ការសិក្សា​ពេញ​មួយជីវិត​ជា​ចំណែក​យ៉ាងសំខាន់​សម្រាប់​អភិវឌ្ឍ​ខ្លួនឯង និង​ប្រទេស​ទាំងមូល

មនុស្ស​ចាស់​ដែល​រៀន​​កម្ម​វិធី​​អក្ខរកម្ម​​ជាមួយ​​អង្គការ​ ​CCF

បើ​គិតពី​សេដ្ឋកិច្ច កម្ពុជា​ជា​ប្រទេស​ដែលមាន​សក្តានុពល​ផ្នែក​ទីតាំង​ភូមិសាស្ត្រ និង​លក្ខខណ្ឌ​ធនធានមនុស្ស ព្រោះ​ប្រទេស​នេះ​ស្ថិតនៅ​ចំ​កណ្តាល​នៃ​តំបន់​អាស៊ាន​ដែលមាន​ប្រជាជន​វ័យ​ក្រោម 30ឆ្នាំ​ចំនួន 2/3 ហើយ​ប្រជាជន​សកម្ម​មាន​ដល់​ទៅ​ជាង 10លាន​នាក់ (ស្ថិតិ​របស់​គោលនយោបាយ​ជាតិ​ស្តីពី ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ឆ្នាំ2017-2025)។ កត្តា​នេះ​ជា​ចំណុចខ្លាំង​ដែល​អ្នកវិនិយោគ​បរទេស​សម្លឹង​ឃើញ ហើយក៏​ចាប់អារម្មណ៍​ខ្លាំង​ក្នុងការ​បណ្តាក់ទុន​រក​ស៊ី តែ​ទោះជា​យ៉ាងនេះ​ក្តី ក៏​គេ​មើលឃើញថា កត្តា​អប់រំ​គឺជា​កត្តា​ប្រឈម​មួយ​ដែល​ធ្វើឱ្យ​ធនធានមនុស្ស​ដ៏​ច្រើន​នេះ​មិនអាច​បញ្ចេញ​អស់​សមត្ថភាព​ក្នុងការ​បម្រើ​ការងារ។

ថ្មីៗនេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​សហការ​ជាមួយនឹង​អង្គការ​យូណេស្កូ​រៀបចំ​ឱ្យមាន​សេចក្តីព្រាង​គោលនយោបាយ​ជាតិ​ស្តីពី​ការសិក្សា​ពេញ​មួយជីវិត ដែល​វា​អាច​នឹង​ផ្តល់ឱកាសល្អ​សម្រាប់​ជា​ជំនួយ​ដល់​ប្រជាជន​ទូទៅ​ឱ្យទទួល​បានការ​សិក្សា​លើ​ជំនាញ​ដែល​សង្គម​កំពុង​ត្រូវការ ដូចជា​បច្ចេកវិទ្យា ជំនាញ​បច្ចេកទេស និង​ជំនាញសំខាន់ៗជាច្រើន​ផ្សេងទៀត។

រដ្ឋលេខាធិការ​ក្រសួង អប់រំ យុវជន និង​កីឡា ឯកឧត្តម ណាត ប៊ុន​រឿន បាន​លើកឡើងថា គម្រោង​រៀបចំ​គោលនយោបាយ​ជាតិ ស្តីពី​ការសិក្សា​ពេញ​មួយ​ជិវិត​នេះ​មាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​ប្រជាជន​កម្ពុជា និង​ប្រទេស​កម្ពុជា​ទាំងមូល ព្រោះ​វា​ជា​ផែនទី​បង្ហាញផ្លូវ​មួយ​ក្នុងការ​អភិវឌ្ឍ​វិស័យ​ធនធានមនុស្ស​ដែលជា​ផ្នែក​ដ៏​មាន​សក្តានុពល ឬ​ជា​ឆ្អឹងខ្នង​នៃ​ការអភិវឌ្ឍ​នៅ​កម្ពុជា។

កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​មួយ​ដែល​រៀប​ចំ​ដោយ​ក្រសួង​អប់រំ ​យុវជន ​និង​កីឡា

ឯកឧត្តម ណាត ប៊ុន​រឿន បាន​មានប្រសាសន៍ថា ៖ “ដើម្បី​សម្រេច​លើ​គោលដៅ​ដ៏​មាន​សារៈសំខាន់​នេះ គឺ​ទាមទារ​ឱ្យ​តំណាង​ក្រសួង ស្ថាប័ន និង​ដៃគូ​អភិវឌ្ឍន៍​នានា ជួយ​ពិនិត្យ​ប្រឹក្សា​យោបល់​ឱ្យបាន​ល្អិតល្អន់ ដើម្បី​ដាក់​គំនិត​យោបល់ និង​ទស្សនៈល្អៗទៅក្នុង​គោលនយោបាយ​ជាតិ​ស្តីពី​ការសិក្សា​ពេញ​មួយជីវិត​នេះ​ឱ្យ​ឆ្លើយតប​បានជា​មូលដ្ឋាន​សម្រាប់​ការអភិវឌ្ឍ​សង្គម សេដ្ឋកិច្ចជាតិក៏ដូចជា​ការសម្រេច​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ឆ្នាំ2030 ដូច្នោះ​ដែរ។

