តើ​នាពេល​អនាគត ទីក្រុង​របស់​យើង​នឹង​ក្លាយជា​បែបណា?

ទិដ្ឋភាព​ពេល​យប់​ នា​ទីក្រុង​មួយ​ដែល​បង្ហាញ​ពី​ភាព​ទំនើប

ក្រោយពី​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី32 នៅ​ប្រទេស​សិង្ហ​បុរី ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​ទាំងអស់​នៅក្នុង​តំបន់​អាស៊ាន​បានសម្រេច​កិច្ចព្រមព្រៀង​រួមគ្នា​ជាច្រើន​ដែល​អាចជួយ​ជំរុញឱ្យមាន​ការ​អភិវ​ឌ្ឍ​កាន់តែខ្លាំង ដោយ​ក្នុងនោះ​មាន​ចំណុច​សំខាន់​មួយ គឺ​ការបង្កើត​ឱ្យ​ទីក្រុង​នានា​នៅក្នុង​តំបន់​ក្លាយជា​ទីក្រុង​ឆ្លាត​វៃ (Smart City)។

សម្រាប់​ប្រទេស​កម្ពុជា ប្រមុខ​រាជរដ្ឋាភិបាល​បាន​លើកឡើងថា ប្រទេស​កម្ពុជា​ជឿជាក់ថា តាមរយៈ​គំនិត​ផ្តួចផ្តើម​ក្នុងការ​បង្កើត​បណ្តាញ​ទីក្រុង​ឆ្លាត​វៃ​អាស៊ាន​នេះ​នឹង​អាច​ស្វែងរក​វិធីសាស្ត្រថ្មីៗដើម្បី​ទាក់ទាញ​អត្ថប្រយោជន៍​នៃ​បច្ចេកវិទ្យា ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច និង​លើកកម្ពស់​ការរស់នៅរ​បស់​ប្រជាជន។ ហេតុនេះ​ក្នុង​ការរៀបចំ​ការអនុវត្ត​ជាក់ស្តែង ទីក្រុង​ឆ្លាត​វៃ​អាស៊ាន​ក៏ត្រូវ​យកចិត្តទុកដាក់​ផងដែរ​លើ​ចំណុច​មួយចំនួន​ច​ជាការ​បង្កើត​យន្តការ​គ្រប់គ្រង​ប្រតិបត្តិការ​ដោយ​ខ្លួនឯង បង្កើត​យន្តការ​ហិរញ្ញវត្ថុ​ដែល​អនុគ្រោះ ហើយ​អាចអនុវត្ត​ជាក់ស្តែង​ដើម្បី​ជួយ​អភិវឌ្ឍ​ទីក្រុង​ឆ្លាត​វៃ​សម្រាប់​ប្រទេស​សមាជិក​អាស៊ាននីមួយៗ និង​បង្កើត​ស្តង់ដារ​រួម និង​យន្តការ​ដើម្បី​ទ្រទ្រង់​ការអភិវឌ្ឍ​ទីក្រុង​អាស៊ាន​ទាំងមូល។

ស្រប​នឹង​បញ្ហា​នេះ​កម្ពុជា​ក៏ដូចជា​ប្រទេសនីមួយៗបាន​ព្យាយាម​គ្រប់​លទ្ធភាព​ដើម្បី​បង្កើន​ភាពទំនើប​ក្នុងការ​រស់នៅ​របស់​ប្រជាជន ដោយ​ចាប់ផ្តើម​ពី​ការអភិវឌ្ឍ​ផ្នែក​បច្ចេកវិទ្យា បណ្តាញត​ភ្ជាប់​ទំនាក់ទំនង និង​ប្រព័ន្ធថ្មីៗជាច្រើន​ផ្សេងទៀត។ ជា​បន្តបន្ទាប់ ទីក្រុង​ទាំងអស់​នឹង​វិ​វ​ឌ្ឍ​ទៅរក​របត់​មួយ​ដែល​ស្រដៀង​គ្នា​ទៅនឹង​ទីក្រុងសំខាន់ៗនាពេល​បច្ចុប្បន្ន ដូចជា​ទីក្រុង​តូ​ក្យូ ទីក្រុង​សិង្ហ​បុរី ទីក្រុង​សិន​ជិន និង​ទីក្រុង​ឌូ​បៃ​ជាដើម។

ទីក្រុង​ឆ្លាត​វៃ ឬ Smart City ត្រូវបាន​អ្នកជំនាញ​បញ្ជាក់ថា ជាទី​ក្រុង​ដែលមាន​ប្រើប្រាស់​ដោយ​ម៉ាស៊ីន​ស្វ័យប្រវត្តិ​នៅក្នុង​ប្រតិបត្តិការ​ទីក្រុង​ជាច្រើន ដោយ​រួមទាំង​វិស័យ​សាធារណៈ​មួយចំនួន ការសម្រួល​ចរាចរណ៍ និង​វិស័យ​ដឹកជញ្ជូន ប្រកបដោយ​ភាពរលូន។ ចំណែកឯ​ការគ្រប់គ្រង​លើ​អភិបាលកិច្ច​ទីក្រុង​វិញ​នឹង​ចាប់ផ្តើម​ធ្វើ​ដោយ​ប្រព័ន្ធ​បច្ចេកវិទ្យា​ដែលមាន​ប្រសិទ្ធភាព​ខ្ពស់ និង​ឆាបរហ័ស។

