HTC ដាក់ចេញស្មាតហ្វូន U11 ស្ដារមុខមាត់ថ្មី

ដូចអ្វីដែលព័ត៌មានចចាមអារ៉ាមបានលេចឮមែន ក្រុមហ៊ុន HTC ពិតជាបានដាក់ចេញនូវស្មាតហ្វូនស៊េរីថ្មីត្រកូល U ដើម្បីស្ដារមុខមាត់ដែលធ្លាក់ចុះហៅលែងឮនោះមែន។ ស្មាតហ្វូនថ្មីនេះត្រូវបានបំពាក់ជាមួយនឹងអេក្រង់ទំហំ 5.5 អ៊ីញ Super LCD ជាមួយកម្រិត QHD resolution (2560x1440px)។

HTC U11 បំពាក់ជាមួយនឹងបន្ទះឈីប Snapdragon 835 ជំនាន់ចុងក្រោយរបស់ក្រុមហ៊ុន Qualcomm ដូចនឹងទូរស័ព្ទGalaxy S8 និង Galaxy S8 Plus ដូច្នោះដែរ។ ស្មាតហ្វូននេះមាន Ram ទំហំ 4GB, Memory ក្នុងម៉ាស៊ីនទំហំ 64GB អាចបន្ថែមទំហំបានដល់ទៅ 2TB និងមានថ្មថាមពល 3000mAh អាចសាកបានលឿនលើមុខងារ QuickCharge 3.0។

ចំពោះសមត្ថភាពកាមេរ៉ា U11 អាចថតរូបបានច្បាស់ និងរហ័ស ខណៈវាមានទំហំ 12MP ប្រភេទ UltraPixel 3 មានកម្រិត f/1.7 aperture អាចថតរូបបានល្អទោះបីនៅទីកន្លែងខ្សោយពន្លឺ និងមានភ្ជាប់នូវមុខងារទប់លំនឹង OIS ហើយអាចថតវីដេអូបានក្នុងកម្រិត 4K។ សមត្ថភាពកាមេរ៉ាកម្រិតនេះ ត្រូវបានក្រុមដាក់ពិន្ទុ DxOMark ឱ្យដល់ទៅ 90ពិន្ទុខ្ពស់ជាងទូរស័ព្ទ Google Pixel ដែលបានត្រឹម 89 ប៉ុណ្ណោះ។ អ្វីកាន់តែពិសេសជាងនេះទៀត លោកអ្នកអាចប្រើប្រាស់ HTC U11 ថតរូបភាពជាប្រភេទ RAW Format បានផងដែរ។ កាមេរ៉ានេះអាចថតរូបភាពត្រឹមកម្រិត1080p ប៉ុណ្ណោះ វាមិនអាចថតក្នុងទម្រង់ 4K បាននោះទេ។ កាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះមានទំហំ15MP ដែលអាចថតកម្រិត 150 ដឺក្រេជាប្រភេទ Wide-Angle Lens។ ជាពិសេស វាអាចថតរូបភាព Selfie Panoramas បានផងដែរ។

HTC បានធ្លាក់ចំណូល 9.29% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ 2016។ ចំណូលសរុបមួយរយៈ 4ខែដើមឆ្នាំ 2017នេះ ក្រុមហ៊ុនទទួលបានតែ 635 លានដុល្លារ មានការធ្លាក់ចុះ 6.45% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ 2016 ដោយពេលនោះ HTC ទទួលបាន 676 លានដុល្លារ។

អ្នកវិភាគមួយចំនួនលើកឡើងថា ការបន្តធ្លាក់ចុះនេះ អាចបណ្ដាលមកពីក្រុមហ៊ុន HTC ដាក់ចេញនូវស្មាតហ្វូនដែលមិនត្រូវចិត្តអ្នកប្រើប្រាស់ ខណៈទូរស័ព្ទមកពីក្រុមហ៊ុន Samsung កំពុងតែវាយលុកខ្លាំងលើទីផ្សារស្មាតហ្វូនសកល។ ជាអាទិ៍ស្មាតហ្វូនស៊េរីថ្មី HTC U Ultra និង HTC U Play មិនមានដំណើរការល្អ ការលក់មិនគ្រប់តាមចំនួនដែលបានគ្រោងទុក ធ្វើឱ្យចំណូលបន្តធ្លាក់។

តែទោះបីជាយ៉ាងណា ចំណូលនេះអាចងើបឡើងវិញបន្តិច ប្រសិនបើទូរស័ព្ទ HTC U 11 បង្ហាញខ្លួនមែន។ ការសន្និដ្ឋាននេះ ផ្អែកលើសមត្ថភាពខ្លះដែលព័ត៌មានបែកធ្លាយបានចុះផ្សាយ និងការមើលឃើញពីសម្ទុះនៃការគាំទ្ររបស់អ្នកប្រើប្រាស់៕

Advertisement