សិស្ស​កម្ពុ​ជាជាង 30% អាច​ប្រកួតប្រជែង​ផ្នែក STEM ជា​អន្តរជាតិ​បាន

វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា (STEM) ជា​ផ្នែក​ដ៏​សំខាន់​មួយ​សម្រាប់​កម្ពុជា​ព្រោះ​មុខវិជ្ជា​ទាំងអស់នេះ​ជា​អាជីព​ដែល​កំពុងមាន​តម្រូវការ​ខ្ពស់​នៅក្នុង​សង្គម។

ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់ ជួនណា​រ៉ុ​ន​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​លើកឡើងថា STEM ជា​មុខវិជ្ជា​មួយ​មាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​កម្ពុជា នេះ​បើ​មើល​ទៅលើស្ថានភាព​សង្គម​នាពេល​បច្ចុប្បន្ន ព្រោះថា សម័យនេះ​បច្ចេកវិទ្យា​មានការ​អភិវឌ្ឍ​លឿន ខណៈ​កម្ពុ​ជាមាន​ប្រជាជន​វ័យក្មេង​ច្រើន។ ស្រប​ជាមួយនឹង​ស្ថានភាព​នេះ យើង​ឃើញថា យុវជន​វ័យក្មេង​កម្ពុជា​ប្រមាណ​ជាង 30% នៅតាម​សាលា​អាចមាន​សមត្ថភាព​ប្រកួតប្រជែង​បានជា​អន្តរជាតិ ហើយ​ក្នុងនោះ​មាន​អ្នកខ្លះ​ពូកែ​ជាង​សិស្ស​ប្រទេស​ដទៃទៀត​ផង។

ទន្ទឹមនឹងនេះ យើង​ក៏​នៅមាន​កត្តា​ប្រឈម​មួយចំនួន​ផងដែរ គឺ សិស្ស​ប្រមាណ​ជា 70% ផ្សេងទៀត សមត្ថភាព​នៅមានកម្រិត​នៅឡើយ តែ​ក្រសួង​អប់រំ​ក៏បាន​ដោះស្រាយ​បញ្ហា​ទាំងអស់នេះ​តាមរយៈ​ការបណ្តុះបណ្តាល​គ្រូ​ដែលមាន​ជំនាញ​ឱ្យ​កាន់តែច្រើន ពង្រឹង​វិធីសាស្ត្រ​បង្រៀន បង្កើត​សាលា​ជំនាន់​ថ្មី និង​បង្កើន​ភាព​ទាក់ទាញ​ដល់​សិស្ស​ឱ្យ​ចាប់អារម្មណ៍​កម្មវិធី STEM នេះ​កាន់តែច្រើន។

ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន បាន​មានប្រសាសន៍ថា ៖ “យើង​បង្កើត​សាលា​ជំនាន់​ថ្មី​ដោយ​ដាក់​ឱ្យមាន​ឧបករណ៍​ពិសោធ​ជាក់ស្តែង ដើម្បីឱ្យ​សិស្ស​បាន​យល់ច្បាស់​ពី​តម្លៃ​នៃ​មុខវិជ្ជា STEM និង​យល់ថា ការសិក្សា​មុខវិជ្ជា​នេះ​ជា​រឿង​មាន​ប្រយោជន៍ អាច​ដោះស្រាយ​បញ្ហា​នៃ​ការរស់នៅ​ប្រចាំថ្ងៃ​បាន ហើយ​មាន​ភាព​គួរឱ្យ​ចង់​រៀន និង​មិន​អផ្សុក​ទេ។

ឯកឧត្តម​រដ្ឋមន្ត្រី បាន​មានប្រសាសន៍​ផងដែរ​ថា បច្ចុប្បន្ននេះ មុខវិជ្ជា STEM មាន​លក្ខណៈ​កាន់តែ​ប្រសើរឡើង​នៅ​កម្ពុជា ព្រោះ​បើ​យើង​ក្រឡេកមើល​កាលពី 5ឆ្នាំមុន នៅ​កម្ពុជា​មិនសូវមាន​អ្នកណា​ចាប់អារម្មណ៍​រឿង STEM នៅឡើយ​ទេ តែ​នៅពេល​បច្ចុប្បន្ននេះ មនុស្ស​គ្រប់គ្នា​កំពុង​ចាប់អារម្មណ៍ ហើយ​សូម្បីតែ​អ្នកសារព័ត៌មាន​ក៏​ចាប់ផ្តើម​យល់​អំពី STEM ដែរ។

រដ្ឋមន្ត្រីក្រសួង​អប់រំ បានបញ្ជាក់​ផងដែរ​ថា បច្ចុប្បន្ននេះ តាមរយៈ​សាលា​គំរូ​មួយចំនួន​សិស្ស​បាន​អនុវត្ត​ទ្រឹស្តី​របស់ខ្លួន​ដើម្បី​យកមកប្រើ​ប្រាស់​បាន​យ៉ាងច្រើន។ ជាក់ស្ដែង នៅ​សាលា​ស៊ី​សុ​វ​ត្តិ សិស្ស​អាច​ចេះ​ផលិត​សាប៊ូ ចេះ​ជួសជុល​ម៉ាស៊ីនត្រជាក់ និង​ផលិត​ឧបករណ៍​ជាច្រើន​ទៀត ដែល​ទាំងអស់នេះ​សុទ្ធតែជា​លទ្ធផល​ចេញពី​មេរៀន​របស់ STEM ទាំងអស់។ ម្យ៉ាងវិញទៀត ថ្វីដ្បិតតែ​នៅ​ជនបទ សិស្ស​មិនទាន់មាន​សមត្ថភាព​ខ្លាំង​ដូច​នៅ​ទីក្រុង​ក៏ដោយ តែ​យើង​បាន​បង្កើត​សាលា​គំរូ​ចំនួន​ប្រមាណ​ជា 200កន្លែង​នៅ​គ្រប់​ខេត្ត ដែល​អាច​អនុញ្ញាតឱ្យ​សិស្ស​មាន​ឧបករណ៍​គ្រប់គ្រាន់​សម្រាប់​ប្រើប្រាស់។ លើសពីនេះទៅទៀត ក្រសួង​អប់រំ​ក៏បាន​ផលិត​វីដេអូ​របស់លោក​គ្រូ-អ្នកគ្រូ​ឆ្នើម ដែលមាន​ទេពកោសល្យ និង​ចំណេះដឹង​ខ្ពស់​ដើម្បី​ធ្វើការ​ផ្សព្វផ្សាយពី​វិធីសាស្ត្រ​បង្រៀន​យ៉ាង​ទូលំទូលាយ​ទៅកាន់​សាធារណជន ជាពិសេស​គឺ​សិស្សានុសិស្ស និង​លោកគ្រូ-អ្នកគ្រូ​នៅ​ទូទាំងប្រទេស៕

Advertisement