សម្ដី Donald Trump ចាប់ផ្ដើមមានឥទ្ធិពលលើ Apple

សម្ដីរបស់លោកប្រធានាធិបតី Donald Trump ចាប់ផ្ដើមមានឥទ្ធិពលទៅលើក្រុមហ៊ុន Apple ហើយ បន្ទាប់ពីបានស្នើឱ្យក្រុមហ៊ុនមួយនេះផ្លាស់ប្ដូររោងចក្រផលិតទូរស័ព្ទ iPhone មកទឹកដីអាមេរិកវិញ តាំងពីពេលមុនឡើងកាន់តំណែង។

ឆ្លើយតបនឹងសំណើមួយនេះ នាយកប្រតិបត្តិ Apple លោក Tim Cook បានឆ្លើយប្រាប់ទៅពិធីករលោក Jim Cramer នៅក្នុងបទសម្ភាស Mad Money របស់ប៉ុស្តិ៍ CNBC កាលពីថ្ងៃទី 03 ខែឧសភា ឆ្នាំ 2017 នេះថា ក្រុមហ៊ុនលោកបានត្រៀមខ្លួននឹងធ្វើការវិនិយោគដ៏ធំមួយសម្រាប់ពលរដ្ឋអាមេរិក ដើម្បីតបនឹងការស្នើសុំរបស់លោកប្រធានាធិបតី។ ទឹកប្រាក់ មួយពាន់លានដុល្លារ នឹងត្រូវបានត្រៀមសម្រាប់ការសាងសង់រោងចក្រ និងសម្ភារជាច្រើនទៀត ដើម្បីបម្រើដល់ចង្វាក់ផលិតកម្មទូរស័ព្ទ iPhone។

នាយកប្រតិបត្តិរូបនេះថ្លែងថា «ការផ្លាស់ប្ដូរនេះ វាប្រៀបដូចទឹករលកក្នុងបឹង ដែលមិនដែលបោកបក់ ប៉ុន្តែពេលវាចាប់ផ្ដើម គឺខ្លាំងតែម្ដង។ លោកបន្តថា ក្រោយការសាងសង់បានបញ្ចប់ នៅតំបន់នោះអាចនឹងបង្កើតការងារផ្សេងទៀត ពិសេសបណ្តុំសេវាឧស្សាហកម្ម ដែលបង្កើតឡើងជុំវិញកន្លែងការងារនេះតែម្តង និងវាជាវិធីដែល Apple ចង់សងគុណត្រឡប់ទៅសង្គមវិញ តាមរយៈការបង្កើតការងារ និងការប្រើប្រាស់ថាមពលកកើតឡើងវិញ»។

យ៉ាងណាមិញ ការឆ្លើយតបខាងលើ វាហាក់ផ្ទុយពីអ្វីដែល Apple ធ្លាប់បានបង្ហើបកាលពីពេលកន្លងទៅទាក់ទងនឹងរឿងផ្លាស់ប្ដូរទីតាំងរោងចក្រមួយនេះ។ លោក Luca Maestri ប្រធានផ្នែកហិរញ្ញវត្ថុរបស់ Apple ធ្លាប់បានឱ្យដឹងក្នុងសន្និសីទកាសែត Goldmans Sachs កាលពីដើមឆ្នាំ 2017 ថា ក្រុមហ៊ុនគ្មានបំណងនឹងធ្វើការផ្លាស់ប្ដូរអ្វីមកទឹកដីអាមេរិកទេ ព្រោះក្រុមហ៊ុនបានធ្វើការវិនិយោគធំ និងជួយសេដ្ឋកិច្ចរបស់អាមេរិកជាច្រើនឆ្នាំមកហើយ លើទឹកប្រាក់រាប់ពាន់លានដុល្លារនៅអាមេរិក ដែលបើគិតសរុបមកដល់ពេលនេះ និងរយៈពេល 10 ឆ្នាំនេះ៕

ប្រភព៖ YouTube
អត្តបទដោយ Chhaihor

Advertisement