Apple សារភាពថា iPhone 7 និង 7 Plus ពិត​ជាមាន​បញ្ហា​សំឡេង​មែន

ទូរស័ព្ទ iPhone 7 បង្ហាញការហៅចេញ

ក្រុមហ៊ុន​បច្ចេកវិទ្យា​ដ៏​ធំ និង​ល្បីល្បាញ​របស់​អាមេរិក Apple បាន​សារភាពថា iPhone 7 និង 7 Plus មួយចំនួន​ពិតជា​កើតមាន​បញ្ហា​សំឡេង​នៅពេល​កំពុងនិយាយ (Call) ពិតប្រាកដ​មែន ដែល​បញ្ហា​នេះ​បាន​កើតមានឡើង​ដោយសារតែ​ការប្រើ iOS11.3 ឬ​ទាប​ជាង​នេះ។

ការចេញមុខ​សារភាព​នេះ​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​សារព័ត៌មាន MacRumors បាន​ចុះផ្សាយ​ថា មាន​អ្នកប្រើប្រាស់ iPhone 7 និង 7 Plus មួយចំនួន កើតមាន​បញ្ហា​សំឡេង​នៅពេល​សន្ទនា ទាំង​ការហៅ​ជា​សំឡេង ការហៅ​ជា​វីដេអូ ឬ​ប្រើ​មុខងារ FaceTime ក្ដី។

ក្រុមហ៊ុន Apple បាន​ណែនាំ​ឱ្យ​អ្នកប្រើប្រាស់​ដែល​ជួប​បញ្ហា​ខាងលើនេះ​ធ្វើការ​បិទ​ចោល​មុខងារ Bluetooth និង​ផ្ដាច់​ចោល​នូវ​ការភ្ជាប់​ជាមួយ​ឧបករណ៍ផ្សេងៗ ដែល​នេះ​ជា​ដំណោះស្រាយ​ដំបូង។

ប្រសិនបើ​នៅតែ​មិនអាច​ដោះស្រាយបាន​ទៀត ក្រុមហ៊ុន Apple បានស្នើ​ដល់​អ្នកប្រើប្រាស់​ទាំងអស់​ឱ្យទៅ​កាន់ Apple Store ឬ Apple Care ដែល​នៅ​ជិត​បំផុត​ដើម្បីឱ្យ​ខាង​បុគ្គលិក​ជំនាញ​ដោះស្រាយ​ជូន។

បើទោះបីជា Apple បាន​ចេញមុខ​សារភាព​ក្ដី ប៉ុន្តែ​ក្រុមហ៊ុន​ដ៏​ធំ​មួយ​នេះ​មិនបាន​បង្ហើប​ឱ្យដឹងពី​មូល​ហេតុដែល​បង្កឱ្យមាន​បញ្ហា​នេះឡើយ ខណៈដែល​អ្នកប្រើប្រាស់​ជាច្រើន​កំពុង​រង់ចាំ​ចម្លើយ៕

Advertisement