តើកត្តាអ្វីខ្លះដែលជំរុញឱ្យមនុស្សត្រូវតែជ្រើសរើសជំនាញណាមួយសម្រាប់អាជីពការងារ?

មនុស្សគ្រប់រូប មិនថា ចាស់ ក្មេង ប្រុស ស្រី ឬកើតនៅលើទ្វីបណាមួយនោះទេ គឺសុទ្ធតែមានតម្រូវការផ្សេងៗគ្នាជាចាំបាច់។ ពួកគេត្រូវការចំណីអាហារឆ្ងាញ់ពិសា ត្រូវការសម្លៀកបំពាក់ស្អាតបាត ត្រូវការសម្ភារទំនើបៗ ត្រូវការឡានល្អ ត្រូវការសុវត្ថិភាពនិងតម្រូវការផ្សេងៗជាច្រើនទៀត ដែលទាមទារឲ្យមានសម្រាប់ជាគ្រឿងផ្សំដល់ជីវិតរបស់ពួកគេឲ្យមានភាពស្រស់បំព្រង ។ តម្រូវការទាំងអស់នេះ ធ្វើឲ្យមនុស្សមានគំនិតផ្សេងៗគ្នាទៅតាមកម្រិតនៃការចង់បានទាំងនោះ។

ទាំងអស់ខាងលើនេះវាជំរុញឲ្យមនុស្សគ្រប់រូបត្រូវតែជ្រើសរើសយកជំនាញមួយដើម្បីធ្វើជាមធ្យោបាយក្នុងការបំពេញឲ្យបាននូវរាល់តម្រូវការដែលខ្លួនចង់បានទាំងអស់នោះ។ចំពោះបញ្ហាតម្រូវការនេះ អ្នកប្រាជ្ញចិត្តសាស្រ្តដ៏ល្បីល្បាញរបស់ពិភពលោកមួយរូប លោក អាប្រាហាំ ម៉ាស្លូវ (Abraham Maslow) បានបែងចែកតម្រូវការរបស់មនុស្សជា ៥ដំណាក់កាល ។

ដំណាក់កាលទី ១ គឺសេចក្តីត្រូវការផ្នែកសភាវគតិ ដូចជាតម្រូវការផ្នែកចំណីអាហារ ការដកដង្ហើម ការបន្តពូជ ឬការបំពេញតម្រូវការផ្នែកសរីរាង្គកាយ ។ តម្រូវការនេះ ជាកត្តាមួយដែលជំរុញមនុស្សឲ្យជ្រើសរើសជំនាញមួយ ដើម្បីបង្កើតលទ្ធភាពទទួលបាននូវចំណីអាហារសមរម្យ ការរស់នៅដោយស្រណុកសុខស្រួលជាដើម តែតម្រូវការនេះ គ្រាន់តែជាតម្រូវការបឋមមួយប៉ុណ្ណោះសម្រាប់មនុស្ស ។

ដំណាក់កាលទី ២ គឺតម្រូវការផ្នែកសេចក្តីសុខសុវត្ថិភាពសម្រាប់ជីវិត ។ តម្រូវការនេះទាមទារឲ្យមនុស្សម្នាក់ៗចង់ទទួលបាននៅលំនៅដ្ឋានដែលកក់ក្តៅក្នុងបរិយាកាសដែលសុវត្ថិភាព ឬទីកន្លែងតែមិនភ័យព្រួយលើបញ្ហាសន្តិសុខជាដើម ។