បើតាម​ឯកឧត្តម​រដ្ឋលេខាធិកា​រ ការកសាង​ធនធានមនុស្ស​នៅ​កម្ពុ​ជាមាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា ព្រោះ​ការអភិវឌ្ឍ​មូលធន​មនុស្ស​ជា​ផ្នែក​យ៉ាងសំខាន់​មួយ​ដែល​ទ្រទ្រង់​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ និង​ជំរុញ​ឱ្យ​ប្រទេស​កម្ពុជា​អាច​សម្រេច​នូវ​គោលដៅ​របស់ខ្លួន​ក្នុងការ​ប្រែក្លាយ​ពី​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប ទៅជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់។ លើសពីនេះទៅទៀត ការកសាង​ចំណេះដឹង​របស់​ប្រជាជន​ជា​ផ្នែក​មួយ​មិនអាច​ខ្វះ​បានដែ​លអាច​ជំរុញ​ឱ្យ​ប្រជាជន​ទាំងអស់​មាន​សមត្ថភាព​ប្រកួតប្រជែង​ខ្ពស់​ក្នុង​ទីផ្សារការងារដែល​ពោរពេញ​ដោយ​ការប្រកួតប្រជែង និង​ទាមទារ​ភាព​ច្នៃប្រឌិត​ខ្ពស់។

អនុប្រធាន​គណៈកម្មកា​រ​ខ្លឹមសារ​នៃ​គោលនយោបាយ​ជាតិ​ស្តីពី​ការសិក្សា​ពេញ​មួយជីវិត លោក​កួច គូ​លំអ បាន​លើកឡើងថា គោលនយោបាយ​នេះ​មាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​កម្ពុជា ព្រោះ​វា​គ្របដណ្តប់​លើ​មនុស្ស​គ្រប់​វ័យ​ចាប់តាំងពី​កុមារ​ចាប់កំណើត​រហូតដល់​ស្លា​ប់​ទៅវិញ។ យើង​ចង់ឱ្យ​ប្រជាជន​រៀន​ពេញ​មួយជីវិត ដោយ​ការជំរុញឱ្យ​យុវជន​យើង​ក្លាយជា​អ្នកមាន​ជំនាញ​ច្បាស់លាស់ មានគុណ​ធម៌ និង​ធ្វើឱ្យ​ពួកគាត់​ក្លាយជា​ពលរដ្ឋ​សកល​ស្របតាម​តម្រូវការ​សង្គម និង​និន្នាការ​វិវឌ្ឍន៍​របស់​ពិភពលោក។

លោក កួច គូ​លំអ បាន​និយាយថា ៖ “ចំណុច​សំខាន់​ដែល​គម្រោង​នេះ​មាន​ផងដែរ​នោះ​គឺ​ធ្វើយ៉ាងណា​ឱ្យ​ប្រជាជន​កម្ពុ​ជាមាន​សមត្ថ​ភាពឆ្លើយតប​ជាមួយនឹង​បរិបទ ទីផ្សារការងារ​ដើម្បី​លើកកម្ពស់​គុណភាព​ជីវិត​ក្នុងការ​រស់នៅ។

គួរបញ្ជាក់​ផងដែរ​ថា ថ្មីៗនេះ​ក្រសួង​អប់រំ​ដែលជា​ផ្នែក​យ៉ាងសំខាន់​ក្នុងការ​ជំរុញ​ប្រទេស​កម្ពុជា​ឱ្យ​សម្រេច​គោលដៅ​របស់ខ្លួន​នៅក្នុង​ឆ្នាំ 2030ដែល​ក្នុងនោះ ស្ថាប័ន​មួយ​នេះ​បាន​បង្កើត​នូវ​ផែនការ​សកម្មភាព​ជាច្រើន​ដែលមាន​ដូចជា ការពង្រឹង គុណភាព​ផ្នែក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា (STEM) ការបង្កើត​ផែនការអភិវឌ្ឍន៍ និង​គ្រប់គ្រង​ធនធានមនុស្ស​នៅ​កម្រិតមធ្យមសិក្សា​សម្រាប់​បម្រើ​ដល់​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ 2015 – 2025 និង​ផែនការ​សកម្មភាពសំខាន់ៗជាច្រើន​ទៀតផង​ដែរ៕

Advertisement