គន្លឹះ​មួយចំនួន​ក្នុង​ការធ្វើការងារ​ជា​ក្រុម​ឱ្យ​ទទួលបាន​ជោគជ័យ

មនុស្ស​ជោគជ័យ​ក្នុង​ការងារ ឬ​ការធ្វើ​អាជីវកម្ម​មួយ​ឱ្យ​ទទួលបាន​ជោគជ័យ​ត្រូវបាន​គេ​រកឃើញថា មាន​ធាតុ​ផ្សំ​ជាច្រើន ដោយ​ក្នុងនោះ​ការធ្វើការងារ​ជា​ក្រុម​គឺជា​ចំណុច​ដ៏​សំខាន់​មួយ​ដែល​រុញច្រាន​ឱ្យ​ពួកគេ​រក្សាបាន​នូវ​និរន្តរភាព​ដ៏​វិជ្ជមាន​លើ​គ្រប់​សកម្មភាព​ការងារ។

នាយក​ប្រតិបត្តិ​គ្រឹះស្ថានសិក្សា​ដើម្បី​ជោគជ័យ លោក កឹម អឿន បាន​លើកឡើងថា ការធ្វើការងារ​ជា​ក្រុម​ជា​រឿង​សំខាន់​ណាស់​សម្រាប់​មនុស្ស​គ្រប់គ្នា ព្រោះ​វា​អាចជួយ​ឱ្យ​យើង​សម្រេច​គោលដៅ​បាន​យ៉ាង​ប្រសើរ។ លោក​បញ្ជាក់ថា មនុស្ស​យើងម្នាក់ៗមាន​ជំនាញខុសៗគ្នា ហើយ​យើងម្នាក់ៗមិនអាច​ចេះ​គ្រប់យ៉ាង​នោះទេ ហេតុនេះ​កិច្ចការ​មួយចំនួន​ដែល​យើង​មិនអាច​ធ្វើបាន យើងអាច​ស្វែងរក​ជំនួយ​ពី​អ្នកដទៃ​ដែលមាន​ជំនាញ​ច្បាស់លាស់​មកជួយ ហេតុនេះ​ទំនាក់ទំនង​ល្អ​នៅក្នុង​ក្រុម​គឺជា​រឿង​សំខាន់។ ម្យ៉ាងវិញទៀត ការដោះស្រាយ​បញ្ហា​ក្នុង​ការធ្វើការងារ​រួមជាមួយ​គ្នា​ក៏​ជា​រឿង​មួយ​មិនអាច​ខ្វះ​បាន​ផងដែរ ព្រោះ​ធ្វើការ​ជា​ក្រុម​តែងតែមាន​បញ្ហា​មិនអាច​ចៀសផុត​បានទេ ដោយសារ​មនុស្សម្នាក់ៗមានគំនិតខុសៗគ្នា។

លោក កឹម អឿន បាន​និយាយថា៖ “វិធីសាស្ត្រ​សំខាន់​ដែល​ធ្វើឱ្យ​យើង​អាច​ដោះស្រាយ​បញ្ហា​បានល្អ​សម្រាប់​ខ្លួនឯង និង​ក្រុមការងារ​គឺ ការឆ្លើយតប​ដោយ​វិជ្ជមាន (proactive)។ ជាទូទៅ ប្រសិនបើ​យើង​មិន​ប្រយ័ត្ន យើង​អាច​បញ្ចេញ​ប្រតិកម្ម​តប​ខ្លាំងភ្លាមៗនៅពេលដែល​យើង​ជួប​រឿង​មិនល្អ ឬ​មាន​អ្នកណាម្នាក់​ប៉ះពាល់​ដល់​យើង តែ​ប្រសិនបើ​យើង​មាន​ទម្លាប់ proactive យើង​នឹង​អាច​ទុកពេល​សម្រាប់​ខ្លួនឯង​ដើម្បី​គិត​ឱ្យ​ទូលាយ​ហើយ​ស្វែងរក​ដំណោះស្រាយ​ប្រកបដោយ​ភាព​វិជ្ជមាន ដែល​វា​ក៏​អាច​ជំរុញឱ្យមាន​លទ្ធផល​វិជ្ជមាន​ដែរ។

លោក កឹម អឿន បានលើកឡើង​ផងដែរ​ថា ក្រៅពីនេះ ការបើក​ចិត្ត​ឱ្យ​ទូលាយ ការធ្វើការងារ​ប្រកបដោយ​ភាពច្បាស់លាស់ និង​យកចិត្តទុកដាក់​ចំពោះ​គ្នា អាចជា​គន្លឹះ​មួយ​ក្នុងការ​ធ្វើឱ្យ​ក្រុមការងារទាំងមូល​មាន​ស្មារតី​ប្រកបដោយ​សាមគ្គីភាព។

