ការលក់​ស្មា​ត​ហ្វូ​ន​នៅក្នុង​ប្រទេស​ចិន​ធ្លាក់ចុះ 21% នៅ​ត្រីមាស​ដើមឆ្នាំ2018

យោងតាម​របាយការណ៍​ថ្មី​មួយ​បានឱ្យដឹងថា ការលក់​ស្មា​ត​ហ្វូ​ន​នៅក្នុង​ទីផ្សារ​ប្រទេស​ចិន​នៅ​ត្រីមាស​ទី1 ដើមឆ្នាំ2018 បាន​ធ្លាក់ចុះ​ខ្លាំង​ដែលនាំឱ្យ Apple បាត់បង់​តំណែង​លេខ4 មក​នៅ​លេខ5។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន CNBC។

របាយការណ៍​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន​វិភាគ​ឯករាជ្យ Canalys បានឱ្យដឹងថា ការលក់​ស្មា​ត​ហ្វូ​ន​នៅក្នុង​ប្រទេស​ចិន នៅ​ត្រីមាស​ទី1 បាន​ធ្លាក់ចុះ 21% ដោយមាន​ចំនួន​លក់បាន​ត្រឹមតែ 91លាន​គ្រឿង​ប៉ុណ្ណោះ។ អ្វីដែល​គេ​ចាប់អារម្មណ៍​នៅក្នុង​ត្រីមាស​ទី1 នេះ​គឺ​ការលក់​ស្មា​ត​ហ្វូ​ន​របស់​ក្រុមហ៊ុន​យីហោ​ក្នុងស្រុក Xiaomi បាន​កើនឡើង​ខ្លាំង​រហូត​រុញច្រាន Apple ឱ្យមក​នៅ​លេខ​រៀង​ទី5 ចំណែក Xiaomi ទៅ​នៅ​លេខ​រៀង​ទី4 វិញ ក្នុង​តារាង​ក្រុមហ៊ុន​ដែល​លក់​ស្មា​ត​ហ្វូ​ន​បាន​ច្រើនជាងគេ។

ជាមួយគ្នា​នោះ​ផងដែរ គេ​សង្កេតឃើញថា ការលក់​ស្មា​ត​ហ្វូ​ន​របស់​ក្រុមហ៊ុន Huawei មានការ​កើនឡើង 2ភាគរយ ប៉ុន្តែ​ក្រុមហ៊ុន​មួយ​នេះ នៅតែ​ស្ថិតក្នុង​កំពូល​តារាង​ដដែល។

នៅក្នុង​របាយការណ៍​ក៏បាន​បញ្ជាក់​ឱ្យដឹង​ផងដែរ​ថា ស្មា​ត​ហ្វូ​ន​ដែល​លក់ដាច់​ជាងគេ​នៅក្នុង​ត្រីមាស​ទី1 នោះ​គឺ​ស្មា​ត​ហ្វូ​ន​ដែលមាន​តម្លៃ​ប្រមាណ150ដុល្លារ​អាមេរិក ដែល​ស្មើនឹង 90%នៃ​ស្មា​ត​ហ្វូ​ន​ដែល​បាន​លក់៕

Advertisement