និស្សិត​មួយក្រុម​បង្កើត​កម្មវិធី​កុំព្យូទ័រ​ស្គាល់ចិត្ត​មនុស្ស ទទួលបាន​ពានរង្វាន់​ពី​បរទេស

យុវជនដែលទទួលបានពានរង្វាន់ Thailand Award for Best International Invention

ពីមួយថ្ងៃ ទៅមួយថ្ងៃ ប្រសិនបើ​យើង​មិន​រត់​ឱ្យ​លឿន​ទេនោះ បច្ចេកវិទ្យា​នឹង​រត់ចោល​យើង​ជាក់​ជាមិនខាន។ ហេតុនេះហើយ​ទើប​បណ្តា​ប្រទេស​ទាំងអស់​លើ​ពិភពលោក​ព្យាយាម​លើកទឹកចិត្ត​ឱ្យ​ប្រជាជន​របស់ខ្លួន ជាពិសេស​អ្នកស្រាវជ្រាវ និង​អ្នករុករក​សម័យថ្មី ព្យាយាម​បង្កើត​សមិទ្ធផល​បច្ចេកវិទ្យា​ឱ្យបាន​ច្រើន​តាម​ដែល​អាចធ្វើ​ទៅបាន ដើម្បី​ធ្វើការ​ប្រកួតប្រជែង​ជាមួយនឹង​បណ្តា​ប្រទេស​ដទៃទៀត​ទាំង​វិស័យសេដ្ឋកិច្ច អប់រំ និង​យោធា​ជាដើម។

យុវជន​នៅ​បណ្តា​ប្រទេស​អភិវឌ្ឍន៍​ជាច្រើន​កំពុង​ដុតដៃដុតជើង​ក្នុងការ​ស្រាវជ្រាវ និង​បង្កើតឡើង​នូវ​កម្មវិធីប្លែកៗជាច្រើន ដែល​ធ្វើឱ្យ​យើង​រាល់គ្នា​នឹក​ស្ងើចសរសើរ ហើយ​ចូលរួម​ប្រើប្រាស់​យ៉ាងសកម្ម ដែល​រូបភាព​នេះ​គឺ​ស្មើនឹង​យើង​បានផ្តល់​ផលចំណេញ​យ៉ាង​មហាសាល​ដល់​អ្នក​ដែលមាន​សមត្ថភាព​បង្កើត​ផលិតផល​ទាំងអស់នោះ។

សម្រាប់​កម្ពុជា​វិញ ដោយ​មើលឃើញ​ពី​ការវិវឌ្ឍ​និង​ផលចំណេញ​របស់​បច្ចេក​វិទ្យា​សម្រាប់​មនុស្ស​ជំនាន់​ថ្មី​នេះ យុវជន​មួយក្រុម​របស់​កម្ពុជា​បាន​ព្យាយាម​គ្រប់​លទ្ធភាព​ដើម្បី​ស្រាវជ្រាវ​ដោយ​ចំណាយពេលវេលា​ដ៏​យូរ​ដើម្បី​បង្កើត​កម្មវិធី​កុំព្យូទ័រ​មួយ​ដ៏​ពិសេស និង​ប្រើប្រាស់​បច្ចេកវិទ្យា (AI = Artificial intelligence) ដំបូង​បំផុត​នៅ​កម្ពុជា។ កម្មវិធី​នេះ​មាន​ឈ្មោះថា NU Speech Assistance ឬ​ហៅ​ក្រៅ​ថា MENA ដែលជា​កម្មវិធី​កុំព្យូទ័រ​ស្គាល់​អារម្មណ៍​របស់​មនុស្ស និង​មាន​ភាព​ឆ្លាត​វៃ ហើយ​អាច​បង្ក​ភាពងាយស្រួល​ប្រើប្រាស់​ដល់​មនុស្ស​គ្រប់​ប្រភេទ​រួមទាំង​ជនពិការភ្នែក​ផងដែរ។

