែនិយាយរឿងក្រៅពីការលេង ក្មេងចូលចិត្តបំផុតគឺការស្តាប់រឿងរ៉ាវដែលមនុស្សធំនិយាយ ព្រោះពួកគេចង់ធ្វើដូចមនុស្សធំ។ ចំណុចដែលអាណាព្យាបាលអាចទាក់ទាញចំណាប់អារម្មណ៍ពីក្មេង គឺយករឿងល្អៗ ឬគំរូនៃមេរៀនជីវិតដែលមានប្រយោជន៍ដំណាលប្រាប់ក្មេង។ នៅពេលនោះ ក្មេងនឹងយល់ថាយើងជាអ្នកដែលធ្វើឱ្យគេរីករាយ ខណៈពេលដែលយើងកំពុងបង្រៀនគេដោយសីលវិធីល្អបំផុតមួយ៕

Advertisement