ឱកាស​សម្រេច​ក្តី​ស្រមៃ​ទៅ​សិក្សា​នៅ​ប្រទេស​សិង្ហ​បុរី​បានមក​ដល់​ហើយ!

សាកលវិទ្យាល័យ​ទំនើប​នៅ​ក្នុង​ប្រទេស​សិង្ហបុរី

ការ​បាន​ទៅ​សិក្សា​នៅឯ​ប្រទេស​អភិវឌ្ឍន៍ ឬ​ប្រទេស​ដែលមាន​ភាពល្បីល្បាញ​ផ្នែក​អប់រំ គឺជា​ក្តី​ស្រមៃ​យ៉ាង​ធំ​មួយ​របស់​សិស្ស ហើយ​វា​ក៏​ជា​មោទនភាព​មួយ​ផងដែរ​សម្រាប់​ក្រុមគ្រួសារ និង​ជីវិត​ខ្លួនឯង​ផ្ទាល់​ដែរ។

សិង្ហ​បុរី ដែលជា​ប្រទេសមួយ​មាន​ភាព​ល្បីល្បាញ​ផ្នែក​អប់រំ​នៅលើ​ពិភពលោក ថ្មីៗនេះ​បានប្រកាស​ផ្តល់​អាហារូបករណ៍​សម្រាប់​សិស្ស​កម្រិត​មធ្យម​នៅក្នុង​បណ្ដា​ប្រទេស​ក្នុង​អាស៊ានដែល​ក្នុងនោះ សិស្ស​ពី​កម្ពុជា​ក៏​អាចមាន​សិទ្ធិ​ក្នុងការ​សម្រេច​ក្តី​ស្រមៃ​របស់ខ្លួន​ដើម្បី​បន្ត​ការសិក្សា​ដោយ​ឥត​បង់ប្រាក់​នៅ​សិង្ហ​បុរី​បានដែរ។

អាហារូបករណ៍​ដែល​ផ្តល់ជូន​នេះ​ជា​អាហារូបករណ៍​របស់​ក្រសួង​អប់រំ នៃ​ប្រទេស​សិង្ហ​បុរី ដែល​ក្នុងនោះ​គឺមាន​ការផ្គត់ផ្គង់​ដល់​អ្នក​ប្រឡង​ជាប់​ទាំងអស់​នូវ​ប្រាក់​សម្រាប់​ការហូបចុក រ៉ាប់រង​លើ​ថ្លៃ​សិក្សា ការ​ស្នាក់នៅ និង​សំបុត្រ​យន្តហោះ ទៅ-មក​កម្ពុជា-សិង្ហ​បុរី​ទៀតផង។

ចំពោះ​លក្ខខណ្ឌ​នៃ​ការជ្រើសរើស​គឺ​បេក្ខជន​ទាំងអស់​ត្រូវតែ​ជា​សមាជិក ឬ​ប្រជាជន​ដែល​ស្ថិតនៅ​តំបន់​អាស៊ាន (ASEAN) ដែល​កើត​នៅ​ចន្លោះ​ឆ្នាំ2002 ដល់​ឆ្នាំ2004 ដែលជា​សិស្ស​ពូកែ និង​ជា​សិស្ស​ដែល​កំពុង​សិក្សា​នៅ​ថ្នាក់​ទី10 ឬ​ទី11 នៅ​សាលា​មធ្យមសិក្សា​ចំណេះ​ទូទៅ។ បេក្ខជន​ត្រូវតែ​ជា​អ្នក​ដែលមាន​ចំណេះដឹង​ជ្រៅជ្រះ​លើ​ភាសា​អង់គ្លេស​ដែល​អាច​ប្រើប្រាស់​បាន​ទាំង​ការទំនាក់ទំនង និង​ការសិក្សា​ជា​ផ្លូវការ​នៅ​ប្រទេស​សិង្ហ​បុរី។

ចំណែកឯ​ដំណាក់កាល​នៃ​ការជ្រើសរើស​គឺ ក្រោយពី​បេក្ខជន​ជាប់​ដំណាក់កាល​ទី1 ឬ​ត្រូវបាន​ជាប់​ជា​ជម្រើស​សម្រាប់​ការប្រឡង​ហើយ បេក្ខជន​ត្រូវ​ចូលរួម​ប្រឡងប្រជែង​សមត្ថភាព​ទូទៅ​ដូចជា​ភាសា​អង់គ្លេស និង​គណិតវិទ្យា ហើយ​ត្រូវ​ចូលរួម​សម្ភាស​ជា​បន្តបន្ទាប់។ ការប្រឡង និង​ការសម្ភាស​នឹង​ប្រព្រឹត្តទៅ​នៅ​ភ្នំពេញ ហើយ​ចំពោះ​បេក្ខជន​ដែល​ទទួលបាន​ជោគជ័យ​ជា​ស្ថាពរ​នឹងត្រូវ​ប្រកាស​លទ្ធផល​នៅ​ចុងខែ​កញ្ញា ឆ្នាំ2018នេះ។

សម្រាប់​លក្ខខណ្ឌ​ក្នុងការ​ដាក់ពាក្យ​សម្រាប់​សិស្ស​កម្ពុជា គឺ​ត្រូវ​ដាក់ពាក្យ​នៅ​ការិយាល័យ​អាហារូបករណ៍ និង​កម្មសិក្សា​នៃ​នាយកដ្ឋាន​ទំនាក់ទំនង​វប្បធម៌ និង​អាហារូបករណ៍​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា ដោយ​បេក្ខជន​តម្រូវឱ្យ​ដាក់ពាក្យ​ជា Hard Copy។ ប្រសិនបើ​បេក្ខជន​ចង់​ដាក់ពាក្យ​តាម​បណ្តាញ​អន​ឡាញ ក៏​អាចដាក់​ពាក្យ​បាន​តាម​គេហទំព័រ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​ចាប់ផ្តើម​បើក​ពី​ថ្ងៃទី2 ខែឧសភា ឆ្នាំ2018 នេះ​តទៅ៕

Advertisement