4 សំណួរសម្រាប់អ្នកចង់ក្លាយខ្លួនជាគ្រូបង្រៀន

ការជ្រើសរើសអាជីពជាចំណុចអាទិភាពមួយដែលមនុស្សគ្រប់រូបត្រូវគិតគូរ តែអ្នកដែលត្រូវគិតច្រើនជាងគេនោះ គឺអ្នកអប់រំ។ ការងារក្នុងវិស័យអប់រំមិនមែនងាយស្រួលដូចការគិតរបស់មនុស្សមួយចំនួននោះទេ ហើយការងារជាគ្រូបង្រៀនក៏ជាការងារមួយដែលអាចសម្រេចវាសនាមនុស្ស និងជីវិតខ្លួនឯងផ្ទាល់បាន។

មុននឹងជ្រើសរើសយកអាជីពជាគ្រូបង្រៀន អ្នកស្រាវជ្រាវផ្នែកអប់រំ នៃគេហទំព័រល្បីៗដូចជា Education world ឬThe Athlantic Education ជាដើម រួមជាមួយគ្រូបង្រៀនល្បីៗលើពិភពលោកបានកំណត់យកវិធីសាស្រ្តមួយចំនួនដើម្បីទុកជាគំនិតសម្រាប់អ្នកដែលចង់ក្លាយជាគ្រូបង្រៀនពិចារណាមុននឹងសម្រេចចិត្តធ្វើការងារនៅក្នុងអាជីពមួយនេះ។

១. តើអ្នកអាចគ្រប់គ្រងការងារបម្រើសេវាអតិថិជន (Customer Service) បានទេ?
ការងារជាគ្រូបង្រៀនជាការងារដែលត្រូវជួបមនុស្សច្រើន ដែលខុសប្លែកពីការងារបម្រើសេវាអតិថិជន (customer service) ដទៃទៀត។ ក្នុងនាមជាមន្ត្រីរាជការស៊ីវិល ដែលបម្រើការងារលើផ្នែកអប់រំ ការងារនេះត្រូវប្រឈមមុខជាមួយនឹងការទំនាក់ទំនងជាច្រើន ដូចជាការទាក់ទងដោយផ្ទាល់ចំពោះតម្រូវការរបស់សិស្ស ការទាក់ទងជាមួយអាណាព្យាបាលរបស់សិស្ស ហើយព័ត៌មានផ្ទាល់ខ្លួនរបស់គ្រូបង្រៀនមួយចំនួនក៏ត្រូវបានបង្ហាញផងដែរ។ អ្នកនឹងត្រូវធ្វើរបាយការណ៍ពីថ្នាក់រៀន ពីការបង្រៀន រាយការណ៍ពីការវិវឌ្ឍ រួមទាំងកម្មវិធីបង្រៀនជាច្រើនផ្សេងទៀតទៅសាលា និងអាណាព្យាបាល។ ក្រៅពីនេះ អ្នកនឹងត្រូវក្លាយជាអ្នកសម្របសម្រួលរវាងសិស្ស និងសិស្ស សិស្ស និងអាណាព្យាបាល អាណាព្យាបាល និងសាលាជាដើម។ គ្រប់គ្នាជាអតិថិជនរបស់គ្រូបង្រៀន ហើយគ្រប់គ្នាគឺសុទ្ធតែជាបុគ្គលអាទិភាពដែលអ្នកត្រូវយកចិត្តទុកដាក់។

