មើល​ឱ្យ​លម្អិត​បន្តិច យើង​នឹង​ឃើញថា​សាកលវិទ្យាល័យ​ក្រចេះ​មាន​ភាព​ទាក់ទាញ​ច្រើន

នៅ​ព្រឹក​ថ្ងៃនេះ សាកលវិទ្យាល័យ​ក្រចេះ​បាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ដោយ​ចំណាយ​ថវិកា​អស់​ប្រមាណ 12លាន​ដុល្លារ​អាមេរិក ដែល​ធ្វើឱ្យ​ប្រជាជន​កម្ពុជា​ជាច្រើន​បាន​ចាប់អារម្មណ៍ និង​កោតសរសើរ ព្រោះ​មាន​ចំណុចពិសេសៗជាច្រើន​នៅក្នុង​នោះ។

ចំណុច​សំខាន់​ទី1 ដែល​ធ្វើឱ្យមាន​ការចាប់អារម្មណ៍​នោះ​គឺ រចនាប័ទ្ម​នៃ​ការសាងសង់ ព្រោះ​ទីតាំង​ទាំងមូល​នៃ​សាកលវិទ្យាល័យ​ក្រចេះ​ត្រូវបាន​រៀបចំឡើង​ដោយមាន​រចនាសម្ព័ន្ធ​ល្អ ទាំង​ទីធ្លា សួនច្បារ បរិក្ខារ​បច្ចេកទេស និង​ជាពិសេស​គឺ​សោភ័ណភាព​សំណង់​ដែល​សង់​ឡើង​ដោយ​ប្រើប្រាស់​រចនាប័ទ្ម​ខ្មែរ និង​ចិន។ ដែល​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​បាន​កោតសរសើរ ខណៈ​សាធារណជន​ចង់ឃើញ​អគារ​ទាំង​រដ្ឋ និង​ឯកជន​ដែល​ត្រូវបាន​សាងសង់​នៅ​សម័យ​បច្ចុប្បន្ននេះ​ងាក​មកប្រើប្រាស់​រចនាប័ទ្ម និង​គំរូ​ស្ថាបត្យកម្ម​បែប​ខ្មែរ​វិញ។

ចំណុច​ទី2 គឺ​សាកលវិទ្យាល័យ​នេះ មាន​តំបន់​ចំណុះសំខាន់ៗរបស់ខ្លួន 2 កន្លែង គឺ​នៅ​ឃុំ​សណ្តាន់​ជា​ថ្នាល​សម្រាប់​សិក្សា​ស្រាវជ្រាវ​ពី​វិស័យ​កសិកម្ម។ តំបន់​នោះ​លាតសន្ធឹង​លើ​ផ្ទៃដី​ប្រមាណ 92ហិកតា ដែល​អាច​ផ្តល់ឱកាស​ឱ្យ​និស្សិត​មាន​កន្លែង​គ្រប់គ្រាន់​ក្នុងការ​អនុវត្ត​ជាក់ស្តែង​លើ​ផ្នែក​កសិកម្ម ដែលជា​ផ្នែក​គោល​របស់​សាកលវិទ្យាល័យ។ ចំណែកឯ​តំបន់​ចំណុះ​មួយកន្លែង​ទៀត​គឺ នៅក្នុង​ឃុំ​សំបុក ដែលមាន​ផ្ទៃដី​ចំនួន 35ហិកតា សម្រាប់ធ្វើ​ការស្រាវជ្រាវ​ផ្នែក​ជលផល ដែលជា​ផ្នែក​យ៉ាងសំខាន់​មួយ​ជំរុញឱ្យមាន​ការអភិវឌ្ឍ​នៅ​តំបន់សំខាន់ៗជាច្រើន​នៅ​កម្ពុជា។

ចំណុច​សំខាន់​ទី3 គឺ​ផ្តោត​ជា​ចម្បង​លើ​អគារនីមួយៗនៅក្នុង​សាកលវិទ្យាល័យ ដែលមាន​ដូចជា​បណ្ណាល័យ អគា​វិទ្យាស្ថាន​ភាសា និង​ព័ត៌មានវិទ្យា អគារ​សាកលវិទ្យាធិកា​រ អគារ​ផ្គត់ផ្គង់​ទឹកស្អាត អគារ​អភិ​សាល អគារ​មន្ទី​ពិសោធ អគារ​រោង​ជាង អគារ​អាហា​រដ្ឋា​ន អគារ​ផ្គត់ផ្គង់ និង​ចែកចាយ​អគ្គិសនី និង​អគារ​ស្នាក់នៅ​បណ្តោះអាសន្ន។

គួរ​បញ្ជាក់ថា សាកលវិទ្យាល័យ​នេះ គឺ​សាងសង់ឡើង​ក្រោម​ហិរញ្ញប្បទាន​ឥត​សំណង​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​អស់ 10លាន​ដុល្លារ និង​ថវិកា​របស់​មូលនិធិ​ឧ​ត្ត​ម​សិក្សា​ខេត្តក្រចេះ​ប្រមាណ 2លាន​ដុល្លារ សរុប​ជា​ទឹកប្រាក់​គឺ 12លាន​ដុល្លារ​អាមេរិក៕

Advertisement