ដំណាក់កាលទី ៣ តម្រូវការភាពកក់ក្តៅ និងសេចក្តីស្រឡាញ់ពីដៃគូជីវិត និងគ្រួសារជាដើម។ ដើម្បីបំពេញតម្រូវការនេះ បុគ្គលម្នាក់ៗចាំបាច់ណាស់ត្រូវមានអាជីព ឬជំនាញច្បាស់លាស់មួយជាមុនសិន ព្រោះថា ប្រសិនបើបុគ្គលណាម្នាក់គ្មានជំនាញច្បាស់លាស់ ហើយបណ្តោយខ្លួនឯងទៅតាមព្រេងវាសនានោះ ប្រហែលជាគេនឹងមិនទទួលបានអនាគតដែលល្អប្រសើរនោះឡើយ ។ គេប្រាកដជាខ្វះមុខខ្វះក្រោយ ហើយរស់នៅបែបគ្មានគោលដៅ ដែលធ្វើឲ្យមនុស្សនៅក្បែរខ្លួនគ្មានជំនឿជឿជាក់លើរូបគាត់ ។ ផ្ទុយទៅវិញ ប្រសិនបើបុគ្គលម្នាក់នោះជាអ្នកដែលមានជំនាញច្បាស់លាស់ ហើយមានលទ្ធភាពកសាងទំនុកចិត្តដល់អ្នករាល់គ្នាដែលនៅជុំវិញខ្លួនគាត់ ហើយមានលទ្ធភាពគ្រប់គ្រាន់ដើម្បីសម្រេចបាននូវតម្រូវការទី ១ និងទី ២ ខាងលើវិញនោះ គាត់ប្រាកដជាមានភាពងាយស្រួលណាស់ក្នុងការទទួលបាននូវសេចក្តីទុកចិត្ត និងស្រឡាញ់ពីដៃគូជីវិត និងគ្រួសាររបស់ខ្លួនមិនខាន ។

ដំណាក់កាលទី ៤ គឺតម្រូវការសេចក្តីគោរព និងឲ្យតម្លៃពីសង្គម ឬបុគ្គលនៅជុំវិញខ្លួន ។ មានបុគ្គលច្រើនណាស់ដែលជ្រើសរើសជំនាញដើម្បីទទួលបានកេរ្តិ៍ឈ្មោះល្អក្នុងសង្គម។ ពួកគេចង់ក្លាយជាមនុស្សដែលមានឥទ្ធិពល ចង់បង្កើតគំនិតល្អៗដល់អ្នកដទៃដើម្បីឲ្យគេស្តាប់ហើយអនុវត្តតាម ឬចង់ក្លាយជាអ្នកដែលមានឥទ្ធិពលក្នុងការធ្វើអ្វីមួយ ដែលគ្រប់រឿងសុទ្ធតែមានមនុស្សជាច្រើនចូលរួម ជាពិសេសពេញចិត្តក្នុងការឲ្យតម្លៃ ។

ដំណាក់កាលទី ៥ គឺតម្រូវការក្នុងការមើលឃើញសង្គម និងពិភពលោកក្លាយទៅជាភាពល្អប្រសើរ ។ តម្រូវការនេះ អាចសម្រេចបានលុះត្រាតែគេអាចសម្រេចបាននូវតម្រូវការទាំង ៤ ខាងលើនោះជាមុនសិន ។ មនុស្សដែលឈានដល់ដំណាក់កាលទី៥នេះ គឺសុទ្ធតែជាបុគ្គលដែលមានគ្រប់យ៉ាង ទាំងការបំពេញនូវតម្រូវការផ្នែកសម្លៀកបំពាក់ អាហារ សុវត្ថិភាព និងមានការគោរពស្រឡាញ់ពីសំណាក់ក្រុមគ្រួសារ ហើយថែមទាំងមានការឲ្យតម្លៃពីសង្គមទៀតផង ។ គេនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីផលប្រយោជន៍រួមរបស់សហគមន៍ និងសង្គមរបស់គេ។ គេអាចលះបង់ទាំងពេលវេលា កម្លាំងកាយ ចិត្ត និងថវិកាដើម្បីរីករាយក្នុងការជួយដល់សង្គមរបស់គេឲ្យមានសុខសន្តិភាព និងការរីកចម្រើន ។

អ្នកសិក្សាភាគច្រើនសុទ្ធតែចង់ទទួលបាននូវតម្រូវការមួយនេះ។ ក្តីរំពឹងទុកយ៉ាងល្អប្រសើរទាំងនេះ បានជំរុញឲ្យមនុស្សត្រូវតែជ្រើសរើសជំនាញយ៉ាងជាក់លាក់មួយ ដើម្បីបម្រើឲ្យសេចក្តីសុខទាំងផ្លូវកាយ ចិត្ត ដល់ខ្លួនឯង ក្រុមគ្រួសារ សង្គមជាតិ និងពិភពលោកទាំងមូល៕

Advertisement