ចង់​សម្រេច​ក្តី​សុបិន ត្រូវ​ស្គាល់​ខ្លួនឯង​ឱ្យ​ច្បាស់​ជាមុនសិន

មនុស្ស​មួយចំនួន​បាន និង​កំពុងតែ​ចាប់ផ្តើម​មើលឃើញ​ឱកាស​កាន់តែ​ទូលំទូលាយ​ក្នុងការ​អភិវឌ្ឍ​សមត្ថភាព​ដើម្បី​សម្រេច​ឱ្យបាន​នូវ​ផែនការ​ជីវិត​របស់​ពួកគេ ខណៈ​ដែលមាន​មនុស្ស​មួយចំនួនទៀត​បែរជា​បណ្តោយ​ខ្លួន​ឱ្យ​ស្ថិតក្នុង​ភាពស្រពេចស្រពិល ហើយក៏​មិនបាន​ត្រៀម​រៀបចំ​ផែនការ​ជីវិត​អ្វី​ទាល់តែសោះ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ កញ្ញា​នាង សុ​វាត​នា ដែល​យុវវ័យ​ជាច្រើន​ស្គាល់​ថា​ជា DJ Nana បាន​លើកឡើងថា បើ​និយាយ​ពី​ចំនួន​យុវវ័យ​ដែល​បានរៀបចំ​គោលដៅ​ជីវិត​រួចរាល់​នោះ កញ្ញា​មិនមាន​ទិន្នន័យ​តាមរយៈ​ការស្រាវជ្រាវ​ណាមួយ​ទេ តែបើ​សង្កេត​តាមរយៈ​ការជជែក និង​ប្រឹក្សា​យោបល់​ជាមួយ​យុវជន​ជាច្រើន​ដែលជា​អ្នកគាំទ្រ​រូប​ខ្លួន​វិញ​នោះ​កញ្ញា​អាច​សន្និដ្ឋានបានថា មាន​យុវជន​តិចជាង 50ភាគរយ​បានរៀបចំ​ផែនការ​ជីវិត។

កត្តា​ដែល​ធ្វើឱ្យ​យុវជន​កម្ពុជា​ជាច្រើន​មិនទាន់​បានរៀបចំ​ផែនការ​ជីវិត​នោះ គឺថា ពួកគាត់​ភាគច្រើន​រស់នៅក្នុង​គ្រួសារ​ដែលមាន​ឪពុកម្តាយ​ធ្លាប់​ឆ្លងកាត់​សម័យ​សង្គ្រាម មិនសូវមាន​ចំណេះដឹង​ក្នុងការ​អប់រំ​ណែនាំ និង​តម្រង់ទិស​កូន ចំណែកឯ​មួយចំនួនទៀត​គឺ​រស់នៅក្នុង​គ្រួសារ​ដែលមាន​ជីវភាព​ក្រីក្រ ហើយ​មួយចំនួនទៀត​អាណាព្យាបាល​ស្រឡាញ់​កូន​ជ្រុល​ពេក ផ្តល់អ្វីៗគ្រប់យ៉ាង​ដែល​កូន​ចង់បាន ចង់ឱ្យ​កូន​រស់នៅក្នុង​ភាព​សុខ​ស្រួល តែ​បែរជា​មិន-បានផ្តល់​សិទ្ធិ​សម្រេចចិត្ត​គ្រប់គ្រាន់​ដល់​កូន​តាំងពី​តូច​មក​ទេ។

កញ្ញា​នាង សុ​វាត​នា បាន​និយាយថា៖ “សិទ្ធិ​សម្រេចចិត្ត​នេះ​ជា​រឿង​សំខាន់​ណាស់​សម្រាប់​កុមារ ព្រោះថា នៅ​កម្ពុជា​ក្មេង​ជាច្រើន​ត្រូវបាន​កម្រិត​សិទ្ធិ​ដោយ​ឪពុកម្តាយ។ ម៉ែឪ​មិនដែល​សួរថា កូន​ចង់​ស្លៀកពាក់​បែបណា ឬ​ចង់​ធ្វើ​អ្វី​នោះទេ ភាគច្រើន​គឺ​ឪពុកម្តាយ​តែងតែ​ទិញ​ឱ្យ​គ្រប់យ៉ាង​ពេល​នៅ​វ័យក្មេង ហេតុនេះ​ទម្លាប់​នៃ​ការ​មិនបាន​សម្រេចចិត្ត​នេះ​អាច​រុញច្រាន​ឱ្យ​គាត់​មិនសូវ​ហ៊ាន​សម្រេចចិត្ត​ក្នុង​ផែនការ​ជីវិត​នៅពេល​អនាគត។