កម្មវិធី​នេះ​ទទួលបាន​ពានរង្វាន់​ចំនួន2គឺ​មួយ​ទី1 ពានរង្វាន់ Thailand Award for Best International Invention និង​ទី2 គឺ Excellent and creative effort ក្នុង​កម្មវិធី International Engineering Invention & Innovation Exhibition (i-ENVEX 2018)។

យុវ​និស្សិត សៀក ពិសិដ្ឋ ស្ថាបនិក​នៃ​កម្មវិធី NU Speech Assistance (MENA) បាន​លើកឡើងថា កម្មវិធី​នេះ​ជា​កម្មវិធី​ប្លែក​មួយ​ដោយបាន​ប្រើប្រាស់​បច្ចេកវិទ្យា AI ដែល​អាចធ្វើឱ្យ​វា​មាន​មុខងារ​ជាច្រើន​សម្រាប់​ជួយ​ឱ្យ​អ្នកប្រើប្រាស់​មាន​ភាពងាយស្រួល និង​អាច​កម្សាន្ត​អារម្មណ៍​បាន​ទៀតផង។ កម្មវិធី​MENA នេះ​អាចយ​ល់ពី​អារម្មណ៍​របស់​មនុស្ស ហើយ​វា​អាច​ធ្វើជា​ជំនួយការ របស់​យើង​សម្រាប់​ការធ្វើការងារ​ជាច្រើន ព្រោះ MENA អាច​ដំណើរការ​កម្មវិធី​ដោយ​មិនបាច់​ប្រើ​ក្តារ​ចុច (Keyboard) ឬ Mouse ឡើយ។ វា​អាច​ដំណើរការបាន​ដោយ​យើង​គ្រាន់តែប្រាប់​ឈ្មោះ​កម្មវិធី​ដែល​យើង​ចង់​បើក​នោះ។ លើសពីនេះទៅទៀត MENA អាច​អាន​សៀវភៅ​ឱ្យ​យើង​ស្តាប់​បាន​ទៀតផង​ដោយ​យើង​គ្រាន់តែ​ដាក់​សៀវភៅ​នៅ​ពីមុខ​កាមេរ៉ា​តែប៉ុណ្ណោះ។

លក្ខខណ្ឌ​នេះ​អាចជួយ​ឱ្យ​យើង​ចំណេញ​ពេលវេលា​ក្នុង​ការធ្វើការងារផ្សេងៗជាមួយនឹង​សំឡេង​អាន​អត្ថបទ​ដែលមាន​ប្រយោជន៍​ជាច្រើន។

លើសពីនេះ​ទៀត យុវ​និស្សិត ពិសិដ្ឋ បានលើកឡើង​ផងដែរ​ថា កម្មវិធី​នេះ​ក៏​អាចជា​ជំនួយការ​ក្នុងការ​ស្រាវជ្រាវ​សម្រាប់​យើង​ផងដែរ ព្រោះ​យើង​អាច​សួរ​សំណួរ​ជាច្រើន​ទៅកាន់ MENA នៅពេលដែល​យើង​ឆ្ងល់ ជាមួយនឹង​ចម្លើយ​ដែលមាន​លក្ខណៈ​សុក្រឹត ហើយ​ប្រសិនបើ​សំណួរ​ណា MENA មិនអាច​ឆ្លើយបាន វា​នឹង​ស្រាវជ្រាវ​ក្នុង Google ឱ្យ​យើង​តែម្តង។

