កង្វះ​ឯកសារ​ស្រាវជ្រាវ ជា​បញ្ហា​រាំងស្ទះ​ដល់​ដំណើរ​ការបង្កើត​ស្នាដៃថ្មីៗ

អ្នកស្រាវជ្រាវ​ជាច្រើន​នៅ​កម្ពុជា រួមទាំង​និស្សិត​មួយចំនួន​ផង បានលើកឡើង​នូវ​បញ្ហា​រួមមួយ គឺ​កង្វះ​ឯកសារ​សម្រាប់​ស្រាវជ្រាវ ហើយ​កត្តា​ទាំងអស់នេះ​បាន​រាំងស្ទះ​ដល់​ដំណើរ​នៃ​ការបង្កើត​ស្នាដៃថ្មីៗរួមទាំង​ការបង្កើត​នូវ​គំហើញ​មួយចំនួន​ទាំង​ផ្នែក​វិទ្យាសាស្ត្រ​សង្គម និង​វិទ្យាសាស្ត្រ​ពិត។

សហ​ស្ថាបនិក​នៃ​បណ្ណាល័យ​បញ្ញវន្ត លោក សុខ ឡាក់ បាន​លើកឡើងថា អ្នកស្រាវជ្រាវ​ជាច្រើន​នៅ​កម្ពុជា​ពិត​ជាមាន​បញ្ហាលំបាក ហើយ​ផ្នែក​ដែលកំពុងមាន​បញ្ហា​ប្រឈម​ច្រើន​នោះ​គឺ​លើ​ជំនាញ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា (STEM)។ ផ្នែក​មួយទៀត​ដែល​កំពុងមាន​បញ្ហា​ប្រឈម​ដែរនោះ គឺពាក់ព័ន្ធ​នឹង​ជំនាញ​ភាសា​ខ្មែរ។ ដើម្បី​ជា​ដំណោះស្រាយ​បញ្ហា​ទាំងអស់នេះ លោក​បានផ្តល់​យោបល់​ថា គួរតែ​ធ្វើយ៉ាងណា​ឱ្យ​បណ្ណាល័យ​ដំណើរការ​បានល្អ ដែលមាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​គ្រប់គ្រង​ឯកសារ ប្រឹក្សា​យោបល់​លើ​ឯកសារ ព្រមទាំង​អាច​ផ្តល់​សេវាកម្ម​បណ្ណាល័យ​ឱ្យ​ឆ្លើយតប​នឹង​តម្រូវការ​អភិវឌ្ឍន៍​ធនធានមនុស្ស។ លើសពីនេះទៅទៀត ភាគី​ពាក់ព័ន្ធ​ទាំងអស់​គួរ​ចូលរួម​ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ឱ្យបាន​យល់ដឹង​កាន់តែច្បាស់​ពី​តម្លៃ​របស់​បណ្ណាល័យ។

លោក សុខ ឡាក់ និយាយថា៖ “នៅ​កម្ពុ​ជាមាន​ចំនួន​បណ្ណាល័យ​ច្រើនណាស់ តែមាន​បណ្ណាល័យ​ខ្លះ​មានតែ​ឈ្មោះ ហើយ​មិនបាន​បើក​ឱ្យ​ដំណើរការ​នោះទេ ចំណែកឯ​បណ្ណាល័យ មួយចំនួនទៀត មាន​ឯកសារ​ច្រើនតែ​មិនបាន​ប្រើប្រាស់​អស់​លទ្ធភាព​នូវ​សេវាកម្ម​បណ្ណាល័យ​ដែល​កត្តា​នេះ​ធ្វើឱ្យ​អ្នកសិក្សា​ស្រាវជ្រាវ​នៅតែមាន​ការលំបាក​ក្នុងការ​ស្វែងរក​ឯកសា​រដដែល។

