ចាប់ផ្តើម​ពី​ការងារតូចៗ អនាគត​នឹង​អាច​ក្លាយជា​អ្នកគ្រប់គ្រង​ពូកែ

បច្ចុប្បន្ន​យើង​សង្កេតឃើញថា ការងារ​ជា​អ្នកគ្រប់គ្រង​កំពុង​តែមាន​តម្រូវការ​ខ្លាំង ខណៈ​ក្រុមហ៊ុន​ជាច្រើន​បានកើត និង​រីកដុះដាល​ឡើង​ដូច​ផ្សិត​ក្នុងអំឡុង4-5ឆ្នាំ​ចុង​ក្រោយនេះ។  អ្នកគ្រប់គ្រង​ពូកែ គឺ​ទាមទារ​ឱ្យមាន​ចំណេះដឹង​ខ្ពង់ខ្ពស់ និង​មាន​បទពិសោធ​ច្រើន​លើ​ផ្នែក​គ្រប់គ្រង ជាពិសេស​គឺ​ត្រូវមាន​ចិត្តសាស្ត្រ​ក្នុង​ការចរចា និង​ចេះ​បត់បែន​គ្រប់​កាលៈទេសៈ។

លោក ជួប រតនា ប្រធាន​ផ្នែក​ស្តង់ដារ និង​វាយតម្លៃ​គ្រូ​បង្គោល​អាស៊ាន នៃ​ក្រសួងទេសចរណ៍ បាន​លើកឡើងថា សម្រាប់​វិស័យ​ទេសចរណ៍ និស្សិត​ឬ​អ្នក​ដែល​មិន​ប្រកាន់ខ្លួន ហើយ​ចាប់​ផ្តើមធ្វើ​ពី​ការងារតូចៗនៅពេលដែល​ខ្លួន​កំពុង​សិក្សា​នៅ​មហាវិទ្យាល័យ ភាគច្រើន​ជា​អ្នក​អភិវឌ្ឍន៍​ខ្លួន​បាន​លឿន​ជាង​អ្នក​ដែល​ចប់​ភ្លាម​ស្វែងរក​ការងារ​ធ្វើ​ភ្លាម។ លោក​បានបញ្ជាក់​ផងដែរ​ថា អ្នក​ដែល​ធ្វើការងារ​ក្នុង​វិស័យ​ទេសចរណ៍​នៅ​ឆ្នាំ​ទី1 ឬ​ឆ្នាំ​ទី2ឡើងទៅ ភាគច្រើន​ចាប់ផ្តើម​អាជីព​ជា​អ្នកបម្រើ​សេវាកម្មតូចៗ (waiter, waitress) តែ​ប៉ុន្មាន​ឆ្នាំ​ក្រោយមក គាត់​នឹង​អាច​អភិវឌ្ឍ​ខ្លួន​បាន​កាន់តែ​ល្អឡើងៗក្រោយ​ពេលដែល​គាត់​មាន​បទពិសោធ​ច្រើន​ពី​កន្លែងធ្វើការ​ងារ​នោះ។

លោក ជួប រតនា បាន​និយាយថា ៖ «យើង​អាច​សាកល្បង​សួរ​ទៅ​អ្នកគ្រប់គ្រងសំខាន់ៗក្នុង​ស្ថាប័ន ឬ​អាច​សួរ​អ្នក​ដែលមាន​តួនាទីសំខាន់ៗនៅក្នុង​វិស័យ​ទេសចរណ៍ ឬ​បដិសណ្ឋារកិច្ច យើងនឹង​ឃើញថា អ្នក​ទាំងអស់នោះ​សុទ្ធតែ​ធ្លាប់​ឆ្លងកាត់​ការងារ​ជា Waiter, Waitress ដូចគ្នា»។