កញ្ញា​នាង សុ​វាត​នា បានលើកឡើង​ផងដែរ​ថា តាមរយៈ​ការរកឃើញ​របស់​គ្រូពេទ្យ​បានឱ្យដឹងថា កុមារ​ចាប់​ផ្តើមកសាង​អត្តចរិត​នៅ​វ័យ1ឆ្នាំ ដល់5ឆ្នាំ ដែល​ឪពុកម្តាយ​ជាច្រើន​មិនសូវ​បានដឹង​រឿង​ហ្នឹង​ទេ ហេតុនេះ​នៅពេលដែលកូនតូចៗចាប់ផ្តើម​ធំធាត់​ឡើង គឺ​ស្ថិតនៅក្នុង​វ័យ​ដែល​ឪពុកម្តាយ​រៀបចំ​ឱ្យ​គាត់​គ្រប់យ៉ាង​ដែល​ធ្វើឱ្យ​គាត់​ចងចាំ និង​ទទួលយក​ស្ថានភាព​បែបនេះ​រហូតដល់​យុវវ័យ។

កត្តា​មួយ​ផ្សេងទៀត​ដែល​ធ្វើឱ្យ​យុវវ័យ​មួយចំនួន​មិនបាន​បង្កើត​គោលដៅ​ជីវិត​ឱ្យបាន​ល្អ គឺអាច​បណ្តាលមកពី​ពួកគេ​ជា​សិស្ស​រៀន​តែ​ក្នុង​សាលា​ច្រើនពេក ហើយ​ពួកគេ​មិនបាន​ស្វែងយល់​ពី​ពិភព​ខាងក្រៅ​ឱ្យបាន​ច្រើន ខណៈ​ប្រព័ន្ធ​អប់រំ​នៅក្នុង​សាលា​អាច​នៅមានកម្រិត​លើ​ផ្នែក​ខ្លះ​នោះ។ ជា​ដំណោះស្រាយ ពិធី​ការិនី​ដ៏​មាន​ប្រជាប្រិយភាព​ខាងលើ​បាន​លើកឡើងថា យុវជន​កម្ពុជា​គួរតែ​ចេះ​ស្វែងរក​ពិភព​ពិត​នៃ​ការរស់នៅ​ឱ្យបាន​ច្រើន​នៅពេលដែល​ពួកគេ​កំពុង​សិក្សា​នៅ​ថ្នាក់​វិទ្យាល័យ ព្រោះ​សម័យនេះ​គាត់​ចេះ​ប្រើ​ភាសា​អង់គ្លេស គាត់​ចេះ​ប្រើ​បច្ចេកវិទ្យា ហេតុនេះ​គាត់​អាចមាន​ភាពងាយស្រួល​ក្នុងការ​ចេញទៅ​ក្រៅប្រទេស ឬ​ការស្រាវជ្រាវ​នានា​ដែលមាន​ប្រយោជន៍​សម្រាប់​ជីវិត។

កត្តា​ទាំងអស់​នេះហើយ​ទើប​នាពេល​បច្ចុប្បន្ន​គេ​លើកទឹកចិត្ត​ឱ្យ​ឪពុកម្តាយ​នាំកូនតូចៗទៅលេង​នៅ​បរទេស​ឱ្យបាន​ច្រើន​ដើម្បីឱ្យ​កូន​របស់គាត់​បានឃើញ​ពិភព​ខាងក្រៅ​ដែល​អាចធ្វើឱ្យ​ពួកគេ​មានគំនិត​ទូលំទូលាយ​ឡើង។ ទន្ទឹមនឹង​នេះដែរ​អាណា​ព្យាបាល​ក៏​គួរតែ​ផ្តល់ឱកាស​ឱ្យ​កុមារតូចៗធ្វើការ​សម្រេចចិត្ត​ដោយ​ខ្លួនឯង​ឱ្យបាន​ច្រើន​ដើម្បី​បណ្តុះ​គំនិត​របស់​ពួកគេ​ឱ្យមាន​ការទទួលខុសត្រូវ និង​មាន​សេចក្តីក្លាហាន​គ្រប់គ្រាន់​សម្រាប់​សម្រេចចិត្ត​លើ​ការគ្រប់គ្រង​ដំណើរ​ជីវិត​របស់ខ្លួន​ឆ្ពោះទៅ​សម្រេច​គោលដៅ​ប្រកបដោយ​ប្រសិទ្ធភាព។

បង្ហាញ​លើ​ចំណុច​នេះដែរ លោក​ជី សិលា នាយក​ក្រុមហ៊ុន Sabay Digital Corporation បាន​លើកឡើងថា តាមពិតទៅ​មនុស្ស​ណា​ក៏មាន​គោលដៅ​ដែរ ហើយ​មនុស្ស​ណា​ក៏មាន​សុបិន​ដែរ គ្រាន់តែ​មនុស្ស​ខ្លះ​សម្រេចបាន ហើយ​មនុស្ស​មួយចំនួនទៀត​មិនអាច​សម្រេចបាន​តែប៉ុណ្ណោះ ហេតុនេះ​អ្វីដែល​ត្រូវ​គិត​ជាសំខាន់​គឺ វិធីសាស្ត្រ​ក្នុងការ​សម្រេច​ក្តី​សុបិន​នោះ។ លោក​ជី សិលា បាន​លើកឡើងថា ៖ “តាមពិតទៅ​ការសម្រេច​ក្តី​សុបិន​គឺជា​រឿង​សាមញ្ញ​បំផុត ព្រោះ​វា​មិន​ខុស​អ្វី​ពី​ការរៀន​ឡើយ។ មុខវិជ្ជា​ដែល​យើង​រៀន​នៅក្នុង​សាលា​គឺ​ហាក់បីដូចជា​សុបិន​ដែល​មិនមាន​រូបភាព​ពិត​នោះទេ ហេតុនេះ​អ្វីដែល​សំខាន់​គឺ​យើង​ត្រូវ​ចេះ​អនុវត្ត​ជាក់ស្តែង​ទើប​ធ្វើឱ្យ​សុបិន​នោះ​ក្លាយជា​ការពិត។

