គន្លឹះដោះស្រាយបញ្ហា…ពេលជិតដល់ថ្ងៃប្រឡង

នៅពេលជិតដល់ថ្ងៃប្រឡង សិស្ស ឬនិស្សិតភាគច្រើនតែងតែមានអារម្មណ៍ភ័យខ្លាចនិងព្រួយបារម្ភ ហើយមានអ្នកខ្លះទៀតថែមទាំងខំប្រឹងអានសៀវភៅមេរៀនដែលគរជាច្រើនក្បាលក្នុងពេលតែមួយទៀតផង។ មានសិស្សមួយចំនួនបានគិតថាពេលជិតប្រឡង គឺជាពេលដែលពិបាករៀនជាងគេ ហើយពីមួយថ្ងៃទៅមួយថ្ងៃគឺកាន់ជ្រួលច្របល់ មិនដឹងថាត្រូវចាប់មេរៀនណាទុកមេរៀនណាដើម្បីសិក្សាឡើយ។

យុវជន នាង កុសល និស្សិតនិទ្ទេស B+ នៅថ្នាក់វិទ្យាល័យបានលើកឡើងថា នៅពេលដែលជិតប្រឡង គឺយើងទាមទារឱ្យមានភាពវៃឆ្លាតបន្តិចតែសម្រាប់ប្អូន គឺប្អូនមិនចំណាយពេលវេលាអានមេរៀនទាំងអស់នោះទេ ភាគច្រើនប្អូនយកមេរៀនដែលបានរៀនហើយមកសរសេរវាសង្ខេបឡើងវិញ ឬមើលសៀវភៅដែលបានកត់ចំណាំនៅក្នុងថ្នាក់មកមើល ព្រោះសៀវភៅសរសេរមានទំព័រតិចជាង តែបង្កប់ដោយចំណុចសំខាន់ៗច្រើន។

យុវជន នាង កុសល បាននិយាយថា៖ «ខ្ញុំចូលចិត្តអានសៀវភៅដែលទើបនឹងរៀនហើយថ្មីៗជាមុន បន្ទាប់មកទើបខ្ញុំមើលមេរៀនចាស់ៗដែលបានសិក្សា។ នៅពេលដែលខ្ញុំធ្វើបែបនេះ ខ្ញុំអាចមានទំនុកចិត្តច្រើនព្រោះមេរៀនដែលទើបនឹងរៀនហើយ វាងាយចាំ និងនៅ ថ្មីៗ បន្ទាប់ពីទុកចិត្តលើខ្លួនឯងច្បាស់ហើយ ទើបបន្តទៅអានមេរៀនចាស់ៗជាបន្តទៀត»។ យុវជនខាងលើបានបន្ថែមទៀតថា សិស្សមួយចំនួនអាចនឹងសាកល្បងមើលឯកសារត្រួសៗដែលខ្លួនធ្លាប់បានរៀនហើយ បន្ទាប់មកទើបសាកល្បងព្យាយាមធ្វើតេស្តសមត្ថភាពខ្លួនឯងតាមរយៈការឆ្លើយសំណួរសំខាន់ៗដែលយើងគិតថាអាចនឹងមានចេញនៅពេលប្រឡង។

បង្ហាញពីវិធីដោះស្រាយបញ្ហាពេលជិតប្រឡងនេះដែរ កញ្ញា លឹម លីឆាយ និស្សិតដែលកំពុងសិក្សាផ្នែកទំនាក់ទំនងអន្តរជាតិនៅឯបរទេសបានថ្លែងថា ដើម្បីដោះស្រាយបញ្ហានៅពេលជិតប្រឡង សិស្សគួរតែសម្រាក និងរៀបចំតារាងនៃកម្មវិធីសិក្សាឱ្យបានច្បាស់លាស់។

កញ្ញា លឹម លីឆាយ បាននិយាយថា៖ «នៅពេលដែលយើងមានកម្មវិធីច្បាស់លាស់ យើងនឹងងាយស្រួលក្នុងការអានសៀវភៅដោយស្ងប់ចិត្តព្រោះយើងដឹងច្បាស់ពីពេលវេលានៃឯកសារដែលត្រូវអាន។ ម្យ៉ាងវិញទៀត យើងគួរគិតឱ្យបានច្បាស់ពីមេរៀនដែលពូកែហើយ និងមិនសូវពូកែ ដើម្បីធ្វើការរំឭកឱ្យមានតុល្យភាព ទើបចំណេញពេលវេលា»។

កញ្ញា លឹម លីឆាយ បានបន្តទៀតថា ការកំណត់ពេលវេលាច្បាស់លាស់ ទោះបីជាពេលនោះខ្លីក៏ដោយក៏វាអាចជួយឱ្យខួរក្បាលយើងមានរបៀប និងទប់ស្កាត់ក្តីភ័យខ្លាចបានមួយចំនួនផងដែរ៕

Advertisement