វេទិកា​សេដ្ឋកិច្ចពិភពលោក​បង្ហា​ញ​ពី​ប្រទេស​ដែលមាន​បណ្ឌិត (PhD) ច្រើនជាងគេ​បំផុត

ក្រាហ្វិកដែលបង្ហាញពីប្រទេសមានចំនួនបណ្ឌិត (PhD) ច្រើនជាងគេ (អំឡុងឆ្នាំ2014)

ការអប់រំ ជា​កូនសោ​មិនអាច​ខ្វះ​បាន​ដែល​ជំរុញឱ្យមាន​កំណើនសេដ្ឋកិច្ច​នៅលើ​ពិភពលោក។ គ្រប់​ប្រទេស​អភិវឌ្ឍន៍​ទាំងអស់​សុទ្ធតែ​ត្រូវការ​ធនធានមនុស្ស ព្រោះ​ធនធានមនុស្ស​ជា​បេះដូង​នៃ​របកគំហើញថ្មីៗទាំងអស់ ដែល​ពួកគេ​ជា​ចំណែក​មិនអាច​ខ្វះ​បាន​សម្រាប់​សង្គម និង​អភិវឌ្ឍន៍​ប្រទេស។

ក្រាហ្វិករបាយការណ៍របស់ OECD

ដោយ​មើលឃើញ​ពី​ចរន្ត​នេះ ប្រទេស​ជាច្រើន​លើ​ពិភពលោក​បានចាប់ផ្តើម​វិនិយោគ​លើ​ការអប់រំ​កម្រិត​ឧ​ត្ត​ម និង​ក្រោយ​ឧ​ត្ត​ម ហើយ​ប្រទេស​មួយចំនួន​ក៏​ជំ​រុញឱ្យ​ប្រជាជន​របស់ខ្លួន​ធ្វើការ​ស្រាវជ្រាវ​រហូតដល់​បញ្ចប់​ថ្នាក់បណ្ឌិត​ផងដែរ។ ខាងក្រោម​នេះ​ជា​ទិន្នន័យ​ចុងក្រោយ បំផុត​ទាក់ទង​នឹង​ចំនួន​បណ្ឌិត (PhD) ក្នុងប្រទេស​ដែលមាន​អ្នក​បញ្ចប់​ថ្នាក់បណ្ឌិត​ច្រើន​បំផុត​លើ​ពិភពលោក។

យោងតាម​របាយការណ៍​របស់ OECD បាន​សហរដ្ឋអាមេរិក​ជា​អ្នក​នាំមុខគេ​ដែលមាន​ប្រជាជន​បញ្ចប់​ថ្នាក់ PhD ដល់​ទៅ 67,449នាក់​នៅក្នុង​ឆ្នាំ2014។ បន្ទាប់មក​គឺ​ប្រទេស​អាល្លឺម៉ង់ ដែលមាន​អ្នក​ចប់ PhD ចំនួន 28,147 និង​បន្ទាប់មកទៀត​គឺ​ប្រទេស​អង់គ្លេស​ដែល​ល្បីល្បាញ​ខាង​ផ្នែក​អប់រំ​លើ​ពិភពលោក និង​មាន​អ្នក​ចប់ PhD ប្រមាណ 25,020នាក់។

ងាក​មក​បណ្ដា​ប្រទេស​នៅក្នុង​អាស៊ី​វិញ ឥណ្ឌា បាន​ឈរ​ក្នុង​ចំណាត់ថ្នាក់​លេខ4 ដែលមាន​ប្រជាជន​ជាប់ PhD ចំនួន 24,300នាក់។ ចំនួន​នេះ គឺ​តាម​ពីក្រោយ​ដោយ​ប្រទេស​ល្បីល្បាញ​ផ្នែក​បច្ចេកវិទ្យា​គឺ ជប៉ុន ខណៈ​ប្រទេស​នេះ​មាន​អ្នក​ជាប់ PhD ចំនួន 16,039នាក់។

យោងតាម​របាយការណ៍​របស់ OECD ក៏បាន​បង្ហាញ​ផងដែរ​ពី​ចំនួន​បណ្ឌិត​ដែល​បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស​នៅលើ​ពិភពលោក​ក្នុង​រយៈពេល 2ទសវត្សរ៍​ចុងក្រោយ​នេះ។ នៅក្នុង​ពិភពលោកដែល​ពោរពេញ​ដោយ​លំហូរ​នៃ​សេដ្ឋកិច្ច​យ៉ាង​លឿន​នេះ ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​ត្រូវបាន​គេ​យកចិត្តទុកដាក់​ខ្លាំង។ ក្នុងនោះ​ចំនួន 40% នៃ​បណ្ឌិត​ដែល​បានបញ្ចប់​ការសិក្សា​គឺ​ជំនាញ វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា (STEM) ចំណែកឯ​ជំនាញ​ទាក់ទង​នឹង​សុខភាព និង​ជំនាញ​ពាក់ព័ន្ធ​ដទៃទៀត​គឺ 58%៕

Advertisement