យុវជន​ជាច្រើន ជ្រើសរើស​ជំនាញ​ខុស​សម្រាប់​អនាគត

សិក្សា​ត្រូវ​តាម​ចំណូលចិត្ត និង​ទីផ្សារ ជា​ចំណុច​ល្អ​មួយ​ដែល​អ្នកជំនាញ​ផ្នែក​អប់រំ​ជាច្រើន​បាន​ផ្តល់យោបល់ តែ​ទន្ទឹមនឹងនោះ យើង​ឃើញថា​មាន​យុវជន​ជាច្រើន​បានដឹង​ពី​តម្រូវការ​របស់ខ្លួន​ឯង តែ​មើល​ខុសពី​តម្រូវការ​ទីផ្សារ​ទៅវិញ។ បញ្ហា​ប្រឈម​មួយ​នេះ​បានធ្វើឱ្យ​និស្សិត​ភាគច្រើន​មានការ​ខកចិត្ត​នៅពេលដែល​ពួកគេ​បានបញ្ចប់​ការសិក្សា ព្រោះ​ក្រោយពេល​បញ្ចប់​ការសិក្សា គាត់​មិនអាច​រក​ការងារ​តាម​ការរំពឹងទុក​រប​ស់​គាត់​បាន។

លោក ហួ តុលា នាយក​គ្រប់គ្រង​កម្មវិធី​តស៊ូ​មតិ The Perspectives Cambodia បាន​លើកឡើងថា​យុវជន​មួយចំនួន​បានចាប់ផ្តើម​ស្គាល់​ទីផ្សារការងារខ្លះៗហើយ តែ​អ្វី​ដែលជា​កត្តា​ប្រឈម​សម្រាប់​ពួកគេ​គឺ​គេ​មើល​ខុសពេល​វេលា។ និស្សិត​មួយចំនួន​មើលឃើញ​ជំនាញ​ខ្លះ​សម្បូរ​ការងារ​ធ្វើ​ក៏​ចាប់ផ្តើម​ចូលរៀន ច្រើន​គ្នា ខណៈ​គំនិត​នេះ​មិន​ប្រាកដថា​ធ្វើ​ឱ្យគេជោគជ័យ​នោះទេ ព្រោះថា​ទម្រាំ​រៀន​ចប់​ពួកគេ​ចំណាយ​ពេលវេលា​យ៉ាងហោចណាស់ 4ឆ្នាំ ហើយ​អាជីព​ដែល​ពួកគេ​សម្លឹង​ឃើញ​នោះ អាច​នឹង​លែងមាន​តម្រូវការ​ខ្ពស់​ក៏មានដែរ។ កត្តា​ទាំងនេះ ជា​ចំណុច​ប្រឈម​មួយ​ដែល​និស្សិត​ភាគច្រើន​ជួបប្រទះ​និង​ទាមទារ​ឱ្យ​ពួកគេ​មាន​ការគិត​ឱ្យបាន​ស៊ីជម្រៅ​ដើម្បី​សម្រេច​នូវ​ក្តី​ប្រាថ្នា​ក្នុង​ជីវិត​លើ​អាជីព​ការងារ។

លោក ហួ តុលា បាន​និយាយថា៖ “សិស្ស និស្សិត​គួរ​តាមដាន​ការអភិវឌ្ឍ​សង្គម និង​ព្យាយាម​ស្វែងយល់​ពី​ព័ត៌មានថ្មីៗដើម្បី​បានដឹងថា​តើ​សង្គមរបស់​យើង​បាន​អភិវឌ្ឍ​ដល់​ដំណាក់កាល​ណាខ្លះ​ហើយ និង​អ្វី​ជា​តម្រូវការ​ពិតប្រាកដ​នៅ​ថ្ងៃ​អនាគត។