២. តើអ្នកស្រឡាញ់ការដោះស្រាយបញ្ហាដែរឬទេ?
ការដោះស្រាយបញ្ហាបន្ទាន់ៗជាអ្វីដែលអ្នកអប់រំ ជាពិសេសគ្រូបង្រៀនត្រូវតែបានជួបនៅក្នុងអាជីព។ បញ្ហានានានឹងចូលមករៀងរាល់ពេលដែលអ្នកធ្វើការ មិនត្រឹមតែក្នុងម៉ោងបង្រៀនប៉ុណ្ណោះទេដែលអ្នកត្រូវដោះស្រាយបញ្ហា ពេលខ្លះពេញមួយថ្ងៃអ្នកមានបញ្ហាត្រូវដោះស្រាយរហូត។ មានសិស្សច្រើនណាស់ដែលចាប់យកមិនបានពីអ្វីដែលអ្នកបានបង្រៀន រឿងហ្នឹងហើយដែលទាមទារឱ្យមានចម្លើយសម្រាប់ពួកគេ។ អ្នកត្រូវដោះស្រាយបញ្ហានានាដែលមាននៅក្នុងការបង្រៀន ជាមួយមិត្តរួមការងារ និងជាមួយសាលា ដែលពេលខ្លះគ្រប់បញ្ហាទាំងអស់នេះអាចនឹងធ្វើឱ្យអ្នកធុញ តែពេលខ្លះទៀតវាអាចធ្វើឱ្យអ្នកពេញចិត្ត និងមោទនភាពជាមួយនឹងជំនួយរបស់អ្នកដែលបានឱ្យទៅកាន់មនុស្សគ្រប់គ្នានោះ។

៣. តើអ្នកស្រឡាញ់សហគមន៍ដែរឬទេ?
ជាការពិតណាស់ ពេលខ្លះគ្រូបង្រៀន មិនមែនបង្រៀនតែនៅក្នុងតំបន់ដែលខ្លួនរស់នៅរាល់ថ្ងៃនោះទេ ហើយពួកគាត់ក៏មិនមានភាពចាំបាច់អីដែលត្រូវដើរទៅគ្រប់ទីកន្លែងនោះដែរ តែពួកគាត់ត្រូវស្គាល់ផ្នែកភាគច្រើននៃសហគមន៍តាមដែលអាចធ្វើទៅបាន។ គ្រូបង្រៀនត្រូវស្គាល់ពីវប្បធម៌ របៀបរបបនៃការរស់នៅរបស់មនុស្សក្នុងសហគមន៍ កម្រិតយល់ដឹងរបស់អាណាព្យាបាលរបស់សិស្ស កន្លែងសំខាន់ៗដែលគ្រូបង្រៀនគិតថាមានសារៈសំខាន់សម្រាប់ការរស់នៅ ដើម្បីអាចធ្វើជាទុននៃគំនិតសម្រាប់ការស្វែងយល់ឱ្យច្បាស់ពីតម្រូវការរបស់សិស្ស។ គ្រូបង្រៀនត្រូវដឹងពីប្រភពរបស់សិស្ស ដើម្បីងាយស្រួលផ្តល់ឱ្យពួកគេនូវអ្វីដែលពួកគេចង់បាន ហើយក្លាយខ្លួនជាបុគ្គលដែលគូរឱ្យគោរពម្នាក់សម្រាប់កូនសិស្ស និងអាណាព្យាបាលរបស់ពួកគេ។

៤. តើអ្នកចូលចិត្តការសម្តែងដែរឬទេ?
គ្រូបង្រៀនគឺជាអ្នកសម្តែងដែលពោរពេញទៅដោយសិល្បៈ និងប្រកបដោយចំណេះដឹង។ ក្នុងចំណោមរឿងរ៉ាវដែលគ្រូបង្រៀនត្រូវធ្វើក្នុងអាជីពរបស់ខ្លួន ការសម្តែង ឬសកម្មភាពនៅលើឆាកគឺមានប្រហែលជា 85% ដើម្បីធ្វើបទបង្ហាញ ឬពន្យល់ពីមេរៀនថ្មីៗដែលទាក់ទាញ។

ការបង្រៀនមិនមែនងាយស្រួលដោយគ្រាន់តែនិយាយឱ្យតែរួចពីមាត់នោះទេ តែត្រូវមានសិល្បៈក្នុងការនិយាយ ព្រមទាំងដឹងពីកាលៈទេសៈក្នុងការអូសទាញចិត្តសិស្សឱ្យរីករាយជាមួយនឹងការអប់រំ ដើម្បីផ្លាស់ប្តូរពួកគេឱ្យក្លាយជាធនធានដ៏សំខាន់សម្រាប់សង្គមនាពេលអនាគត៕

Advertisement