លោក គង់ វិ​ចិ​ត្រា ស្ថាបនិក​ស្ថាប័ន​បណ្តុះបណ្តាល Asia Leading Academy បាន​លើកឡើងថា បញ្ហា​ជាច្រើន​ដែល​អ្នកធ្វើការងារ​ជា​ក្រុម​ជួបប្រទះ គឺ​ការ​មានគំនិត​ខុសគ្នា និង​ការមិនយល់ច្បាស់​ពី​តួនាទី​របស់​សមាជិក​ក្រុម។ ជាធម្មតា​យើង​គិតថា មនុស្ស​ដែលមាន​គំនិត​ខុសគ្នា​ប្រហែលជា​មិនអាច​ធ្វើការ​ងារ​ជា​ក្រុម​ជាមួយគ្នា​បានទេ តែ​មនុស្ស​ដែលមាន​គំនិត​ស្រដៀង​គ្នា ក៏មាន​ចំណុច​ជំទាស់​គ្នា​បានដែរ នៅពេល​ជួប​ឧបសគ្គ។ ហេតុនេះ​ការប្រជុំ​ដោះស្រាយ​បញ្ហា និង​ទទួលយក​គំនិត​យោបល់​ពីគ្នា​ដើម្បី​ពិចារណា គឺជា​ចំណុច​ល្អ​មួយ​ដែល​ធ្វើឱ្យ​ក្រុម​ទាំងមូល​មាន​ស្មារតី​រឹងមាំ ហើយ​ការដោះស្រាយ​បញ្ហា​ក៏​អាចធ្វើ​ទៅបាន​ល្អ​ដែរ ព្រោះ​បើ​យើង​មិន​ផ្តល់ឱកាស​ឱ្យ​បុគ្គល​គ្រប់គ្នា​ក្លាយជា​ជន​សំខាន់​ក្នុង​ដំណោះស្រាយ​ទេនោះ ពួកគេ​នឹងធ្វើ​អ្វី​ដោយ​ឯកជន ហើយ​វា​អាច​នឹង​ធ្វើឱ្យ​ស្មារតី​ក្រុម​ចុះ​ទន់ខ្សោយ។

លោក គង់ វិ​ចិ​ត្រា បាន​និយាយថា៖ “ការពន្យល់​ពី​តួនាទី​ឱ្យបាន​ច្បាស់​ប្រាប់​សមាជិកម្នាក់ៗនៅក្នុង​ក្រុម ជា​ចំណុចខ្លាំង​មួយ​ដែល​អាចធ្វើឱ្យ​ក្រុម​រឹងមាំ ហើយ​យើង​ក៏​អាចធ្វើ​ការងារ​ជាមួយគ្នា​ដោយ​ងាយស្រួល​ដែរ។

គ្រូ​បណ្តុះបណ្តាល និង​ជា​ស្ថាបនិក​ស្ថាប័ន​អប់រំ​រូបនេះ​បានលើកឡើង​ផងដែរ​ថា នៅពេលដែល​សមាជិក​នៃ​ក្រុមម្នាក់ៗយល់ច្បាស់​ពី​ការចូលរួម និង​គោលដៅ​សំខាន់​របស់​ក្រុម​ហើយ ពួកគេ​នឹងអាច​បើក​ចិត្ត​ទូលាយ​ហើយ​គិតថា​កិច្ចការងារ​ទាំងនោះ​ជា​របស់​ទាំងអស់គ្នា មិនមែន​បំពេញ​តែ​កិច្ចការងារ​របស់ខ្លួន​ចប់​ហើយ ក៏​លែង​រវល់​នោះទេ។ ម្យ៉ាងវិញទៀត ដើម្បី​ជំរុញឱ្យមាន​ភាពជា​អ្នកដឹកនាំ​កាន់តែខ្លាំង​ដល់​សមាជិក​ក្រុម​ទាំងអស់ យើង​អាច​ផ្តល់ឱកាស​ឱ្យ​សមាជិកម្នាក់ៗកាន់តែ​ច្រើនឡើង ហើយ​ព្យាយាម​លើកទឹកចិត្ត និង​បង្កើន​ភាព​រីករាយ​ឱ្យ​កាន់តែច្រើន​នៅពេលដែល​ពួកគេ​ទទួលបាន​លទ្ធផល​ល្អ​ក្នុង​ការងារ ព្រោះ​ការលើកទឹកចិត្ត​នេះ​ជា​ការជំរុញឱ្យ​ស្មារតី​ក្រុម​ទាំងមូល​រក្សាបាន​នូវ​ភាព​វិជ្ជមាន​យូរអង្វែង ហើយក៏​ជាការ​បង្កើនល្បឿន​នៃ​ការងារ​បានល្អ​ជាង​ការស្តីបន្ទោស​ដែរ។

