មជ្ឈមណ្ឌល​បុប្ផា​ណា បង្កើត​កម្មវិធី​ទូរស័ព្ទ​បង្ហាញ​ពី​ប្រវត្តិ​ខ្មែរក្រហម

នៅ​កម្ពុជា ថ្មីៗនេះ​មជ្ឈមណ្ឌល បុប្ផា​ណា បាន​សហការ​ជាមួយនឹង​ដៃគូ​ពាក់ព័ន្ធ​បង្កើតឡើង​នូវ​កម្មវិធី​ទូរស័ព្ទ​ដោយ​បញ្ចូល​នូវ​សិល្បៈ និង​អត្ថបទ​ប្រវត្តិសាស្ត្រ​ជាច្រើន​ប្រកបដោយ​គុណប្រយោជន៍​សម្រាប់​សាធារណជន​ខ្មែរ។

នៅថ្ងៃនេះ​អ្នកយកព័ត៌មាន​នៃ​កាសែត​ឡា​រ៉ែ​ន ពាណិជ្ជ បាន​ជួប​សម្ភាស​ជាមួយ​លោក ជា សុភាព នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​បុប្ផា​ណា ដែល​លោក​បានបង្ហាញ​ពី​ព័ត៌មាន​លម្អិត​ពាក់ព័ន្ធ​នឹង​កម្មវិធី​ដ៏​មាន​សារៈសំខាន់​នេះ​ដូចខាងក្រោម។

  1. ថ្មីៗនេះ​បុប្ផា​ណា​ទើបនឹង​បង្កើត​កម្មវិធី​ទូរស័ព្ទ (Mobile App) ដែល​កំពុង​ស្ថិតក្នុង​ចំណាប់អារម្មណ៍​របស់​សាធារណជន។ តើ App នេះ​ត្រូវបាន​បង្កើតឡើង​ក្នុង​គោលបំណង​អ្វីខ្លះ?

គោលបំណង​សំខាន់​នៃ​ការផលិត App ដែលមាន​ឈ្មោះថា ប្រវត្តិសាស្ត្រ​ខ្មែរក្រហម ឬ Khmer Rouge History នេះ​គឺ​ចង់​អប់រំ​យុវជន​ជំនាន់​ក្រោយ​ឱ្យបាន​ស្វែងយល់​កាន់តែច្បាស់​ពី​ប្រវត្តិសាស្ត្រ​ពិត​ដែល​កើតមានឡើង​ក្នុងសម័យ​ខ្មែរក្រហម និង​ដើម្បី​ជួយ​ដល់​ក្រសួង​អប់រំ យុវជន និង​កីឡា លើ​កម្មវិធី​អប់រំ​ប្រវត្តិសាស្ត្រ​ផងដែរ។

ក្រៅពីនេះ កម្មវិធី​នេះ​ក៏​ជាការ​ចែករំលែក​ប្រវត្តិសាស្ត្រ​ជាក់ស្តែង​ទៅកាន់​មនុស្សជាតិ​ទាំងមូល ដើម្បី​ធ្វើឱ្យ​មនុស្ស​ពី​គ្រប់​ជាតិ​សាសន៍​អាច​ទទួលបាន​ព័ត៌មាន​ពីរ​បប​ខ្មែរក្រហម។ ម្យ៉ាងវិញទៀត យើង​ឃើញ​ហើយ​ថា​មនុស្ស​ចាស់​សម័យមុន​នៅពេលដែល​គាត់​និយាយ​ពីរ​បប​ខ្មែរក្រហម​ប្រាប់ក្មេងៗ ពួកគេ​អាច​មិនសូវ​យកចិត្តទុកដាក់​ស្តាប់ ដែល​វា​ជា​បញ្ហា​មួយ​ធ្វើឱ្យ​គាត់​មិន​សប្បាយចិត្ត ហេតុនេះ​នៅពេលដែល​យើង​បណ្តុះបណ្តាល​ឱ្យក្មេងៗជំនាន់​ក្រោយ​បាន​យល់ដឹង​ពី​រឿងរ៉ាវ​ជាក់ស្តែង​នានា​នៅ​ក្នុងសម័យ​ខ្មែរក្រហម មនុស្ស​ចាស់​ដែលមាន​ការឈឺចាប់​នៅ​សម័យ​នោះ​អាច​នឹងមាន ការ​ស្ងប់​ចិត្តបាន​ខ្លះ ដែល​វា​ហាក់ដូចជា​ការផ្សះផ្សា​ផ្លូវចិត្ត​ដល់​ពួកគាត់​មួយកម្រិត​ផងដែរ។ កម្មវិធី​នេះ​ត្រូវបាន​បង្កើតឡើង​ដោយមាន​ការឧបត្ថម្ភ និង​គាំទ្រ​ពី​សហភាព​អឺរ៉ុប និង​អង្គការ Rei Foundation Limited។

  1. តើ​ការបង្កើត App ស្តីពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​នេះ ត្រូវ​ចំណាយ​ពេលវេលា និង​ធនធាន​ច្រើន​ប៉ុនណា?