ស្ថាបនិក​កម្មវិធី​តស៊ូ​មតិ​សម្រាប់​យុវជន​ខាងលើ​បានលើកឡើង​ផងដែរ​ថា ប្រសិនបើ​យើង​ចង់​មើល​ពី​តម្រូវការ​ទីផ្សារ យើង​គួរ​មើល​នៅពេល​អនាគត​ខាងមុខ ហើយ​ជាធម្មតា​អ្នក​ដែល​យល់ដឹងពី​ស្ថានការណ៍​វិជ្ជមាន​ច្រើន​អាច​ទទួលបាន​ភាពជោគជ័យ​ក្នុង​អាជីព​ការងារ​ច្រើនជាង​អ្នក​ដែល​សិក្សា​តាម​គ្នា ឬ​សិក្សា​ដោយ​មើល​ឃើញតែ​ពី​តម្រូវការ​ការងារ​ក្នុង​រយៈពេល​ខ្លី។ លោក​បានបញ្ជាក់​ផងដែរ​ថា ការជ្រើសរើស​ជំនាញ​សិក្សា​ជា​ដំណាក់កាល​សំខាន់​មួយ ហើយ​ការសិក្សា​ជំនាញ​មិន​ត្រឹមត្រូវ​ក៏​អាចធ្វើឱ្យ​យើង​ខាតបង់​ពេលវេលា ថវិកា និង​កម្លាំងកាយ​ចិត្ត​ផងដែរ ហេតុនេះ​ការសម្រេច​ជ្រើស​យក​ជំនាញ​ណាមួយ​យ៉ាងច្បាស់​លាស់​មុនពេល​ចូល​សិក្សា​ជា​ចំណុច​ល្អ​បំផុត​ដែល​យុវជន​គ្រប់គ្នា​អាចធ្វើ​បាន។

លោក ម៉ៅ គង្គា ស្ថាបនិក​កម្ម​វី​ធី អាន​ន្ត ដែលជា​កម្មវិធី​រៀបចំ​សិក្ខាសាលា​ស្តីពី​ការ​រើស​ជំនាញ​ធំ​ប្រចាំឆ្នាំ​បានលើកឡើង​ថា នៅពេល​បច្ចុប្បន្ននេះ យើង​ឃើញ​ហើយ​ថា មាន​ក្រុមហ៊ុន​ឯកជន​ជាច្រើន​បាន​បណ្តាក់ទុន​វិនិយោគ​នៅ​កម្ពុជា ហើយ​ការងារ​ក៏មាន​លក្ខណៈ​ទូលាយ​ខ្លះ​ដែរ តែ​អ្វី​ដែលជា​ចំណុច​ប្រឈម​នោះ​គឺ​ការងារ​ដែលមាន​តម្រូវការ​តិច​មាន​មនុស្ស​រៀន​ច្រើន ហើយ​ការងារ​ដែលមាន​ទីផ្សារ​ទូលាយ​បែរជា​ខ្វះ​មនុស្ស​ធ្វើការ​ទៅវិញ។

ជាក់ស្តែង​ដូច​យើង​បានឃើញ​ហើយ​ថា វិស័យ​សំណង់ និង​ឧស្សាហ​កម្មបាន​រីកចម្រើន​ខ្លាំង ហើយ​ត្រូវការ​បុគ្គលិក​ជំនាញ​ដើម្បី​ធ្វើ​ការងារ តែ​អ្នក​ដែល​សិក្សា​ជំនាញ​វិទ្យាសាស្ត្រ និង​វិស្វកម្ម​មាន​ចំនួន​មិន​ច្រើន​ឡើយ តែ​អ្នក​ដែល​សិក្សា​លើ​ផ្នែក​គ្រប់គ្រង​បែរជា​មាន​ចំនួន​ច្រើន​ខ្លាំង​ទៅវិញ។