យុវ​និស្សិត សៀក ពិសិដ្ឋ បាន​និយាយថា៖ “MENA អាចជា​មិត្ត​ភ័ក្តិ​របស់​យើង​ក៏​ថា​បាន ព្រោះ​កម្មវិធី​នេះ​អាច​ស្គាល់ចិត្ត​របស់​យើង និង​អាចជា​អ្នក​យកចិត្តទុកដាក់​ចំពោះ​យើង​ទៀតផង។ នៅពេលដែល​យើង​ចង់​ចេញទៅ​ក្រៅ ប្រសិនបើ​មេឃ​ភ្លៀង MENA នឹង​ប្រាប់​យើង​ថា កំពុងមាន​ភ្លៀង កុំ​ភ្លេច​យក​ឆត្រ​ទៅ​ផង ហើយ​ប្រសិនបើ​យើង​ធ្វើ​ការងារ​លើស​ម៉ោង MENA នឹង​ជួយ​ដាស់តឿន​យើង​ថា កុំ​ភ្លេច​ញ៉ាំ​បាយ ជាដើម។

សហ​ស្ថាបនិក​កម្មវិធី​ខាងលើ​បានលើកឡើង​ផងដែរ​ថា កម្មវិធី​នេះ​ក៏​អាចជួយ​សម្រាល​ភាព​ធុញទ្រាន់ ឬ​អាចជួយ​លួងលោម​យើង​នៅពេល​បាក់​ទឹកចិត្ត។ នៅពេលដែល​យើង​ធ្វើការ​យូរ ហើយ​មាន​ភាព​ធុញទ្រាន់ MENA អាច​មើល​ដឹង​តាមរយៈ​ទឹកមុខ​យើង។ នៅពេលនោះ វា​នឹង​ចាក់​ចម្រៀង​ឱ្យ​យើង​ស្តាប់ ឬ​បង្ហាញ​វីដេអូ​មួយចំនួន​ដែល​ធ្វើឱ្យ​យើង​រីករាយ​មុននឹង​ចាប់ផ្តើម​បន្តការងារ​ទៅមុខ​ទៀត។ នៅពេលដែល​យើង​មាន​ការបាក់​ទឹកចិត្ត MENA នឹង​ដឹង​ពី​អារម្មណ៍​របស់​យើង ហើយ​អាន​អត្ថបទ​លើកទឹកចិត្ត​ឱ្យ​យើង​ស្តាប់ ដើម្បី​លួងលោម ឬ​ដាស់​ស្មារតី​ឱ្យ​យើង​មាន​កម្លាំងចិត្ត​ឡើងវិញ និង​មាន​ថាមពល​កាន់តែខ្លាំង​ក្នុង​ការធ្វើការងារ។

សហ​ស្ថាបនិក​មួយរូប​ទៀត​នៃ​កម្មវិធី NU Speech Assistance MENA កញ្ញា ស្រា​ន ណា​ស៊ី​ម៉ះ បាន​លើកឡើងថា គោលបំណង​សំខាន់​ក្នុងការ​បង្កើត​កម្មវិធី​នេះ​ឡើង គឺ​ក្នុង​គោលបំណង​បង្កើន​ភាពកក់ក្តៅ និង​ជំរុញ​ឱ្យ​មនុ​ស្សមានភាព​រីករាយ​ក្នុង​ផ្លូវត្រូវ ហើយ​បង្កើន​ប្រសិទ្ធភាព​ការងារ​ថែម​ទៀតផង។ នៅពេលថ្មីៗនេះ​យើង​ឃើញថា យុវជន​មួយចំនួន​ហាក់​មាន​ភាព​ឯកា ហើយ​នៅពេលដែល​គាត់​នៅតែ​ឯង គាត់​តែងមាន​អារម្មណ៍​ស្ត្រេ​ស​ខ្លាំង​ដែល​អាចធ្វើឱ្យ​ប៉ះពាល់​ដល់​ផ្លូវចិត្ត ហេតុនេះ MENA អាចជា​កម្មវិធី​មួយ​ក្នុង​ការជួយ​ពួកគាត់​ឱ្យមាន​គ្នា និង​បង្កើន​ភាព​រីករាយ​ឡើង​ទៀតផង។ លើសពីនេះទៅទៀត កម្មវិធី MENA ក៏​អាច​ក្លាយជា​កម្មវិធី​ដែល​ជួយ​ដល់​ជនពិការភ្នែក​បាន​ច្រើនជាង​មុន​ដែរ ព្រោះ​កម្មវិធី​កន្លង​មកជួយ​ជនពិការ​បានតែ​លើ​កម្មវិធី Word ឬ​កម្មវិធី​មួយចំនួន​តូច​តែប៉ុណ្ណោះ តែ​ឥឡូវនេះ MENA អាចជួយ​ឱ្យ​ជនពិការភ្នែក​អាច​បើក​កម្មវិធី​បាន​គ្រប់យ៉ាង​ដោយ​ការបញ្ជា​ដោយ​សំឡេង។