ការបង្កើត App នេះ​គឺ នៅ​ដំណាក់កាល​ទី1 យើង​បង្កើតឡើង​ក្នុង​រយៈពេល2ឆ្នាំ គឺ​ចាប់ផ្តើម​ពី​ឆ្នាំ2016 ដល់ ឆ្នាំ2018។ ដំណាក់កាល​នេះ ជា​ដំណាក់កាល​ក្នុងការ​បង្កើតឡើង​នូវ​អត្ថបទ (content) និង​វីដេអូសំខាន់ៗមួយចំនួន។ រយៈពេល​នេះ ជា​រយៈពេល​ខ្លី​តែ​យើង​បាន​បង្កើតឡើង​នូវ​សាច់រឿង​ជាច្រើន ព្រោះ​យើង​មាន​អ្នកសរសេរ ដល់​ទៅ 3រូប គឺ​លោក កែវ ឌួង ជា​ជនជាតិខ្មែរ​យើង ដែល​បានបញ្ចប់​ការសិក្សា​នៅ​ប្រទេស​ថៃ ហើយ​គាត់​បាន​បោះពុម្ពផ្សាយ​ឯកសារ​ច្រើន​ពាក់ព័ន្ធ​នឹង​ប្រវត្តិសាស្ត្រ និង​ជា​មនុស្ស​ម្នាក់​ដែល​ស្រឡាញ់​ការងារ​ប្រវត្តិសាស្ត្រ​នេះ ជា​អ្នកសរសេរ។

ចំពោះ​អ្នក​ដែល​ចូលរួម​សំខាន់ 2រូប​ទៀត គឺ​លោក​បណ្ឌិត ឌី ខាំ​បូ​លី ដែល​គាត់​ជា​អ្នកនិពន្ធ​សៀវភៅ​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ និង​មួយរូប​ទៀត​គឺ​អ្នកនិពន្ធ Anne Laure Porée ដែលគាត់​មាន​ស្នាដៃ​ពាក់ព័ន្ធ​នឹង​មន្ទីរ​ស.21 ហើយ​គាត់​បាន​សរសេរ​និក្ខេបបទ​ថ្នាក់បណ្ឌិត​របស់គាត់​អំពី​មន្ទីរ ស.21នេះ។

ក្រៅពីនោះ​ទៀត យើង​មាន​គណៈកម្មការ​ពិនិត្យ​ចំនួន 8រូប គឺ​លោក មួង សុផាត ដែល​គាត់​ជា​អ្នកជំនាញ​នៃ​ក្រសួង​អប់រំ​យុវជន និង​កីឡា លោក​បណ្ឌិត វង់ សុធា​រ៉ា ដែលជា​សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ និង​ជា​ប្រធាន​ដេ​ប៉ា​តឺ​ម៉​ង់​ប្រវត្តិសាស្ត្រ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ លោក​បណ្ឌិត ឃួន វិច្ឆិកា អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អប់រំ​នៃ​ក្រសួង​អប់រំ លោក ឆាំង យុ ប្រធាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា លោក ប៉ាន់ រិទ្ធី សមិទ្ធ​ករ និង​ជា​ផលិតករ​ភាពយន្ត រួម​ជាមួយនឹង​បណ្ឌិត Helen Jarvis ទីប្រឹក្សា​រាជរដ្ឋាភិបាល បណ្ឌិត អ៊ុក គ្រឹ​ស្នា​អតីត​ប្រធាន​មជ្ឈមណ្ឌល​ខេមរភាសា និង​លោក គន្ធ សុធីរ អតីតមន្ត្រី​ផ្នែក​ច្បាប់​នៃ​ការិយាល័យ​មេធាវី។ លើសពីនេះទៅទៀត គឺមាន​ការត្រួតពិនិត្យ​បន្ថែម​ពី​លោក David Chandler ដើម្បី​ធានាថា​អាចធ្វើឱ្យ​វា​មានតម្លៃ​គ្រប់គ្រាន់​សម្រាប់​បង្ហាញ​ទៅកាន់​សាធារណជន។

  1. រាល់ដង បើ​និយាយ​ពី​ខ្មែរក្រហម​យើង​ឃើញថា មនុស្ស​គ្រប់គ្នា​និយាយ​ច្រើន ហើយ​មាន​ឯកសារ​ច្រើន​ផងដែរ តើ​កម្មវិធី​ថ្មី​នេះ​មាន​អ្វី​ប្លែក​ដែល​អ្នកមើល​គួរតែ​ចូល​មើល​ដែរឬទេ?

