Apple អាច​នឹង​ចេញលក់ iPhone ប្រើ​ស៊ីម​កាត 2 លើកដំបូង​នៅ​ចុងឆ្នាំ​នេះ

អាមេរិក៖ ថ្មីៗនេះ មាន​លេចឮ​នូវ​ព័ត៌មាន​ចចាមអារ៉ាម​ថ្មី​មួយ​ទាក់ទង​នឹង​ទូរស័ព្ទដៃ iPhone របស់​ក្រុមហ៊ុន Apple ដែល​វា​ជា​ព័ត៌មាន​ថ្មី និង​រសើប​បំផុត​នៅក្នុង​ពិភព​ស្មា​ត​ហ្វូ​ន។ យោងតាម​អ្នកវិភាគ​ដ៏​ល្បី និង​ជំនាញ​ទាក់ទង​នឹង Apple លោក Ming-Chi Kuo បាន​បង្ហើប​ឱ្យដឹងថា ក្រុមហ៊ុន Apple នឹង​ប្រកាស​បង្ហាញ iPhone ដែល​អាច​ប្រើ​ស៊ីម​កាត 2 នៅក្នុងពេលឆាប់ៗខាងមុខនេះ។

គេហទំព័រ GSM Arena បាន​ចុះផ្សាយ​ដោយ​ដកស្រង់​សំដី​លោក Ming-Chi Kuo ថា «យ៉ាងយូរបំផុត​នៅ​ចុងឆ្នាំ 2018 នេះ iPhone ប្រើ​ស៊ីម​កាត 2 នឹង​បង្ហាញខ្លួន»។ ប្រភព​ដដែល​បានបញ្ជាក់​បន្តទៀតថា ក្រុមហ៊ុន Apple បានសម្រេច​ចិត្ត​បង្កើត iPhone ប្រើ​ស៊ីម​កាត2 នេះ ដោយសារតែ​មានការ​ជំរុញ​ពី​ក្រុម​អ្នកវិនិយោគ។

បើទោះបីជា​គេ​មិនទាន់​ដឹង​ច្បាស់​ថា iPhone ប្រើ​ស៊ីម​កាត 2 នោះ​មានឈ្មោះ​អ្វី​ក៏ដោយ ប៉ុន្តែ​បើតាម​ការបញ្ជាក់​របស់​អ្នកវិភាគ​ខាងលើ បានឱ្យដឹងថា វា​មាន​អេក្រង់​ទំហំ 6.1អ៊ីង និង​មានតម្លៃ​ចន្លោះ​ពី 650 ទៅ 750ដុល្លារ​អាមេរិក ដោយ​ក្នុងនោះ​មាន​ពីរ​ជម្រើស​សម្រាប់​អតិថិជន គឺអាច​ជ្រើស​រើសយក​ស៊ីម​កាត 1 ក៏បាន និង​ស៊ីម​កាត 2 ក៏បាន តែ​តម្លៃ​ខុសគ្នា។

ក្រុមអ្នកវិភាគ​ជាច្រើន​បាន​លើកឡើងថា iPhone ប្រើ​ស៊ីម​កាត 2 នេះ នឹង​ជួយ​ជំរុញ​ទីផ្សារ iPhone ឱ្យ​កាន់តែខ្លាំង​ថែមទៀត បើទោះបីជា​ទូរស័ព្ទ​ស៊ីម​កាត 2 មិន​ពេញនិយម​នៅ​សហរដ្ឋអាមេរិក​ក្ដី ប៉ុន្តែ​សម្រាប់​នៅ​តំបន់​អាមេរិក​ឡា​ទិន អឺរ៉ុប និង​អាស៊ី​គឺ​ពេញនិយម​ខ្លាំង​បំផុត ហើយ​បើតាម​ការវិភាគ Apple អាច​នឹង​ចេញលក់ iPhone ប្រើ​ស៊ីម​កាត 2 នៅ​តំបន់​ដែលមាន​ការពេញនិយម​ប៉ុណ្ណោះ៕

Advertisement