អ្នកជំនាញ​ខាងលើ​បានលើកឡើង​ផងដែរ​ថា​ប្រសិនបើ​យើង​មិន​ប្រកាន់​ការងារតូចៗ ហើយ​ចាប់​ផ្តើមធ្វើ​វា យើង​នឹង​អាច​ក្លាយជា​អ្នកគ្រប់គ្រង​ដ៏​ល្អ​ម្នា​ក់នៅ​ថ្ងៃ​អនាគត ព្រោះ​យើង​បាន​ស្គាល់ និងដឹង​ពី​រសជាតិ​គ្រប់សព្វ​បែបយ៉ាង​នៃ​ការងារ​តូចតាច​ទាំងនោះ។ នៅពេលដែល​យើង​ធ្លាប់ធ្វើ​ការងារតូចៗយើង​នឹង​អាច​ដឹង​ពី​អារម្មណ៍​ហើយ​ស្គា​ល់ពី​ទុក្ខលំបាក​របស់​បុគ្គលិក​ទាំងអស់​ក្នុង​ស្ថាប័ន ដែល​អាចធ្វើឱ្យ​យើង​ក្លាយជា​អ្នកគ្រប់គ្រង​ដែល​អាច​ទទួល​បានការ​គោរព​កោតខ្លាច​ពី​បុគ្គលិក​ព្រោះ​យើង​បាន​បំពេញ​នូវ​តម្រូវការសំខាន់ៗមួយចំនួន​ដែល​ពួកគេ​ចង់បាន។ លោក​បាន​បន្ថែម​ផងដែរ​ថា ការធ្វើការងារ​គឺ​ត្រូវមាន​ការតាំង​ចិត្ត ឬ​ដាក់​គោលដៅ​ឱ្យបាន​ច្បាស់លាស់ សូម​ចាប់ផ្តើម​ពី​ចំណុចតូចៗ តែ​ត្រូវ​ព្យាយាម​ឱ្យអស់​ពី​លទ្ធភាព​ដើម្បី​ស្វែងរក​ភាព​ថ្កុំថ្កើង​នៃ​អាជីព​នៅ​ថ្ងៃ​អនាគត។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ អ្នករៀបចំ​ព្រឹត្តិការណ៍ (Event) សំខាន់ៗដែលមាន​ឈ្មោះថា Daily Plus លោក ពេជ្រ ពិសាល បាន​លើកឡើងថា អ្នកណា​ក៏​ចង់​ធ្វើ​ការងារសំខាន់ៗដែរ ហើយ​មនុស្ស​គ្រប់រូប​ខិតខំ​ប្រឹងប្រែង​ធ្វើ​ការងារ គឺ​ដើម្បី​ក្លាយជា​មនុស្ស​សំខាន់​ក្នុង​ស្ថាប័ន តែ​អ្វីដែល​ធ្វើឱ្យ​មនុស្ស​ស្ថិតក្នុង​ស្ថានភាព និង​តួនាទី​ខុសគ្នា​នោះ គឺ​វិធី​ដើម្បី​សម្រេច​គោលដៅ​ទាំងអស់នោះ។ ដើម្បី​សម្រេច​ជោគជ័យ​លើ​ដំណើរ​ឆ្ពោះទៅរក​ភាពខ្លាំង​នៃ​អាជីព​បាន គឺ​មិនអាច​មើលរំលង​ការចាប់ផ្តើម​ដ៏​សាមញ្ញ​បាន​នោះទេ។

លោក ពេជ្រ ពិសាល បាន​និយាយថា ៖ មនុស្សម្នាក់ៗមិនអាច​ធ្វើការ​ងារ​បា​ន​ល្អ​ដោយ​គ្មាន​ការរៀនសូត្រ​នោះទេ ហេតុនេះ​ការចាប់ផ្តើម​ធ្វើការ​ងារតូចៗដែលមាន​ប្រាក់ខែតិចៗ អាចជា​ជម្រើស​ល្អ​បំផុត​សម្រាប់​រៀនសូត្រ​ធ្វើការ ហើយ​ថែមទាំង​មាន​ចំណូល​ទៀតផង។

លោក​ពិសាល បានលើកឡើង​ទៀតថា ការចាប់ផ្តើម​ការងារ​ដំបូង មិនគួរ​មើល​តែ​លើ​ប្រាក់ខែ ឬ​ប្រាក់ចំណូល​ខ្លាំងពេក​នោះទេ តែ​អ្វីដែល​យើង​ត្រូវ​មើល​គឺ តើ​ឱកាស​ដែល​យើង​កំពុងមាន​នោះ អាចជួយ​យើង​ឱ្យ​សម្រេច​គោលដៅ​បាន​ច្រើន​ប៉ុនណា​នៅ​ថ្ងៃ​ខាងមុខ។ ក្រៅពីនេះ ការធ្វើការងារ​ដោយ​ចាប់ផ្តើម​ពី​បុគ្គល​មិនសូវ​សំខាន់ ហើយ​អាច​អភិវឌ្ឍ​ខ្លួន​ជាប់​រហូត​នោះ គឺជា​ចំណុច​ពិសេស​មួយ​ដែល​បង្ហាញ​ពី​ការដាក់​ចិត្ត ដាក់​កាយ​រៀនសូត្រ​ពី​ការងារ​ដោយ​មិន​ប្រកាន់ខ្លួន ហើយ​វា​ក៏​ជា​ចំណុច​ល្អ​មួយ​ដែល​អាច​នឹង​ធ្វើឱ្យ​យើង​ក្លាយជា​អ្នកដឹកនាំ​ម្នាក់​ប្រកបដោយ​គុណប្រយោជន៍ គុណធម៌ និង​គុណ​តម្លៃ​ផងដែរ​នៅ​ថ្ងៃ​ខាងមុខ៕

Advertisement