ជាទូទៅ ខ្ញុំ​ធ្លាប់​ឆ្លងកាត់​ការស្ទង់មតិ​ជាមួយនឹងក្មេងៗមួយចំនួន គឺ​ពួកគាត់​ស្គាល់​តែ​ពី​ប៉ុល ពត ពី​នួន ជា ឬ អៀង សារី ជាដើម តែ​នៅពេលដែល​ខ្ញុំ​សួរ​គាត់​ឱ្យ​ស៊ីជម្រៅ គឺ​គាត់​មិនដឹង​ទេ។

អ្វីដែល​យើង​ដាក់បញ្ចូល​ទៅក្នុង App នេះ​គឺ​យើង​និយាយ​ពី​របៀប​ដែល​ខ្មែរក្រហម​ឡើងកាន់​អំណាច របៀប​នៃ​ការតស៊ូ វិធីសាស្ត្រ​ទំនាក់ទំនង​របស់​ប៉ុល ពត ទិន្នន័យសំខាន់ៗ រួមទាំង​វិធីសាស្ត្រ​ក្នុងការ​បញ្ជ្រាប​ពី​មនោគមន៍វិជ្ជា​របស់​ខ្មែរក្រហម​ដល់​ប្រជាជន រហូតដល់​មាន​ប្រជាជន​ជាច្រើន​នៅ​សម័យ​នោះ​ដើរ​តាម​ប៉ុល ពត។ យើង​ក៏​និយាយ​ពី​ទិដ្ឋភាព​ពេលដែល​ខ្មែរក្រហម​ចូល​ទីក្រុង​ភ្នំពេញ ការរស់នៅ​របស់​ប្រជាជន​ជា​លក្ខណៈ​ជីវិត​ឯកជន​ក្នុងសម័យ​ខ្មែរក្រហម និង​ពី​ប្រភពព័ត៌មាន​ដើម​ដែល​យើង​បានស្នើ​សុំ​ពី​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ដើម្បី​បង្ហាញជូន​សាធារណជន​ឱ្យ​កាន់តែច្បាស់។

  1. អ្វី​ជាការ​រំពឹងទុក​បន្ទាប់​ពី​ប្រជាជន​កម្ពុជា​ជាច្រើន​ចាប់ផ្តើម​ប្រើប្រាស់ App របស់​បុប្ផា​ណា​នេះ? លោក​មានមតិ​អ្វី​ដើម្បី​ផ្តាំផ្ញើ​ដល់​សាធារណជន​ដែរឬទេ?

ជាការ​រំពឹងទុក គឺ​យើង​ចង់ឃើញ​មានការ​ផ្លាស់ប្តូរ​ឥរិយាបថ​ជា​វិជ្ជមាន​ចំពោះ​ក្រុមគ្រួសារ​ខ្មែរ ដែល​ធ្លាប់​ឆ្លងកាត់​សម័យ​ខ្មែរក្រហម និង​ចង់ឱ្យ​យុវជន​យល់ដឹង​កាន់តែច្បាស់​ពី​សម័យ​ខ្មែរក្រហម ឬ​របប​ប្រល័យពូជសាសន៍​កុំឱ្យ​កើតមាន​ប្រវត្តិសាស្ត្រ​ច្រំ​ដែល ព្រោះ​យើង​ធ្លាប់​បានឃើញ​ហើយ​ថា ប្រវត្តិសាស្ត្រ​នៃ​ការកាប់សម្លាប់​រង្គាល​ត្រូវបាន​កើតឡើង​ម្តង​រួចមកហើយ​នៅ​ក្នុងសម័យ​សង្គ្រាមលោក​លើក​ទី2 ដោយ​មេដឹកនាំ​ល្មោភ​សង្គ្រាម អា​ដូ​ហ្វ ហ៊ី​ត្លែ តែ​ក្រោយមកទៀត​វា​បាន​កើតឡើង​បន្តបន្ទាប់​ស្រដៀង​គ្នា​នេះ​នៅលើ​ពិភពលោក គឺ​នៅក្នុង​ប្រទេស​កម្ពុជា

ហេតុនេះ​សង្ឃឹមថា យើង​ព្យាយាម​រៀន​ពី​វា ហើយ​ទប់ស្កាត់​កុំឱ្យ​វា​កើតឡើង​បន្តទៀត។ ដើម្បី​ជំរុញ​សកម្មភាព​នេះ​ឱ្យ​ជោគជ័យ គឺ​យើងទាំងអស់គ្នា​អាច​ចូលរួមបាន​តាមរយៈ​ការទាញយក (download) App នេះ​ឱ្យបាន​ច្រើន ហើយ​បន្ត​ស្វែងយល់ និង​ផ្សព្វផ្សាយ​ឱ្យ​កាន់តែ​ទូលំទូលាយ៕

Advertisement