កូន​គ្មាន​គំនិត​ច្នៃប្រឌិត​អាច​បណ្ដាលមកពី​ឪពុកម្តាយ

អាណាព្យាបាល​ជាច្រើន​បាន​រអ៊ូរទាំ​ពីកូនៗរបស់គាត់​ដែល​មិនអាច​ធ្វើ​រឿង​ជាច្រើន​តាមចិត្ត​របស់គាត់​បាន ហើយ​ពេលខ្លះទៀត​ក៏​បន្ទោស​លើ​ប្រព័ន្ធ​អប់រំ​ថា មិនអាច​ធ្វើឱ្យ​កូន​គាត់​ក្លាយជា​មនុស្ស​ដែលមាន​គំនិត​បង្កើត​ថ្មី ឆ្លាត​វៃ ឬ​ក្លាយជា​មនុស្ស​ដែលមាន​គំនិត​អភិវឌ្ឍន៍។

ផ្អែកលើ​ស្ថានភាព​បែបនេះ អ្នកជំនាញ​អប់រំ​បានបង្ហាញ​ពី​អំណះអំណាង​ជាច្រើន​ស្រដៀង​គ្នា ដែល​ក្នុងនោះ​ក៏មាន​គេហទំព័រ Education world ផងដែរ​បានលើកឡើង​ថា ការដែល​ជំរុញ​កុមារ​តូច​ឱ្យធ្វើតាម​មនុស្ស​ធំ ឬ​ការបង្ខំ​ឱ្យ​កុមារ​ធ្វើតាម​អ្វីដែល​អាណាព្យាបាល​គិត​នោះ គឺជា​រឿង​ខុសឆ្គង។

ការគិត​របស់​មនុស្ស​ធំ និង​គំនិត​របស់​កុមារ​មាន​ភាពខុសគ្នា ហើយ​ពេលខ្លះ​ការដែល​យើង​បង្ខំ​ឱ្យ​កុមារ​ធ្វើអ្វីៗតាម​មនុស្ស​ធំ​ទាំងស្រុង នឹងធ្វើ​ឱ្យ​កុមារ​កាន់តែ​ទន់ខ្សោយ​ទៅ ព្រោះ​គាត់​ប្រាកដជា​មិនអាច​ធ្វើ​ដូច​អ្វីដែល​យើង​រំពឹងទុក​ទាំងអស់​នោះទេ ហើយ​ប្រសិនបើ​គាត់​ធ្វើបាន នោះ​មានន័យថា កម្រិត​នៃ​ការគិត​របស់គាត់​បាន​ត្រឹមតែ​ស្មើ​អាណាព្យាបាល ហើយយូរៗទៅ អាណាព្យាបាល​នឹង​លែង​បានឃើញ​ពី​ចំណុច​ពិសេស​របស់​កូន។

អាណាព្យាបាល​ជាច្រើន​បានគិត​ខុស ហើយ​ព្យាយាម​កាត់​តម្រឹម​ការគិត និង​គំនិត​ច្នៃប្រឌិត​របស់​ក្មេង​ឱ្យ​ស្ថិតក្នុង​គន្លង​ចាស់គំរឹលដដែលៗ ដែលជា​ហេតុ​ធ្វើឱ្យ​ក្មេង​បាត់បង់​ជំហរ​ក្នុងការ​អភិវឌ្ឍ​គំនិត ខណៈ​អ្នកស្រាវជ្រាវ​នានា​រកឃើញ​ថា​ក្មេង​ដែលមាន​សេរីភាព​គ្រប់គ្រាន់​ក្នុង​ការគិត គឺអាច​រកឃើញ​ដំណោះស្រាយ​បញ្ហា​ឆ្លាត​វៃ​លឿន​ជាង​មនុស្ស​ធំ។ ក្រៅពីនេះ កុមារ​ក៏​អាច​នឹង​ក្លាយជា​មនុស្ស​សំខាន់ មានគំនិត​បង្កើត​ថ្មី ឬ​អាច​ក្លាយជា​មនុស្ស​លេចធ្លោ​បាន​លើសពី​មនុស្ស​ធំ ប្រសិនបើ​ពួកគេ​មាន​ភាព​រីករាយ​គ្រប់គ្រាន់​ក្នុង​ការគិត សាកល្បង ឬ​ស្វែងរក​ពិភព​នៃ​ការរស់នៅ​បាន​យ៉ាង​ទូលំទូលាយ​នោះ។

អ្នក​អប់រំ​ជាច្រើន បាន​ជំរុញ​កុមារ​ឱ្យមាន​ការស្វែងយល់​យ៉ាង​ទូលាយ​តាមរយៈ​ការបង្កើត​កម្មវិធី​ពិសោធ​ជាក់ស្តែង ការមើល​វីដេអូ រួមទាំង​ការដើរទៅ​ក្រៅប្រទេស​ជាដើម ដើម្បី​ជំរុញ​ពួកគេ​ឱ្យ​ស្គាល់​បរិស្ថាន​ថ្មី វិធីសាស្ត្រ​នៃ​ការរស់នៅ​ប្រកបដោយ​ភាព​ច្នៃប្រឌិត ដែល​វា​ជា​មូលដ្ឋានគ្រឹះ​នៃ​ការគិត និង​បង្កើត​ថ្មី​របស់​ក្មេង។ ហេតុនេះ​អាណាព្យាបាល ឪពុកម្តាយ​នៅ​កម្ពុជា គួរ​ចាប់ផ្តើម​សាកល្បង​សង្កេត​ដោយ​យកចិត្តទុកដាក់ និង​លើកទឹកចិត្ត​ចំពោះ​គំនិតប្លែកៗរបស់​ក្មេង ជាជាង​បង្ខំ​ពួកគេ​ឱ្យធ្វើ​នូវ​អ្វីដែល​យើង​ចង់ឱ្យក្មេងៗធ្វើ ទាំង​មិនបាន​មើល​ពី​សក្តានុពល​របស់​ពួកគេ៕

Advertisement