ជំនាញអភិបាលកិច្ចជាមុខវិជ្ជាសំខាន់សម្រាប់សង្គម តែយុវជនមិនសូវដឹង

ការគ្រប់គ្រង​ប្រទេស ស្ថាប័ន តំបន់ ឬក្រុមហ៊ុន ចាំបាច់ត្រូវ​មានអភិបាលកិច្ចល្អ ហើយ​អភិបាលកិច្ចក៏ជាស្នូលនៃ​យុទ្ធសាស្រ្តរបស់រដ្ឋាភិបាល​ក្នុងការគ្រប់គ្រងប្រទេស​ដែលមន្ត្រីរាជការ​កំពុង​អនុវត្ត​នៅពេញផ្ទៃប្រទេស។ ការសិក្សាផ្នែកអភិបាលកិច្ច​ ជារឿងសំខាន់បំផុត​មួយសម្រាប់​យុវជន និង​ប្រជាជនកម្ពុជា តែជាក់ស្តែង មានយុវជន​មិនច្រើនទេដែលស្គាល់​សាលាអភិបាលកិច្ច ហើយ​យល់ច្បាស់ពីគោលការណ៍អភិបាលកិច្ចល្អនៅក្នុងសង្គម ដែលធ្វើឱ្យពួកគេមិនសូវបានចូលរួមឱ្យបានសកម្មក្នុងសកម្មភាពនៅក្នុងសង្គម។

សាលាអភិបាលកិច្ចត្រូវបានបង្កើតឡើង​តាំងពីពាក់កណ្តាលឆ្នាំ ២០១៦ ក្រោមកិច្ចសហការរវាង​ក្រសួងមហាផ្ទៃ និង​អង្គការ​តម្លាភាពកម្ពុជា ដើម្បីបង្រៀន​ដល់​មន្ត្រីរាជការនៃក្រសួងមហាផ្ទៃ និង​សិស្ស​និស្សិត​លើជំនាញ​អភិបាលកិច្ចក្នុងវិស័យគ្រប់គ្រងសាធារណៈ។

កន្លងមក​ ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងថា សាលានេះ​ជាផ្នែកមួយយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពធនធានមនុស្ស​កម្ពុជា​ពីការគ្រប់គ្រង​សេវាសាធារណៈឱ្យមានអភិបាលកិច្ចល្អ។

ឯកឧត្តមបានថ្លែងផងដែរថា ការបណ្តុះបណ្តាលជំនាញអភិបាលកិច្ច​នឹងអាច​ធ្វើឱ្យ​ការផ្តល់សេវាសាធារណៈ​កាន់តែមានលក្ខណៈល្អប្រសើរឡើង​ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។​ ហើយលើសពីនេះទៅទៀត នៅពេលដែល​មន្រ្តីរាជការ និង​មនុស្សគ្រប់គ្នាបានយល់ព្រមអនុវត្តនូវគោលកាណ៍អភិបាលកិច្ចបានល្អ នោះ​នឹង​អាចធ្វើឱ្យ​សង្គមរបស់យើងកាន់តែមានតម្លាភាព និង​មានការអភិវឌ្ឍលឿន។

អភិបាលកិច្ច​ ជាដំណើរការគ្រប់គ្រង​ ឬវិធីសាស្រ្តដែលរដ្ឋាភិបាល ស្ថាប័ន ឬអង្គភាពផ្សេងៗប្រើដើម្បីគ្រប់គ្រងសេដ្ឋកិច្ច សង្គមកិច្ច និងសន្តិសុខ ដើម្បីបម្រើឱ្យផលប្រយោជន៍រួម។​ តាមន័យរបស់​កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិបាន​បង្ហាញថា អភិបាលកិច្ច​ជាការប្រើប្រាស់​អំណាចនយោបាយ​ សេដ្ឋកិច្ច និងរដ្ឋបាល ដើម្បីគ្រប់គ្រង​ការងាររបស់ជាតិ។

ប្រធានអង្គការតម្លាភាព លោក ព្រាប កុល ក៏បានលើកឡើងផងដែរថា សាលាអភិបាលកិច្ច ដែលបានបង្កើតមុខវិជ្ជាបណ្តុះបណ្តាល​ស្តីពី​អភិបាលកិច្ចនេះ នឹងអាចដោះស្រាយបញ្ហាសំខាន់ៗរបស់សង្គមបានមួយកម្រិត។ លោកសង្ឃឹមថា​បន្ទាប់ពី​បានបណ្តុះបណ្តាល​ផ្នែកអភិបាលកិច្ចនេះហើយ ស្ថាប័នសាធារណៈ​នឹងកាន់តែមានការទទួលខុសត្រូវខ្ពស់ក្នុងការបម្រើសេវា និងអនុវត្តការងារកាន់តែមានប្រសិទ្ធភាពខ្ពស់។

ថ្មីៗនេះក្រសួងមហាផ្ទៃ តាមរយៈគម្រោងសាលាអភិបាលកិច្ច ក៏បានប្រកាស​ផ្តល់អាហារូបករណ៍​ដើម្បីបណ្តុះបណ្តាល​សម្រាប់គ្រូបង្គោល​ដើម្បី​អភិវឌ្ឍសមត្ថភាព​របស់គម្រោង​សាលាអភិបាលកិច្ចឱ្យឆ្ពោះទៅ​កាន់តែមានភាពប្រសើរឡើង​ក្នុងប្រព័ន្ធ​អភិបាលកិច្ចល្អក្នុងវិស័យសាធារណៈ៕

Advertisement