បើតាម​លោក​សុខ ឡាក់ បណ្ណាល័យ​ជា​ប្រភព​នៃ​ឯកសារ​ទាំងអស់ និង​ជា​កន្លែង​ដែល​សំខាន់បំផុត​សម្រាប់​អ្នកស្រាវជ្រាវ ទាំង​ការស្វែងរក​ឯកសារ​ស្រាវជ្រាវ និង​ការបញ្ចេញ​នូវ​ឯកសារ​របស់ខ្លួន​ជា​សាធារណៈ។ ប្រសិនបើ​បណ្ណាល័យ​ត្រូវបាន​យកចិត្តទុកដាក់ ហើយ​ត្រូវបាន​គេ​ផ្តល់​តម្លៃ​គ្រប់គ្រាន់ អ្នកស្រាវជ្រាវ​ជាច្រើន​នឹងមាន​កម្លាំងចិត្ត​ក្នុង​ការខិតខំ​ស្រាវជ្រាវ ហើយ​បង្កើត​ស្នាដៃ​ថ្មី ដើម្បី​ដាក់​បង្ហាញ​ស្នាដៃ​របស់ខ្លួន​នៅតាម​បណ្ណាល័យ ដែល​ចរន្ត​នេះ​ធ្វើឱ្យ​ឯកសារ​កាន់តែ​សម្បូរបែប​ឡើង ហើយ​អ្នកស្រាវជ្រាវ​ជំនាន់ក្រោយៗទៀត​កាន់​តែមាន​ភាពងាយស្រួល។

អ្នកនិពន្ធ និង​ជា​អ្នក​បោះពុម្ពផ្សាយ​ឯកសារ​ស្រាវជ្រាវ​ជាច្រើន​នៅ​កម្ពុជា លោក ឈិន សីហា​បាន​លើកឡើងថា អ្នកស្រាវជ្រាវ​នាពេល​បច្ចុប្បន្ន​នេះ​មានការ​លំបាក​គួរសម ហើយ​បញ្ហា​ទាំងអស់នេះគឺ​មកពី​ខ្វះ​អ្នកស្រាវជ្រាវ និង​អ្នកសរសេរ​លើ​ប្រធានបទសំខាន់ៗជាច្រើន​ដែលជា​តម្រូវការ​របស់​ប្រជាជន​នៅក្នុង​ប្រទេស។ មាន​ឯកសារ​ខ្លះ​ត្រូវ​ស្វែងរក​ពី​ឯកសារ​បរទេស​មកវិញ ហើយ​ឯកសារ​ខ្លះទៀត​បាន​បាត់បង់​ដោយសារតែ​អ្នកស្រាវជ្រាវ ជំនាន់មុនៗបានត្រឹមតែ​ចងក្រង​មើល​សម្រាប់​ខ្លួនឯង​ដោយ​មិនបាន​បោះពុម្ពផ្សាយ​ជា​សាធារណៈ​ជាដើម។

លោក ឈិន សីហា បាន​និយាយថា៖ “ជា​ដំណោះស្រាយ​ដើម្បី​ធ្វើយ៉ាងណា​ឱ្យមាន​ឯកសារ​សម្បូរបែប​ឡើងវិញ​នៅក្នុង​ប្រទេស​របស់​យើង គឺ​យើង​គួរ​បង្កើន​គុណភាព​អប់រំ​ដោយ​បណ្តុះបណ្តាលអ្នកសរសេរ បង្កើត​មូលនិធិ​ជួយ​អ្នកសរសេរ និង​បោះពុម្ពផ្សាយ។

លោក ឈិន សីហា បានលើកឡើង​បន្តទៀតថា ការធ្វើ​បែបនេះ​គឺជា​វិធីសាស្ត្រ​ល្អ​មួយ​ក្នុងការ​ជំរុញឱ្យមាន​កា​រ​លើកទឹកចិត្ត​ឱ្យបាន​ច្រើន​ដល់​អ្នក​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ចងក្រង​ឯកសារថ្មី។ ក្រៅពីនេះ​អ្នក​ដែលមាន​ស្នាដៃ​កន្លងមក​គួរ​បង្កើត​ក្រុមប្រឹក្សា​អ្នកនិពន្ធ និង​ស្រាវជ្រាវ ដើម្បី​ផ្តល់​កិត្តិយស​ថ្នាក់ជាតិ​ជូន​ដល់​អ្នកនិពន្ធ អ្នកស្រាវជ្រាវ និង​អ្នក​រៀបរៀង​ជាដើម​ឱ្យមាន​ទឹកចិត្ត​កាន់តែខ្លាំង​ក្នុង​ការបន្ត​ខិតខំ​ប្រឹងប្រែង​បង្កើត​ស្នាដៃថ្មីៗ សម្រាប់​ដោះស្រាយ​បញ្ហា​នានា​នៅក្នុង​សង្គម៕

Advertisement