លោក ម៉ៅ គង្គា បាន​និយាយថា៖ “នៅពេល​បច្ចុប្បន្ន និង​ទៅ​ថ្ងៃ​អនាគត យើង​ឃើញថា អាជីព​ក្នុង​វិស័យ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា (STEM) ជា​វិស័យ​ដែលមាន​តម្រូវការ​ខ្ពស់ ហើយ​ភាគី​ពាក់ព័ន្ធ​ដែលមាន​ដូចជា​ក្រសួង​អប់រំ និង​ស្ថាប័ន​ជាច្រើន​ទៀត​ក៏​ព្យាយាម​គ្រប់​លទ្ធភាព​ដើម្បី​ជំរុញឱ្យមាន​ការសិក្សា​លើ​ជំនាញ​នេះដែរ តែ​ចំនួន​យុវជន​មួយចំនួន​ហាក់ដូចជា​មិនទាន់​យកចិត្តទុកដាក់​ខ្លាំង​នៅឡើយ។

លោក ម៉ៅ គង្គា បានលើកឡើង​ផងដែរ​ថា​ចំណុច​ដែល​យុវជន​កម្ពុជា​គួរ​ចាប់អារម្មណ៍​មួយទៀត​គឺ​ជំនាញ​បច្ចេកទេស (TVET) ព្រោះ​ជំនាញ​នេះ អាច​នឹង​នៅតែមាន​ទីផ្សារ​ខ្ពស់​នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​ទៀត ព្រោះ​គម្រោងសំខាន់ៗចេះតែ​បន្ត ខណៈ​ប្រទេស​ក៏​កំពុង​អភិវឌ្ឍ​ទៅមុខ​ដែរ។ ទីក្រុង​ត្រូវការ​ការអភិវឌ្ឍ ហើយ​នៅពេល​ដែលមាន​គម្រោង​ស្ថាបនាសំខាន់ៗកើតឡើង​យើង​ត្រូវការ​ធនធានមនុស្ស​គ្រប់ផ្នែក ដែល​ក្នុងនោះ​មធ្យម​បច្ចេកទេស​ក៏​ជា​ផ្នែក​ដែល​កំពុង​ខ្វះ​ធនធានមនុស្ស​មួយ​ដែរ ហេតុនេះ​ប្រសិនបើ​យុវជន​ចាប់អារម្មណ៍ ជំនាញ​នេះ​អាចជា​ជម្រើស​ល្អ។ ថ្វីដ្បិតតែ​វា​មិនមែនជា​ជំនាញ​នៅក្នុង​ម៉ាស៊ីនត្រជាក់ តែ​វា​ជា​ជំនាញ​ដែល​អាចជួយ​ឱ្យ​ជីវិត​កាន់តែ​ប្រសើរ ហើយ​អាចជួយ​សង្គម​ឱ្យ​កាន់តែ​មានការ​អភិវឌ្ឍ​កាន់តែ​លឿន។

ក្រសួង​អប់រំ យុវជន និង​កីឡា និង​អង្គការ STEM បាន​បង្ហាញថា ជំនាញ STEM ជា​ជំនាញ​ដែលមាន​តម្រូវការ​ខ្ពស់​ក្នុង​រយៈពេល 10ឆ្នាំ​ទៀត ហើយ​ជំនាញ​នេះ​អាច​នឹងមាន​សក្តានុពល​ក្នុងការ​ប្រកួតប្រជែង​លើ​ទីផ្សារការងារ​ក្នុង​តំបន់​អាស៊ាន​ថែម​ទៀតផង ព្រោះថ្មីៗនេះ​អាស៊ាន​បាន​ជំរុញ​ឱ្យ​ប្រទេស​ជា​សមាជិក​របស់ខ្លួន​ព្យាយាម​ជំរុញ​ឱ្យ​ទីក្រុងសំខាន់ៗរបស់ខ្លួន​ឱ្យក្លាយ​ជាទី​ក្រុង​ឆ្លាត​វៃ (Smart City) ដែល​ត្រូវការ​បច្ចេកវិទ្យា​ខ្ពស់៕

Advertisement