លោក​ជី សិលា បាន​បន្ថែមទៀតថា ការអនុវត្ត​នៅក្នុង​សង្គម​ជាក់ស្តែង​គឺជា​រឿង​សំខាន់​មួយ​ដែល​យុវជន​ត្រូវ​ដឹង ហើយ​ពួកគេ​ចាំបាច់​ត្រូវ​ស្គាល់​ខ្លួនឯង​ឱ្យបាន​ច្បាស់​ជាមុនសិន​ទើប​អាចធ្វើឱ្យ​សុបិន​របស់ខ្លួន​អាច​សម្រេចបាន​ដោយ​រលូន។ នាពេល​បច្ចុប្បន្ននេះ មានរឿង​មួយចំនួន​ដែល​ធ្វើឱ្យ​យុវជន​បង្កើត​ក្តី​ស្រមៃ​ច្រើនតែ​ពួកគេ​មិនអាច​សម្រេចបាន ដោយសារ​គាត់​ចេះតែ​ស្រមៃ ហើយ​ក្តី​ស្រមៃ​របស់គាត់​មិនមាន​ចំណុច​ចាប់ផ្តើម​ត្រឹមត្រូវ។ គាត់​ច្រើន​មើលឃើញ​តាមរយៈ​អី​ុ​ន​ធើ​ណិ​ត ឬ​តាមរយៈ​ការមើលឃើញ​ជាក់ស្តែង​ចំពោះ​បុគ្គល​ដែល​កំពុងមាន​សក្តានុពល​ក្នុងសង្គម​ហើយក៏​ចង់​ធ្វើ​ដូច​គេ តែ​គាត់​មិន​បានគិត​នៅឡើយ​ទេ​ថា ស្ថានភាព​នៃ​ការចាប់ផ្តើម​របស់​បុគ្គ​ល​ទាំងអស់នោះ​ខុសពី​គាត់​អ្វីខ្លះ។ គាត់​ត្រូវតែ​ដឹង​ឱ្យ​ច្បាស់​ថា​ខ្លួន​គាត់​មាន​ភាពខ្លាំង និង​ភាព​ខ្សោយ​អ្វីខ្លះ​ខុសពី​អ្នក​ដែល​គាត់​ចង់​ធ្វើតាម ហើយ​គាត់​ស្ថិតក្នុង​ស្ថានភាព និង​ជីវភាព​បែបណា?។

នៅមាន​រឿងរ៉ាវ​ជាច្រើន​ទៀត ដូច្នេះ​ដើម្បី​ស្វែងយល់​កាន់តែច្បាស់​ពី​ការសម្រេច​ក្តី​សុបិន​បាន​ដោយ​ជោគជ័យ អ្នក​អាចមក​ចូលរួម​ស្តាប់​វាគ្មិនល្បីៗដែល​នឹង​មក​បង្ហើប​ប្រាប់​ពី​គន្លឹះ និង​ចែករំលែក​បទពិសោធផ្សេងៗក្នុងការ​ធ្វើយ៉ាងណា​កុំឱ្យ​យើង​មើល​ឃើញតែ​ពី​គេ​ច្រើនពេក ដោយ​គួរ​ងាក​ត្រឡប់មក​ចាប់ផ្តើម​បង្កើត​ក្តី​ស្រមៃ​ផ្អែកលើ​ភាពខ្លាំង​របស់​យើង​ផ្ទាល់​វិញ គឺ​ចាប់ផ្តើម​អភិវឌ្ឍ​ក្នុង​រូបភាព​ពិត ធ្វើការ​ងារ​ពិត និង​ពឹង​ផ្អែកលើ​ស្ថានភាព​ពិតប្រាកដ​របស់​យើង​ដើម្បី​បន្តដំណើរ​ពីមួយ​ជំហាន​ទៅមួយ​ជំហាន ដែល​កម្មវិធី​នេះ​ធ្វើឡើង​នៅ​ថ្ងែ​ទី13 ខែមករា ឆ្នាំ2018 នៅ​វិទ្យាស្ថាន​តិច​ណូ​កម្ពុជា ក្រោម​ប្រធានបទ “សុបិន​ខ្ញុំ​មិនមែន​សុបិន​អ្នក” ចាប់ពី​ម៉ោង8ព្រឹក ដល់​ម៉ោង5ល្ងាច។ សូម​ចូលរួម​កុំបី​ខាន៕

Advertisement