Facebook សារភាពថា បាន​ឆែក និង​មើល​រាល់​សារ​របស់​អ្នកប្រើប្រាស់​ទាំងអស់

បណ្ដាញ​ទំនាក់ទំនង​សង្គម​ធំ​បំផុត​របស់​ពិភពលោក Facebook បាន​សារភាពថា ខ្លួន​ពិតជា​បាន​បំពាន​លើ​សិទ្ធិ​ឯកជន​របស់​អ្នកប្រើប្រាស់​មែន ប៉ុន្តែ​ការបំពាន​នោះ​គឺធ្វើឡើង​ក្នុងគោលបំណង​ល្អ ដែល​ផ្ទុយស្រឡះ​ពី​ការចោទប្រកាន់។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន Daily Mail។

បើតាម​សម្តី​របស់ លោក Mike Schroepfer ដែលជា​នាយក​ផ្នែក​បច្ចេកវិទ្យា (CTO) របស់ Facebook បានឱ្យដឹងថា Facebook បានធ្វើការ​ស្គែ​ន​ទៅលើ​សារ រូបភាព និង Link ដែល​អ្នកប្រើប្រាស់​បាន​ផ្ញើឱ្យ​គ្នា​ទៅវិញទៅមក​តាមរយៈ Facebook Messenger ប៉ុន្តែ​ការដែល​ខ្លួន​ធ្វើបែបនេះ​គឺ​ទី1 ត្រួតពិនិត្យ​ទៅលើ​រូបភាព​ដែល​បាន​ផ្ញើ​នោះ តើ​វា​ជាការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដែរឬទេ? និង​មួយទៀត​ខ្លាច​រូបភាព​ដែល​ផ្ញើ​នោះ​ប៉ះពាល់​ដល់​ក្មេង និង​ជាពិសេស​គឺ Link ដែល​បាន​ផ្ញើ​ខ្លាច​មាន​មេរោគ​បង្កប់​ទៅជា​មួយ ព្រោះថា មួយរយៈ​មុននេះ​មាន​មេរោគ​ជាច្រើន​បាន​ឆ្លង​តាមរយៈ​ការផ្ញើ Link។

លោក Mike Schroepfer ក៏បាន​ឱ្យដឹង​ទៀត​ដែរ​ថា មាន​ភាគី​ទី3 ទំនងជា​បាន​កេងចំណេញ និង​លួច​ទិន្នន័យ​របស់​អ្នកប្រើប្រាស់ តាមរយៈ​ការប្រើ​ឧបករណ៍​ស្វែងរក (Search Tool) ក្លែងក្លាយក្នុងការ​ប្រមែប្រមូល​ទិន្នន័យ​ផ្ទាល់​ឯកជន​របស់​អ្នកប្រើប្រាស់ Facebook នៅ​ជុំវិញ​ពិភពលោក​ប៉ុន្តែ​ករណីនេះ Facebook កំពុងធ្វើការ​ស៊ើបអង្កេត។

នាពេលថ្មីៗនេះ​ផងដែរ រដ្ឋមន្ត្រី​ទូរគមនាគមន៍ និង​ទំនាក់ទំនង​ឥណ្ឌូនេស៊ី លោក Rudiantara បាន​គំរាម​បិទ​បណ្ដាញ​ទំនាក់ទំនង​សង្គម​យក្ស Facebook នេះ​ចោល បើសិន​ទិន្នន័យ ឬ​ព័ត៌មាន​ឯកជន​របស់​អ្នកប្រើប្រាស់​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី ត្រូវបាន​រំលោភបំពាន និង​បែកធ្លាយ។

គួរបញ្ជាក់​ផងដែរ​ថា លោក Mark Zuckerberg សហ​ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ Facebook នឹង​ចូល​ផ្តល់​សក្ខីកម្ម​នៅ​ចំពោះមុខ​សភា​សហរដ្ឋអាមេរិក នា​ថ្ងៃទី11 ខែមេសា ខាងមុខនេះ ជុំវិញ​រឿងអាស្រូវ​បែកធ្លាយ​ទិន្នន័យ​របស់​អ្នកប្រើប្រាស់​នេះ៕

Advertisement