ឥណ្ឌូនេស៊ី ទាមទារ​ចម្លើយ​បន្ថែមទៀត​ពី Facebook រឿង​បំពាន​ទិន្នន័យ​ផ្ទាល់ខ្លួន​អ្នកប្រើប្រាស់

ហ្សា​កាតា៖ រដ្ឋាភិបាល​នៃ​ប្រទេស​ឥណ្ឌូនេស៊ី ថ្មីៗនេះ បានទាមទារ​ឱ្យ​បណ្ដាញ​សង្គម​យក្ស Facebook ផ្ដល់នូវ​ចម្លើយ​បន្ថែមទៀត ទាក់ទង​នឹង​ទិន្នន័យ​របស់​អ្នកប្រើប្រាស់​ដែល​ត្រូវបាន​គេ​លួច។

រដ្ឋមន្ត្រីក្រសួង​ទូរគមនាគមន៍​ឥណ្ឌូនេស៊ី បាន​ថ្លែងឱ្យដឹងថា Facebook ត្រូវតែ​ផ្ដល់ព័ត៌មាន​លម្អិត​បន្ថែ​ម​ទៀត ពាក់ព័ន្ធ​នឹង​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​អ្នកប្រើប្រាស់​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី ដែល​ត្រូវបាន​រំលោភបំពាន ឬ​ត្រូវបាន​គេ​លួច​ដោយ​សម្ងាត់។

រដ្ឋាភិបាល​ឥណ្ឌូនេស៊ី បាន​ស្មើ​សុំឱ្យ Facebook ធ្វើការ​បកស្រាយ និង​ពន្យល់​បន្ថែម​ពាក់ព័ន្ធ​នឹង​ករណី​ទិន្នន័យ​របស់​អ្នកប្រើប្រាស់ ប៉ុន្តែ Facebook នៅ​មិនទាន់​បានផ្ដល់​ចម្លើយ​លម្អិត​នោះទេ គ្រាន់តែ​បានចេញ​មុខ​សុំទោស​អ្នកប្រើប្រាស់​ទាំងអស់​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី។

ថ្មីៗនេះ​ផងដែរ លោក Mark Zuckerberg សហ​ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​បណ្ដាញ​សង្គម Facebook បាន​ប្រឈមមុខ​នឹង​សំណួរ​ដ៏​លំបាក​ជាច្រើន ពាក់​ព័ទ្ធ​នឹង​របៀប​ប្រមូល​ទិន្នន័យ និង​ភាពចាំបាច់​លើ​បទ​ប​ញ្ញ​តិ​ថ្មី នៅ​អំឡុង​បង្ហាញខ្លួន​នៅ​ចំពោះមុខ​គណៈកម្មាធិការ​ថាមពល និង​ពាណិជ្ជកម្ម នៃ​សភា​អាមេរិក​មាន​សមាជិក​ជិត 100នាក់ ក្នុង​រយៈពេល 5ម៉ោង ដែល​ការប្រឈមមុខ​នេះ ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​លេច​ធ្លាយ​នូវ​ព័ត៌មាន​ថា ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​អ្នកប្រើប្រាស់ Facebook ត្រូវបាន​បែកធ្លាយ​ទៅដល់​ដៃ​ជន​ទី3៕

Advertisement