ចំពោះ​លក្ខខណ្ឌ​ចរាចរណ៍​វិញ​អាច​នឹងមាន​លក្ខខណ្ឌ​ល្អប្រសើរ ព្រោះ​មនុស្ស​នឹង​ចាប់ផ្តើម​ប្រើប្រាស់​បណ្តាញ​អន​ឡាញ​ដើម្បី​បញ្ជា​ទិញ​របស់របរ​ប្រើប្រាស់​នានា ឬ​ទិញ​ទំនិញសំខាន់ៗនៅក្នុង​ផ្ទះ (house shopping) ដែល​វា​អាច​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ ប្រសិនបើ​បណ្តាញ​អុ​ី​ន​ធើ​ណិ​ត​ត្រូវបាន​គេ​រៀបចំ​ឱ្យមាន​ល្បឿន​លឿន និង​មាន​គុណភាព​ខ្ពស់។

ទីក្រុង​ដែល​មាន​ប្រព័ន្ធ​ហេដ្ឋា​រចនា​សម័ន្ធ​ផ្លូវ​ថ្នល់​ដ៏​ទំនើប

ងាក​មក​វិស័យ​ដឹកជញ្ជូន​អ្នកដំណើរ​សាធារណៈ​វិញ គឺ​មិន​ខុសពី​ទីក្រុងធំៗប៉ុន្មាន​នោះទេ បណ្តាញ​ដឹកជញ្ជូន​អ្នកដំណើរ​ស្វ័យប្រវត្តិ​ដោយ​គ្មាន​មនុស្ស​បើក​នឹង​ចាប់ផ្តើម​ប្រកួតប្រជែង ហើយ​ក្លាយជាវិធីសាស្ត្រ​សំខាន់​សម្រាប់​ការរស់នៅ​របស់​ប្រជាជន​នៅក្នុង​ក្រុង​ដែល​អភិវឌ្ឍ​ខ្លួន​ឱ្យក្លាយ​ជាទី​ក្រុង​ឆ្លាត​វៃ។ ចំពោះ​ប្រព័ន្ធ​ផ្ទុកទំនិញ ឬ​ឃ្លាំង​វិញ​ក៏​នឹង​ចាប់ផ្តើម​ផ្លាស់ប្ដូរ ដោយ​ជំនួស​មកវិញ​នូវ​ចំនួន​គ្រឿង​ម៉ាស៊ីន​ស្វ័យប្រវត្តិ​ហើយ​កាត់បន្ថយ​ចំនួន​មនុស្ស បន្ទាប់មកទៀត​ការធ្វើការងារ​ដោយ​ការចាប់ផ្តើម​ប្រើប្រាស់​ដ្រូ​ន​ក្នុង​វិស័យ​ដឹកជញ្ជូន​ទំនិញ​ឯកជន​ក៏​នឹង​ចាប់ផ្តើម​រីកដុះដាល​ឡើង ដែល​អាចធ្វើឱ្យ​ការចែក​ចាយ​ទំនិញ​ពី​ក្នុង​ឃ្លាំង​ទៅកាន់​អតិថិជន​បាន​កាន់តែ​លឿន​ឡើង។

ចំពោះ​វិស័យ​សុខាភិបាល​វិញ យើង​នឹង​ឃើញថា នឹងមាន​ការចាប់ផ្តើម​ប្រើប្រាស់​បណ្តាញ​បច្ចេកវិទ្យា​ទំនើប​ព្រោះ​ការភ្ជាប់​ទំនាក់​ទំនងជា​មួយ​នឹង​ស្ថាប័ន​សុខាភិបាល​អាច​ប្រើប្រាស់​តាម​បណ្តាញបច្ចេកវិទ្យា​ដែលមាន​នៅក្នុង​ទូរស័ព្ទដៃ​របស់​មនុស្សម្នាក់ៗបាន ហើយ​ផ្នែក​កសិកម្ម​នៅ​តំបន់​ជាយក្រុង​ក៏​នឹង​ប្រែក្លាយ​ពី​ការប្រើប្រាស់​មនុស្ស និង​គ្រឿងចក្រ​ពាក់កណ្តាល​ស្វ័យប្រវត្តិ​ទៅជា​ប្រព័ន្ធ​ស្វ័យប្រវត្តិ​ទាំងស្រុង។

បច្ចេកវិទ្យា​ទាំងអស់នេះ​ត្រូវបាន​គេ​មើលឃើញថា អាច​នឹង​ធ្វើឱ្យ​មនុស្ស​ដែល​រស់នៅក្នុង​ទីក្រុង​ឆ្លាត​វៃ (smart city) អាច​នឹងមាន​ភាពងាយស្រួល​ច្រើន ហើយ​ថែមទាំង​អាច​កាត់បន្ថយ​ការបំពុល​បរិស្ថាន​បាន​ច្រើន​ផងដែរ។ លើសពីនេះទៅទៀត ការរកស៊ី និង​ការភ្ជាប់​ទំនាក់ទំនងរ​វាង​ប្រជាជន​នៃ​ប្រទេសនីមួយៗនឹង​ចាប់ផ្តើម​កាន់តែ​មាន​ភាព​ងាយស្រួល​ឡើង ដែល​អាចធ្វើឱ្យ​កើតមាន​អា​ជីវ​កម្ម​ពហុ​ជាតិ​សាសន៍ រួមទាំង​នវានុវត្តន៍ថ្មីៗជាច្រើន​ផ្សេងទៀត​ដែល​ឆ្លើយតប​ទៅនឹង​របត់​ថ្មី​នៃ​ការរស់នៅ​របស់​មនុស្ស​ក្នុង​ពិភពលោក៕

Advertisement