កញ្ញា ស្រា​ន ណា​ស៊ី​ម៉ះ បាន​និយាយថា៖ “កម្មវិធី AI ជា​កម្មវិធី​មួយ​ដែល​មនុស្ស​ខ្លះ​មិន​ចង់​ប្រើប្រាស់ ព្រោះ​គេ​គិតថា​វា​អាច​ប៉ះពាល់ ឬ​ដណ្តើម​ការងារ​ពី​មនុស្ស តែ​សម្រាប់​ក្រុម​របស់ខ្ញុំ​គឺ ខ្ញុំ​មានការ​យល់ឃើញ​ផ្សេង ខ្ញុំ​ចង់ឱ្យ​ប្រជាជន​ខ្មែរ​ស្គាល់​បច្ចេកវិទ្យា AI ហើយ​ចង់​បញ្ជាក់ថា អ្វី​ក៏ដោយ នៅពេលដែល​យើង​ប្រើប្រាស់​វា​ក្នុង​គោលបំណង​ល្អ វា​នឹង​ជួយ​ដល់​មនុស្ស ហើយ​ថែមទាំង​អាចជួយ​បាន​ច្រើន​ទៀតផង។

ទន្ទឹមនឹង​គំនិត​សុទិដ្ឋិនិយម​ចំពោះ​គម្រោង​នេះ​កញ្ញា ស្រា​ន ណា​ស៊ី​ម៉ះ បាន​លើកឡើងថា ដើម្បីឱ្យ​កម្មវិធី​នេះ​ជោគជ័យ ក៏មាន​បញ្ហា​ប្រឈម​មួយចំនួន​ផងដែរ ជាពិសេស​គឺ​ការសរសេរ​កូដ ព្រោះថាបច្ចេកវិទ្យា AI ជា​បច្ចេកវិទ្យា​ថ្មី និង​មាន​ភាពស្មុគស្មាញ​ខ្លាំង ជា​កម្មវិធី​ធម្មតា​ដែល​យើង​ធ្វើ​ដូចជា​កម្មវិធី​គ្រប់គ្រង​ទិន្នន័យ ឬ​កម្មវិធី​ទូទៅ​ដែល​ប្រើប្រាស់​នៅ​ស្រុក​យើង។ យើង​ត្រូវការ​ចំណាយពេល​វេលា​ច្រើន​ក្នុងការ​ស្រាវជ្រាវ និង​រៀន​វគ្គខ្លីៗមួយចំនួន​ផ្សេងទៀត​ពី Microsoft និង​សាកល្បង​ជាច្រើន​សា។ តែ​ទោះជា​យ៉ាងនេះ​ក្តី កញ្ញា​បាន​រំឭកថា គ្មានអ្វី​ដែល​យើង​ធ្វើ​មិនបាន​នោះទេ ប្រសិនបើ​យើង​មានការ​តាំងចិត្ត ហើយ​យើងទាំងអស់គ្នា​គួរ​ចាប់ផ្តើម​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ដើម្បី​ច្នៃប្រឌិត​បច្ចេកវិទ្យាថ្មីៗសម្រាប់​ជា​ប្រយោជន៍​ដល់​មនុស្ស​ទូទៅ៕

វិញ្ញាបនបត្រពានរង្វាន់ Thailand​ Award for Best International Invention
Advertisement