Facebook បិទ​ការផ្សាយពាណិជ្ជកម្ម​រប​ស់ Bitcoin ទាំងអស់

ក្រុមហ៊ុន Facebook បានចាប់ផ្តើម​ដំណើរ​ការបិទ​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដែល​ពាក់ព័ន្ធ​នឹង​ផលិតផល និង​សេវាកម្ម​របស់ cryptocurrency ទាំងអស់​ចេញពី​បណ្តាញ​ទំនាក់ទំនង​សង្គម​របស់ខ្លួន នេះ​បើ​យោងតាម​សារព័ត៌មាន BBC ដែល​ចេញផ្សាយ​នៅ​ដើមខែ​កុម្ភៈ​នេះ។

នៅក្នុង​នោះដែរ ក្រុមហ៊ុន Facebook បាន​ជំរុញ​ឱ្យ​អ្នកប្រើប្រាស់​របស់ខ្លួន​រាយ​ការណ៍​អំពី​ការផ្សព្វផ្សាយ (ads) ទាំងឡាយណា​ដែល​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​ទាំងអស់នេះ ក្នុងករណី​ដែល​អ្នកប្រើប្រាស់​បានដឹង​ពី​ការផ្សព្វផ្សាយ​មួយចំនួន​ដែល​ក្រុមហ៊ុន Facebook មិនទាន់បាន​បិទ​អស់។

លោក Rob Leathern នាយក​គ្រប់គ្រង​ផលិតផល​នៃ Facebook Business បាន​លើកឡើងថា យើង​ចង់ឱ្យ​មនុស្ស​បន្ត​ស្វែងយល់ ហើយ​រៀន​យល់ដឹង​អំពី​ផលិតផល និង​សេវាកម្មថ្មីៗតាមរយៈ Facebook ដោយ​មិន​ភ័យខ្លាច​ពី​ការបោក​បញ្ឆោត។ លោក​លើកឡើង​ផងដែរ​ថា មាន​ក្រុមហ៊ុន​ច្រើនណាស់​ដែលជា​ដៃគូ​ផ្សព្វផ្សាយ​ឱ្យ ICO និង cryptocurrency ដែល​បណ្តាញ​នេះ​ជា​ប្រព័ន្ធ​សាច់ប្រាក់​មិនគួរ​ឱ្យ​ទុកចិត្ត។

ICO គឺជា​បណ្តាញ​ដែល​ជំរុញ​មនុស្ស​ឱ្យធ្វើ​ការវិនិយោគ​តិចតួច​សិន​លើ cryptocurrency មុន​ពេលដែល​ពួកគេ​ផ្តល់​ភាព​ចំណេញ​ឱ្យ ដោយ​បំផុស​ក្តី​សង្ឃឹមថា ថ្ងៃ​អនាគត​តម្លៃ​របស់​កាក់​ទាំងអស់​នោះ​នឹង​ឡើងថ្លៃ​ខ្លាំង ហើយ​ចំណេញ​លើសលប់​នៅពេលដែល​បណ្តាញ​នេះ​ល្បីល្បាញ​ឡើង។ ដោយសារតែ​បណ្តាញ​ទាំងអស់នេះ​ជា​បណ្តាញ​ដែល​មិន​ធ្វើតាម​នីតិវិធី​ក្នុងការ​វិនិយោគ​បែប​ប្រពៃណី ហើយ​គ្មាន​ផ្លូវច្បាប់​ត្រឹមត្រូវ បានធ្វើឱ្យ​ក្រុមហ៊ុន​មួយចំនួន​បង្កើតឡើង​ដោយ​ប្រើ​ប្រព័ន្ធ ICO ដើម្បី​ប្រមូល​លុយ​យ៉ាងច្រើន​ពី​អ្នកវិនិយោគ​បន្ទាប់មក​ក៏​រត់​បាត់ ដែល​ធ្វើឱ្យ​អ្នកវិនិយោគ​ទាំងអស់​ត្រូវ​ខាតបង់។ ជាក់ស្តែង​នៅ​សប្តាហ៍​នេះ ICO បាន​លុប​ទិន្នន័យ​របស់ខ្លួន​លើ​គេហទំព័រ​របស់ខ្លួន​ទាំងអស់​ដែល​ធ្វើឱ្យ​អ្នកប្រើប្រាស់ ឬ​អ្នកវិនិយោគ​ទាំង
អស់​ចេញមក​ធ្វើការ​តវ៉ា​ថា ពួកគេ​កំពុង​ចាញ់បោក។

គួរ​បញ្ជាក់ថា ប្រទេស​កូរ៉េខាងត្បូង និង​ប្រទេស​ចិន​បាន​ចាត់វិធានការ​រួចរាល់​ហើយ​ក្នុង​ការបិទ​មិនឱ្យ​មានការ​ប្រើប្រាស់​បណ្តា​ញ ICO ដើម្បី​ប្រមូល​លុយ​ពី​ក្នុងប្រទេស​របស់ខ្លួន ហើយ​ថែមទាំង​បាន​ព្រមាន​ពី​បញ្ហា​នេះ​ជា​សាធារណៈ​ទៀតផង។ ស្របពេល​ជាមួយគ្នានេះដែរ Facebook បាន​រកឃើញថា ការផ្សព្វផ្សាយ​មួយចំនួន​មិន​សមរម្យ​ក៏ត្រូវ​បាន​បិទ​ជា​ស្ថាពរ​រួចរាល់​ហើយ​ដែរ ព្រោះ​វា
​អាច​ប៉ះពាល់​ដល់​សាធារណជន ដូចជា​ការផ្សព្វផ្សាយ​ឱ្យ​មនុស្ស​ចាស់​យកប្រាក់​ចូលនិវត្តន៍​របស់ខ្លួន​ទៅ​ទិញ Bitcoin ឬ​ជំ​រុញឱ្យ​ចុច​លើ​ផ្ទាំង​ផ្សព្វផ្សាយ​របស់ខ្លួន​លើ Facebook ដើម្បី​វិនិយោគ​ដោយ​គ្មាន​ហានិភ័យ​ជាមួយ cryptocurrencyជាដើម។

ក្រុមហ៊ុន​បណ្តាញ​សង្គម​ដ៏​ធំ​មួយ​នេះ​បានលើកឡើង​ផងដែរ​ថា ខ្លួន​បានចេញ​គោលការណ៍​ថ្មី​ថានឹង​បញ្ឈប់​រាល់​ការផ្សព្វផ្សាយ​ទាំងអស់​ដែល​និយាយ​ពី cryptocurrency ខណៈ​ក្រុមហ៊ុន​នេះ​កំពុង​អភិវឌ្ឍ​លើ​ដំណើរការ​គ្រប់គ្រង​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​លើ​បណ្តាញ​របស់ខ្លួន​ផងដែរ៕

Advertisement