តែមួយ​យប់ អាជ្ញាធរ​ចិន​ចាប់​ទូរស័ព្ទ iPhone រត់ពន្ធ​សរុប 80លាន​ដុល្លារ

ចិន៖ ថ្មីៗនេះ អាជ្ញាធរ​ចិន​បាន​បង្ក្រាប​ករណី​រត់ពន្ធ​ទូរស័ព្ទ iPhone ចំនួន​ដ៏​ច្រើនសន្ធឹក​មួយ ពី​ទីក្រុង​ហុងកុង​ចូលទៅ​កាន់​តំបន់ផ្សេងៗនៅក្នុង​ប្រទេស​ចិន ដែល​សរុប​ជា​ទឹកប្រាក់​មាន​រហូតដល់ 80លាន​ដុល្លារ​អាមេរិក។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ិន​ហួ។

យោងតាម​ការចេញផ្សាយ​របស់​ស៊ិន​ហួ បានឱ្យដឹងថា នេះ​ជា​ករណី​បង្ក្រាប​ការរត់ពន្ធ​ទូរស័ព្ទ iPhoneក្នុង​ទ្រង់ទ្រាយ​ដ៏​ធំ​បំផុត​មួយ​ដែល​មិន​ធ្លាប់មាន ពីមុនមក​ឡើយ​សម្រាប់​ប្រទេស​ចិន ដែល​នៅក្នុង នោះ​មាន​មនុស្ស 26នាក់​ត្រូវបាន​ឃាត់ខ្លួន។ ក្រុម​អ្នករត់ពន្ធ​ទូរស័ព្ទ iPhone បាន​ប្រើប្រាស់​យន្តហោះ Drone ដឹក​ទូរស័ព្ទ iPhone ឆ្លងកាត់​ព្រំដែន​ហុងកុង-ចិន ដោយ​សកម្មភាព​នេះ​ត្រូវបាន​ធ្វើឡើង​នៅវេលា​យប់​ពាក់កណ្ដាល​អា​ធ្រា​ត្រ ដោយ​ក្នុងនោះ​មាន​ទូរស័ព្ទ iPhone ប្រមាណ​ជា 15,000គ្រឿង ត្រូវបាន​រត់ពន្ធ​ក្នុង​រយៈពេល​តែមួយ​យប់​ប៉ុណ្ណោះ។

គួរបញ្ជាក់​ផងដែរ​ថា ហុងកុង​គឺ ជាទី​ផ្សារ​ដ៏​ធំ​បំផុត​មួយ​ដែលមាន​ករណី​រត់ពន្ធ​ទូរស័ព្ទ iPhone ចូល​ទីផ្សារ​ប្រទេស ចិន​ច្រើនជាងគេ ដោយ​កាលពី​ឆ្នាំ2015 មាន​បុរស​ម្នាក់​ត្រូវបាន​ឃាត់ខ្លួន ក្នុងករណី​រត់ពន្ធ​ទូរស័ព្ទ iPhone នេះដែរ ដោយ​នៅពេលនោះ ក្រោយពី​ធ្វើការ​ឆែកឆេរ​លើ​ខ្លួនគេ​រួចមក អាជ្ញាធរ​បាន​រកឃើញ​ទូរស័ព្ទ iPhone ចំនួន​ដល់​ទៅ 94គ្រឿង ឯណោះ៕

Advertisement