វាយកូនមិនមែនជាវិធីបង្រៀនរបស់អាណាព្យាបាលដែលឆ្លាតវៃទេ

អាណាព្យាបាលភាគច្រើនតែងតែបង្រៀនកូន ឬអប់រំកូនដោយការវាយ និងការគំរាមដើម្បីឱ្យកូនឈប់ធ្វើរឿងទាំងឡាយណាដែលពួកគាត់គិតថាមិនត្រឹមត្រូវ។ ការធ្វើបែបនេះ ត្រូវបានគេរកឃើញថាជាវិធីមិនត្រឹមត្រូវដែលអាចជះផលអវិជ្ជមានដល់កូនៗនៅថ្ងៃអនាគត ដូចជាធ្វើឱ្យកូនមានភាពភ័យខ្លាចច្រើន ខ្វះភាពជាអ្នកដឹកនាំ និងមិនហ៊ានសម្រេចចិត្តលើបញ្ហាសំខាន់ៗក្នុងជីវិតជាដើម។

ខាងក្រោមនេះជាវិធីមួយចំនួនសម្រាប់អាណាព្យាបាលដើម្បីអប់រំកូនៗកុំឱ្យធ្វើខុស និងស្គាល់ពីកំហុសខ្លួនឯង។
១. ប្រាប់ហេតុផលឱ្យបានច្បាស់លាស់
ជាទូទៅក្មេងដែលធ្វើខុសគឺបណ្តាលមកពីពួកគេមិនយល់ពីហេតុផល និងផលប៉ះពាល់នៃទង្វើរបស់ខ្លួន។ មានក្មេងខ្លះមិនទាំងដឹងថាហេតុអ្វីបានជាអាណាព្យាបាលវាយ ឬជេរស្តីលើរូបគេផង ព្រោះគេមិនដឹងថាសកម្មភាពដែលគេកំពុងធ្វើនេះជាអំពើខុសឆ្គងនោះទេ។ ជម្រើសល្អបំផុតសម្រាប់អាណាព្យាបាល គឺឧស្សាហ៍បង្រៀនកូនៗពីហេតុ និងផលនៃសកម្មភាពដែលខុសឆ្គង រួមទាំងបង្ហាញផ្លូវដែលល្អដល់កូនៗដើម្បីជាជម្រើសសម្រាប់ពួកគេ។

ជាធម្មតានៅពេលដែលពួកគេយល់ច្បាស់ពីហេតុផលហើយ ក្មេងៗឆាប់ទទួលយកបំផុត នៅពេលនោះគេនឹងស្អប់អំពើអាក្រក់ ហើយថែមទាំងហ៊ានប្រដៅដល់មនុស្សចាស់ថែមទៀតផង នៅពេលដែលមនុស្សធំនោះភ្លេចខ្លួនធ្វើរឿងរ៉ាវណាដែលខុសឆ្គង។ បើកូនរបស់អ្នកស្ថិតក្នុងស្ថានភាពចាស់ទុំបែបនេះអ្នកប្រាកដជាលែងចង់វាយ ឬសម្លុតទៀតហើយ។

២. ត្រូវចេះលើកទឹកចិត្ត កុំចេះតែចាប់កំហុស
អាណាព្យាបាលជាច្រើនគិតថា ការមិនសូវធ្វើល្អដល់កូនគឺកុំឱ្យកូនស្គាល់ចិត្ត ឬកុំឱ្យកូនបានចិត្តជាដើម។ ហេតុនេះនៅពេលដែលកូនធ្វើល្អ គាត់មិនបានបង្ហាញពីការគាំទ្រដល់កូននោះទេ តែនៅពេលដែលកូនធ្វើខុសគាត់បែរជាដាក់ពិន័យយ៉ាងធ្ងន់ធ្ងរទៅវិញ។ ទង្វើបែបនេះ អាចធ្វើឱ្យអាណាព្យាបាលបង្រៀនកូនបានតែរូបភាពខាងក្រៅប៉ុណ្ណោះ កូនៗអាចគ្រាន់តែខ្លាច តែមិនគោរពនោះទេ។ រាល់សកម្មភាពមិនល្អគេគ្រាន់តែផ្អាកមួយរយៈនៅពេលដែលអាណាព្យាបាលស្ថិតនៅចំពោះមុខពួកគេ ហើយលួចធ្វើវិញនៅពេលដែលយើងមិននៅ។

ចំណុចសំខាន់ដែលគួរធ្វើគឺ ចេះលើកទឹកចិត្តនៅពេលដែលកូនបានធ្វើល្អ ដើម្បីឱ្យពួកគេរក្សាបាននូវទង្វើទាំងអស់នោះ ហើយបង្រៀនពួកគេឱ្យស្គាល់ពីកំហុស និងហ៊ាននិយាយដោយត្រង់ថាទង្វើណាដែលមិនគួរធ្វើ ឬសកម្មភាពណាដែលយើងនឹងដាក់ពិន័យដល់ពួកគេប្រសិនបើគេធ្វើដដែលៗ។

៣. ធ្វើជាគំរូល្អដល់កូន
អាណាព្យាបាលភាគច្រើនសម្លុតកូន នៅពេលដែលឃើញកូនប្រើសម្តីមិនល្អដាក់អ្នកដទៃ តែភ្លេចថាកូនចេះការប្រើភាសាមិនល្អនេះពីខ្លួនឯង ហេតុនេះ ដើម្បីមិនឱ្យកូនមានចំណុចខុសឆ្គងច្រើន អាណាព្យាបាលត្រូវកាត់បន្ថយកំហុសឆ្គងរបស់ខ្លួនឱ្យបានជាមុនសិន៕

Advertisement