យុវនារី​មួយរូប​ដែលជា​អ្នកដឹកនាំ​ក្រុម​តស៊ូ​មតិ​កញ្ញា ឆាយ ឈី​ង​ស្រ៊ា​ន បាន​លើកឡើងថា ការធ្វើការងារ​ជា​ក្រុម​អាចធ្វើឱ្យ​យើង​យល់​ច្រើនណាស់​ពី​ភាពជា​អ្នកដឹកនាំ និង​ធ្វើឱ្យ​យើង​មាន​ភាពចាស់ទុំ​ជាង​មុន។ តែ​ការងារ​នេះ​មិន​ស្រួល​ប៉ុន្មាន​នោះទេ ព្រោះថា ការធ្វើការងារ​ជាមួយ​មនុស្ស​ច្រើន​ដែលមាន​កម្រិត​នៃ​ការយល់ដឹង និង​សកម្ម​ខុសគ្នា ជា​បញ្ហា​មួយ​ដែល​តែងតែ​ធ្វើឱ្យ​ក្រុម​ទាំងមូល​ឈឺក្បាល។ សមាជិក​ក្រុមការងារ​ខ្លះ ធ្វើ​តែ​អ្នក​ដែល​សកម្មដដែលៗ ហើយ​អ្នក​ដែល​មិន​សកម្ម នៅតែ​ខ្ជិល ឬ​នៅតែ​មិន​ជួយ ដែល​ពេលខ្លះ​ធ្វើឱ្យ​អ្នក​ដែល​ខិតខំ​មាន​ការបាក់​ទឹកចិត្ត ឬ​បែកបាក់​ក្រុម​ទៅវិញ​ក៏មាន។ តែ​ទោះជា​យ៉ាងនេះ​ក្តី វា​មាន​វិធីសាស្ត្រ​ក្នុងការ​ដោះស្រាយ ហើយ​វា​ក៏​មិន​លំបាក​រហូតដល់​អនុវត្ត​មិនកើត​នោះដែរ។

កញ្ញា ឆាយ ឈី​ង​ស្រ៊ា​ន បាន​និយាយថា៖ “ដើម្បីឱ្យ​ក្រុមការងារ​មាន​តុល្យភាព យើង​ចាំបាច់​ត្រូវបង្កើត​លក្ខខណ្ឌ និង​និយាយ​គ្នា​ឱ្យបាន​ច្បាស់លាស់​ពី​លក្ខខណ្ឌ​ដោយ​ហ្មត់ចត់ ហើយ​គ្រប់គ្នា​ត្រូវតែ​អនុវត្ត ឱ្យបាន​ហ្មត់ចត់​ដោយ​ស្មារតី​ទទួលខុសត្រូវ។

កញ្ញា ឈី​ង​ស្រ៊ា​ន បានបញ្ជាក់​ផងដែរ​ថា ពេលខ្លះ​មុននឹង​សម្រេចចិត្ត​ធ្វើការ​តាម​លក្ខខណ្ឌ​យ៉ាង​ម៉ឹងម៉ាត់ យើង​ក៏ត្រូវ​យល់​ពី​បញ្ហា និង​ឧបសគ្គ​សម្រាប់​បុគ្គល​ដែល​យើង​មើលឃើញថា​មិនសូវ​សកម្ម​នោះដែរ ព្រោះថា ពេលខ្លះ នៅពេលដែល​យើង​សម្រេចចិត្ត​ខុស យើង​នឹង​អាច​បាត់បង់​សមាជិក​ល្អ តែបើ​យើង​ដឹង​ហេតុផល​ច្បាស់លាស់ យើង​នឹង​អាចធ្វើឱ្យ​ក្រុម​ទាំងមូល​មាន​ភាព​រីករាយ ហើយ​មាន​ភាពរឹងមាំ​កាន់តែខ្លាំង​ឡើង។ នៅពេលដែល​យើង​គិតគូរ​ពី​សុខទុក្ខ​របស់​សមាជិកម្នាក់ៗ បានល្អ​យើង​នឹង​ឃើញថា បុគ្គល​ដទៃ​ក៏​នឹង​ខិតខំ​កាន់តែខ្លាំង​ឡើង ព្រោះ​យើង​មាន​ស្មារតី​ល្អ​មួយ​គឺ ជួយ​គ្នា​គ្រប់​កាលៈទេសៈ រហូត​សម្រេច​គោលដៅ​រួមមួយ៕

Advertisement